ពលរដ្ឋ​​ជាង​១០០​នាក់​​នៅ​​ព្រះ​វិហារ​​រក​​អន្តរា​គមន៍​​ពី​​ប្រមុខ​​រដ្ឋា​ភិបាល​​ដោះ​ស្រាយ​​វិវាទ​​ដី​ធ្លី​​

ពលរដ្ឋមាន​ជម្លោះដីធ្លី​ជាមួយក្រុមហ៊ុនមេត្រីភាព មក​ពី​ភូមិ​អន្ទិល ​និងភូមិ​រស្មី ឃុំ​យាង ស្រុក​ជាំក្សាន្ត​ ខេត្តព្រះវិហារ កំពុង​ពិភាក្សា​រកដំណោះស្រាយជាមួយ មន្ត្រីក្រសួងរៀបចំដែនដី នៅក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (រូបថត៖ ហ៊ី ឆាយ)

ក្រុម​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនមេ​ត្រី​ភាព ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​ នៅ​ថ្ងៃនេះ បាន​ស្វែងរកកិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បីឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ។

អ្នកភូមិ​មាន​ជម្លោះដីធ្លី​ប្រហែល​ជាង ១០០នាក់ តំណាង​ឱ្យពលរដ្ឋ​ជាង ១ពាន់​គ្រួសារ​ មក​ពី​ភូមិ​អន្ទិល ​និងភូមិ​រស្មី ឃុំ​យាង ស្រុក​ជាំក្សាន្ត​ ធ្វើដំណើរ​ពី​ខេត្ត​មក​ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ​នា​រាជធានី​ភ្នំពេញ ហើយ​ត្រៀម​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃនេះ។ ក្នុង​ញត្តិ​ត្រៀម​ដាក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ បាន​ឱ្យដឹង​ថា ក្រុមហ៊ុនមេ​ត្រី​ភាព​បាន​ឈូស​ឆាយ​ប៉ះពាល់ដីពលរដ្ឋចំនួន ១០៥០គ្រួសារ តាំងពី​ឆ្នាំ២០១៨។

ទោះ​យ៉ាងណា ​គម្រោង​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃនេះ ត្រូវ​ខកខាន​វិញ ដោយ​ពលរដ្ឋ​អះអាង​ថា គ្នា​ពួក​គាត់​ធ្វើដំណើរ​មក​ពី​ខេត្ត​មួយចំនួន​ទៀត​ត្រូវ​សមត្ថកិច្ច​រារាំង​តាមផ្លូវ។

នៅ​ព្រឹក​នេះ ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ក៏បាន​ទៅ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​នៅក្នុង​វត្ត ហើយ​ស្នើ​ឱ្យ​ពួក​គាត់​ត្រឡប់ទៅ​ខេត្ត​វិញ ​តែ​ពលរដ្ឋ​មិនព្រម។ ព្រឹក​នេះ​ ក៏​មាន​កម្លាំងប្រដាប់អាវុធ​ដាក់​ពង្រាយ​ជុំវិញ​វត្ត​ស្ទឹងមានជ័យ​ផងដែរ។

អគ្គលេខាធិការ​រង​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្រសួង​រៀបចំ​ដែនដី លោក អេ ប៊ុ​នធឿន ដែល​បាន​ទៅ​ជួប​ពលរដ្ឋ​នៅក្នុង​វត្ត​ស្ទឹងមានជ័យ​ អះអាង​ថា វិវាទ​ដីធ្លី​នេះ គឺ​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ កំពុង​ដំណើរ​ការដោះស្រាយ​ជូន​ពលរដ្ឋ​តាមរយៈ​ការផ្តល់​ដីសម្បទាន​សង្គមកិច្ច ដោយ​ពលរដ្ឋ​មួយ​គ្រួសារ​ទទួល​បាន ២ហិ​កតា។

អគ្គលេខាធិការ​រង​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្រសួង​រៀបចំ​ដែនដី​ លោក អេ ប៊ុ​នធឿន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតទាក់ទងនឹងបញ្ហាដីធ្លីរបស់ពលរដ្ឋមកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក​បន្ថែម​ថា៖ «គោលការណ៍​ដោះស្រាយ​ដីសម្បទាន​សង្គមកិច្ច​ គឺ​យើង​អនុវត្ត​តែ​ពីរ​ហិ​កតា​នេះ ​គឺ​គ្រប់​ខេត្ត​ទាំងអស់។ ករណីនេះ​ មាន​ប្រជាពលរដ្ឋ​ខ្លះ​គាត់​ចង់បាន​រហូត​ទៅដល់ ៣ហិ​កតា ប៉ុន្តែ​ ជាគោល​ការណ៍​ គឺ​យើង​មិន​អាច​ធ្វើ​ទីតាំង​មួយ​ខុសពី​ទីតាំង​មួយ​បានទេ។ បើ​យើង​ដោះស្រាយ​ខុសគ្នា ​វា​កើតរឿង​ច្រណែន​គ្នា​មិនខាន»។

ពលរដ្ឋ​ម្នាក់​ដែល​មក​ដាក់​ញត្តិ លោក អន រតនា និយាយ​ថា គោលការណ៍​ដោះស្រាយ​របស់​អាជ្ញាធរ​ដោយ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ត្រឹមតែ ២ហិ​កតា​នោះ គឺ​អ្នកភូមិ​មិន​អាច​ទទួល​បាន​ឡើយ។ លោក​ថា អ្វី​ដែល​ពលរដ្ឋ​ចង់បាន គឺ​ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ចេញពី​ដី​ក្រុមហ៊ុន ឬសុំ​អភិវឌ្ឍ​នៅនឹង​កន្លែង ​ត្រឹម ៥ហិ​កតា​ចុះ នៃ​ដី​ដែល​ខ្លួន​បាន​កាន់កាប់។

លោក អន រតនា ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងទៀតដែលគ្រោងទៅដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទាក់ទងនឹងបញ្ហាដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី​ ឆាយ)

លោក​បន្ថែម​ថា៖ «បើ​ដី​នោះ​ជា​ដី​របស់​រដ្ឋ តើ​ប្រជាពលរដ្ឋ​សុំ​ដី​នោះ​មក​បង្កបង្កើនផល​បាន​អត់​? ពួក​ខ្ញុំ​សុំ​អង្វរ​សម្តេច​អីចឹង ថា​ពលរដ្ឋ​ខ្ញុំ​ទាំង​អស់គ្នា​នេះ​សុំ​ដី​ហ្នឹង​បាន​អត់​? ឱ្យ​ប្រជាពលរដ្ឋ​ត្រឹមតែ​ប៉ុណ្ណឹង ដើម្បី​ប្រកប​អាជីវកម្ម​បន្ត​ទៅទៀត ពីព្រោះ​ពួក​ខ្ញុំ​ទាំងនេះ​ជា​កូនខ្មែរ មិនមែន​ជា​ជនបរទេស​ទេ»។

ពលរដ្ឋ​ម្នាក់ទៀត ​អ្នកស្រី សន សី និយាយ​ថា ជុំវិញជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនមេ​ត្រី​ភាព​នេះ គឺ​ពលរដ្ឋ​មួយចំនួន​បាន​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន។ ស្ត្រី​រូប​នេះ​ អះអាង​ថា ក្រុមហ៊ុន​បាន​ដុតផ្ទះ​ពលរដ្ឋ និង​ពលរដ្ឋ ២៥នាក់​កំពុង​ជាប់​បណ្តឹ​ងនៅ​តុលាការ​ រួម​ទាំងការ​គំរាម​បាញ់សម្លាប់​ពលរដ្ឋ​ថែមទៀតពីសំណាក់ក្រុមហ៊ុន។

អ្នកស្រី​បន្ថែម​ថា៖ «ពួក​ខ្ញុំ​ហែល​ឆ្លង​កាត់​ឆ្អែត​ហើយពី​ការ​កៀបសង្កត់​របស់​ក្រុមហ៊ុន​ជាមួយ​ប្រជាពលរដ្ឋ។ មាន​ទាំង​ចាប់​ចង មាន​ទាំង​គំរាម​បាញ់ មាន​ទាំង​ដុតផ្ទះ មាន​ទាំង​ដាក់គុក ឥលូវ​នេះ​ឈ្មោះ​ដែល​ជាប់​បណ្តឹ​ងនៅ​តុលាការ ២៥នាក់។ តើ​កន្លែង​ត្រង់នេះ រដ្ឋាភិបាល​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​អត់»។

វី​អូ​ឌី​មិន​រក​ការ​ឆ្លើយតប​ពី​ភាគី​ក្រុមហ៊ុនមេ​ត្រី​ភាព​បានទេ ​ជុំវិញ​ការចោទប្រកាន់​នេះ។

ពាក់ព័ន្ធ​ករណីនេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ស្នើ​ឱ្យក្រសួង​រៀបចំ​ដែនដី​ ពិចារណា និង​ពិ​ភា​ក្សាជាមួយ​ប្រជាពលរដ្ឋ​ឡើងវិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​ណាមួយ​ដែល​ពលរដ្ឋ​អាច​ទទួលយក​បាន​ទាំងអស់គ្នា។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ លើកឡើង​ថា ការ​ដោះស្រាយ​ណាមួយ​ដែល​ផ្តល់​សំណង​តិចតួច​ខ្លាំងពេក​ គឺ​ពលរដ្ឋ​មិន​អាច​ទទួលយក​បាន​នោះទេ ហើយ​ជម្លោះ​នោះ​មិន​អាច​ដោះស្រាយ​ចប់​ឡើយ។

លោក​បន្ថែម​ថា៖ «កន្លែង​ហ្នឹង​ ខាង​ក្រសួង​គួរតែ​ពិចារណា​ឡើងវិញ​ ដោយសារតែ​ពលរដ្ឋ​បាត់បង់​ដី​ក្នុង​ទំហំ​ធំ។ ហើយ​ដល់ពេល​គាត់​បាន​វិញ​ក្នុង​ទំហំ​តូច​ដូច​ពី ២ហិ​កតា​អីចឹង។ វា​មាន​គម្លាត​គ្នា​ឆ្ងាយ​ពេក​រវាង​ដី​ទទួល​បាន និង​ដី​ដែល​បាត់បង់​ទៅ។ អីចឹង​ហើយដែល​ពួក​គាត់​ពិបាក​ក្នុង​ការ​ទទួលយក»។

ក្នុង​ញត្តិ​ពលរដ្ឋ​ បញ្ជាក់​ថា ពួក​គាត់​រស់នៅ និង​អាស្រ័យផល​លើ​ដី​នេះ​តាំងពី​ឆ្នាំ១៩៤២ រហូតដល់​ឆ្នាំ២០១៨ ទើប​ក្រុមហ៊ុនមេ​ត្រីភាព បាន​ប្រើប្រាស់​គ្រឿងចក្រ​មកឈូស​ឆាយ​ផ្ទះ និង​ដំណាំ​របស់​ពួក​គាត់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ