កម្ពុជា​​-​កូរ៉េ​​ខាង​ត្បូង​​ផ្តើម​​ចរចា​​កិច្ច​​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​​សេរី​​ជា​មួយ​គ្នា​​នៅ​​ខែ​ក្រោយ​​

កំពង់ផែនៅខេត្តព្រះសីហនុ ថតពីចម្ងាយ កាលពីឆ្នាំ២០១៨។ (ហេង វិចិត្រ)

កូរ៉េ​ខាងត្បូង​ អះអាង​ថា ​ខ្លួន​នឹង​ចាប់ផ្តើម​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​នៅ​ខែក្រោយ​នេះ បន្ទាប់ពី​សិក្សា​លើ​សក្តា​នុ​ពល​ពាណិជ្ជកម្ម​ពីគ្នា​ទៅវិញទៅមក​រួច។

សារព័ត៌មាន​កូរ៉េ​ខាងត្បូង (KBS​) បាន​ចុះផ្សាយ​ថា កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ លោក ហុង ណាំ​គី​ (Hong Nam​-Ki) បាន​និយាយ​ថា រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នឹង​ព្យាយាម​ចាប់ផ្តើម​ការចរចា​ស​ម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​កម្ពុជា​ក្នុង​ខែកក្កដា​ខាងមុខនេះ។

លោក ហុង ណាំគី បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​ពាក់ព័ន្ធ​កូរ៉េ​នៅ​ទីក្រុង​សេអ៊ូល​ថា៖ «ប្រទេស​ទាំងពីរ​បាន​បញ្ចប់​ការសិក្សា​រួមគ្នា​ស្តី​ពី​សក្តា​នុ​ពល​ពាណិជ្ជកម្ម​សេរី (FTA​) កាលពី​ចុងខែ​មុន ជាមួយនឹង​ការ​បើកសវនាការ​ជា​សាធារណៈ​ពាក់ព័ន្ធ​កាលពី​សប្តាហ៍​មុន»។

រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​រូប​នេះ និយាយ​ទៀត​ថា រដ្ឋាភិបាល​កូរ៉េ​ខាងត្បូងនឹង​រាយការណ៍​អំពី​បញ្ហា​នេះទៅ​រដ្ឋសភា​របស់​ខ្លួន និង​បញ្ចប់​នីតិវិធី​ក្នុង​ស្រុក​នៅ​ចុងខែ​នេះ ដើម្បី​ចាប់ផ្តើម​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​សេរី (FTA​) ជាមួយ​កម្ពុជា​នៅ​ខែក្រោយ។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក ស៊ាង ថៃ ឱ្យ VOD ដឹង​នៅ​ថ្ងៃនេះ​ថា ក្រសួង​បាន​បញ្ចប់​ការសិក្សា​ពី​សក្តា​នុ​ពល​នៃ​កិច្ច​ព្រមព្រៀង​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង​នាពេល​ថ្មី​ៗនេះ ក្រោយពី​ភាគី​ទាំងពីរ​បាន​ចុះ​អនុសារណៈ​នៃ​ការយោគយល់​គ្នា ​(MoU​) ពាណិជ្ជកម្ម​កាលពី​ចុងឆ្នាំ២០១៩។

មន្ត្រី​រូប​នេះ ​អះ​អា​ងថា តាម​ការសិក្សា​រួមគ្នា​ បើ​កម្ពុជា​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង កម្ពុជា​អាច​នាំចេញ​ផលិតផលបន្ថែម​ទៀត​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ នូវផលិតផល​កាត់ដេរដូចជា​ សម្លៀកបំពាក់ និង​ស្បែកជើង។ លោក​ថា​ ចំណែក​ភាគី​កូរ៉េវិញ​ អាច​នាំចូល​មក​កម្ពុជាបានដូចជា គ្រឿងចក្រ និង​កុំព្យូទ័រ។

លោក​ថា៖ «មួយទៀត​ យើង​ក៏អាច​ទាក់ទាញ​វិ​និ​យោ​គគិ​នល្អ​ៗ មកកាន់​ប្រទេស​យើង​បន្ថែម​ទៀត។ ខ្ញុំ​ចង់​បញ្ជាក់​វិនិយោគិន​ និងការដែល​បើក​រោងចក្រ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ ហើយ​គេ​អាច​ផ្ទេរ​បច្ចេកវិទ្យា​មកកាន់​ប្រទេស​យើង​បន្ថែម​ទៀត​ដែរ»។

បើ​តាម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ការចរចា FTA ជាមួយ​កូរ៉េ​ខាងត្បូង នឹង​មិន​អាច​បញ្ចប់​នៅ​ត្រឹម​ដំណាច់​ឆ្នាំ២០២០នេះ​ទេ។ ប៉ុន្តែ​ថា ការចរចា​កិច្ច​ព្រមព្រៀង​ដូចគ្នា​នេះ​ជាមួយចិន អាច​នឹង​ចប់​នៅ​ចុងឆ្នាំ​នេះ។

ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​នានា​មាន​ដូចជា ចិន និង​កូរ៉េ​ខាងត្បូង​ របស់​កម្ពុជា​នា​ពេលនេះ ធ្វើឡើង​ស្របពេល​កម្ពុជា​ប្រឈម​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នៅ​ខែសីហា​ខាងមុខ។ 

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ លោក មឿន តុលា បង្ហាញ​ការ​ព្រួយបារម្ភ​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាច​នឹង​ធ្វើឱ្យកម្ពុជា​រងគ្រោះ។

លោក​ថា៖ «កាលណា​យើង​អត់​ពង្រឹង​កសិកម្ម​ និង​ផលិត​ក្នុង​ស្រុក​ទេ​ យើង​នឹងទៅជា​ប្រទេស​រងគ្រោះ​ដោយសារ​ប្រព័ន្ធ FTA ហ្នឹង។ ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ហ្នឹង​មានន័យថា យើង​អត់មាន​អី​នាំចេញ​នឹងគេ យើង​មានតែ​នាំចូល​ពី​ប្រទេស​គេ ហើយ​នាំចូល​ដោយ​អត់​បង់ពន្ធ​ទៀត អ៊ីចឹង​វា​នាំឱ្យ​ការនាំចូល​គំហុក​ពី​ប្រទេស​គេ។ វា​នឹង​សម្លាប់​ផលិតផល​ក្នុង​ស្រុក​តែម្តង»។

បើ​តាម​លោក មឿន តុលា ប្រព័ន្ធFTA លើកលែង​ពន្ធចំពោះ​ប្រទេស​ណាដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ប៉ុន្តែ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កម្ពុជា​បានផល​ច្រើនជាង​ ព្រោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​នៅ​អឺរ៉ុប​ កម្ពុជា​រួច​ពន្ធ តែ​ប្រទេស​នៅ​អឺរ៉ុប​នាំ​ទំនិញ​ចូល​កម្ពុជា​វិញ​ ត្រូវ​បង់ពន្ធ។

បើ​តាម​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី៣ ខែកុម្ភៈ​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-កូរ៉េ​ខាងត្បូង​ ឆ្នាំ២០១៩ មាន​ជាង ១ពាន់​លាន់​ដុល្លារ ​(១,០៣២ដុល្លារ​) ក្នុង​នោះ​ កម្ពុជា​នាំចេញ​ទៅ​កូរ៉េ​ខាងត្បូង​ មាន ៣៣៥លាន​ដុល្លារ កូរ៉េ​ខាងត្បូង​នាំចូល​មក​កម្ពុជា ៦៩៦លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ