រដ្ឋា​ភិបាល​​បញ្ចប់​​មុខ​តំណែង​​ទី​ប្រឹក្សា ​និង​​ជំនួយ​ការ​​នៅ​​តាម​​ក្រសួង​​ចំនួន​៤​

ពលរដ្ឋបើកបរយាន្តយន្តឆ្លងកាត់​​អគារ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលស្ថិតនៅតាម​មហាវិថី​ព្រះមុនីវង្ស។ (រូបភាព៖ ជន ចាន់រ៉ែន)

ប្រមុខ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​បញ្ចប់​មុខតំណែង​ទាំងអស់​របស់​ទីប្រឹក្សា​ជំនួយការ ដែល​ស្ថិតនៅ​ក្នុង​តួនាទី​ចំនួន៦ នៅក្នុង​ក្រសួង​ចំនួន ៤ផ្សេងគ្នា។

ក្នុង​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល​ ចុះផ្សាយ​កាលពី​ថ្ងៃទី១០ ខែមិថុនា​នេះ បាន​ឱ្យដឹង​ថា រដ្ឋាភិបាល​បានសម្រេច​បញ្ចប់​មុខតំណែង​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែល​មាន​ឋានៈ​ស្មើ អម​ថ្នាក់ដឹកនាំ អម​ក្រសួង នៅ​ក្រសួង​យុត្តិធម៌ ក្រ​សួង​ប្រៃស​ណីយ៍ និង​ទូរគមនាគមន៍ ក្រសួងធម្មការ និងសាសនា ក្រសួង​មុខងារ​សាធារណៈ ដែល​បាន​តែងតាំង​ដោយ​អនុក្រឹត្យ​មុន​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ប្រាប់​វី​អូ​ឌី​បន្ថែម​លើ​ខ្លឹម​អនុក្រឹត្យ​នោះ​ថា ដើមចម​ដែល​នាំឱ្យរដ្ឋាភិបាល​បញ្ចប់​មុខងារ​មន្ត្រី និង​ជំនួយការ​នៅ​តាម​ក្រសួង​ទាំងនោះ ដោយសារតែ​រដ្ឋាភិបាល​បាន​ប្តូរ​រដ្ឋមន្ត្រី​ថ្មី​ជំនួស​មកវិញ។ ចំណែក​មន្ត្រី ឬជំនួយការ​ដែល​ធ្វើការងារ​ជាមួយ​រដ្ឋមន្ត្រី​ចាស់​ ត្រូវ​បញ្ចប់​តួនាទីដោយ​ស្វ័យប្រវត្តិ។

លោក​ ផៃ ស៊ី​ផាន បញ្ជាក់​ថា តាមច្បាប់​ រដ្ឋមន្ត្រី​ថ្មី មាន​សិទ្ធិ​ជ្រើសរើស​មន្ត្រី ទីប្រឹក្សា និង​ជំនួយការ​ជាថ្មី​បាន​ ក្រោយពេល​ចូលកាន់​តំណែង។

លោក​មានប្រសាសន៍​ថា៖ «រំសាយ​ហ្នឹង​ មន្ត្រី​អាណត្តិ ជំនួយការ ទីប្រឹក្សា​ជាម​ន្ត្រី​អាណត្តិ បាន​សេចក្តី​ថា មន្ត្រី​ទាំងអស់​នោះ​ ពួក​គេ​ទទួល​តំណែង​ និង​ការងារ​តាម​អាណត្តិ​របស់​រដ្ឋមន្ត្រី​របស់​ខ្លួន បើ​មន្ត្រី​នោះ​ទៅបាត់​ហើយ គាត់​អត់មាន ​[តួនាទី​ទៀត​] ទេ រំសាយ​ទាំងអស់​ហើយ»។

នៅពេល​សួរ​ថា តើ​ការ​បញ្ចប់​មុខតំណែង​មន្ត្រី និង​ជំនួយការ​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​នាក់​ដែរ​? លោក ផៃ ស៊ី​ផាន ឆ្លើយ​យ៉ាង​ខ្លី​ថា មិនដឹង​នោះ​ទេ ដោយ​បង្វែរ​សំនួរ​ឱ្យទៅ​ក្រសួង​មុខងារ​សាធារណៈ​វិញ។

ចំណែក អ្នកនាំពាក្យ​មុខងារ​សាធារណៈ លោក យក់ ប៊ុណ្ណា សុំ​មិន​ធ្វើការ​បកស្រាយ​ជុំវិញ​ករណីនេះ ដោយ​លោក​ថា នឹង​ជួយ​រក​តួលេខ​អ្នក​ដែល​ត្រូវ​បញ្ចប់​មុខតំណែង រួច​ផ្ញើរ​បាយ​ការណ៍​មក​អ្នកសារព័ត៌មាន​វិញ។ 

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍​ថា ការ​បញ្ចប់​មុខតំណែង​មន្ត្រី និង​ជំនួយការ​មួយចំនួន​នៅ​តាម​ស្ថាប័នរដ្ឋ​ចំនួន ៤នោះ អាច​ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ បន្ទាប់ពី​កម្ពុជា​មាន​ជំងឺ​កូ​វីដ១៩។ 

លោក ឯម សុវណ្ណរ៉ា ផ្តល់​ជា​អនុសាសន៍​ថា រដ្ឋាភិបាល​គួរតែ​ធ្វើ​កំណែទម្រង់​បញ្ចប់​មុខតំណែង​មន្ត្រី និង​ជំនួយការ​នៅ​តាម​ក្រសួង​ទាំងអស់ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន សម្រាប់​ការ​ចំណាយ​ថវិកាជាតិ។ 

លោក​ផ្តល់​ជា​អនុសាសន៍​ថា៖ «បើជា​ទស្សនៈ​ខ្ញុំ បើសិនជា​មានការ​កាត់បន្ថយ​បាន វា​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ថវិកាជាតិ ប្រសិនបើ​អាច​ធ្វើ​បាន​ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល​ទាំងមូល ​រឹតតែ​មានការ​ប្រសើរ​ឡើង»។

ដោយសារ​ឥទ្ធិពល​នៃ​មេរោគ​កូ​វីដ១៩ ដែល​ផ្ទុះឡើង​នៅដើម​ឆ្នាំ២០២០នេះ រដ្ឋាភិបាល​បានសម្រេច​ធ្វើ​កែទម្រង់​ជាបន្តបន្ទាប់ ដោយ​កាត់បន្ថយ​ការ​ចំណាយ​នៅ​តាម​ក្រសួង ស្ថាប័នរដ្ឋ និង​កាត់បន្ថយ​ការ​ចំណាយ​ថវិកាជាតិ​ទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ