បុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូណាហ្គាដែលជាកន្លែងលេងល្បែងស្របច្បាប់មួយនៅភ្នំពេញ បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារនៅព្រឹកនេះ ដើម្បីសុំឱ្យមានការអន្តរាគមន៍ឧបត្ថម្ភថវិកាសម្រាប់រស់នៅប្រចាំថ្ងៃ។
ការប្រមូលផ្តុំនៅព្រឹកនេះ បុគ្គលិកណាហ្គាស្នើឱ្យរដ្ឋជួយឧបត្ថម្ភថវិកា ៤០ដុល្លារ ដូចអ្នកធ្វើការងារនៅវិស័យទេសចរណ៍ និងរោងចក្រកាត់ដេរ។ ក្រៅពីសុំប្រាក់ឧបត្ថម្ភថវិកា ៤០ដុល្លារពីរដ្ឋ ពួកគេក៏ស្នើសុំឱ្យក្រសួងការងារចរចាជាមួយក្រុមហ៊ុនជួយឧបត្ថម្ភ និងឱ្យពួកគេខ្ចីប្រាក់ក្នុងអំឡុងពេលព្យួរការងារផងដែរ។
បុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូណាហ្គា អ្នកស្រី រី សុវណ្ណឌី ប្រាប់អ្នកសារព័ត៌មានមុខក្រសួងការងារថា អំឡុងពេលព្យួរការងារនៅក្នុងខែមេសា និងខែឧសភា ក្រុមហ៊ុនណាហ្គាបានផ្តល់ប្រាក់ ៥០ភាគរយនៃប្រាក់ខែដល់បុគ្គលិក ប៉ុន្តែ ចាប់ពីខែមិថុនានេះទៅ អ្នកស្រីថា ក្រុមហ៊ុនប្រកាសបញ្ឈប់ផ្តល់លុយ ៥០ភាគរយនោះវិញ។
អ្នកស្រីបន្តថា ពេលក្រុមហ៊ុនឈប់ផ្ដល់ប្រាក់ ៥០ភាគរយនោះ អ្នកស្រីថា ពួកគាត់នឹងមិនមានប្រាក់ដោះស្រាយបញ្ហាជីវភាពគ្រួសារនោះទេ ខណៈខាងធនាគារចេះតែតេទារប្រាក់ពីគាត់បើទោះបីជាគាត់គ្មានការងារធ្វើក៏ដោយ។
អ្នកស្រីថា៖ «ប៉ះពាល់ខ្លាំង ទី១ ពួកខ្ញុំសុទ្ធតែជាប់[ជំពាក់លុយ]ធនាគារ ហើយធនាគារអត់លើកលែងទេ ហើយនៅពេលដែលក្រុមហ៊ុនប្រកាសថា អត់មានផ្ដល់ប្រាក់ខែពួកខ្ញុំអ៊ីចឹង ធ្វើឱ្យពួកខ្ញុំអត់មានលុយបង់ថ្លៃផ្ទះជួលទេ ទី២ ពួកខ្ញុំមានកូន ត្រូវចិញ្ចឹមកូនទៀត ឥលូវមិនដឹងធ្វើម៉េចទេ ឥលូវហ្នឹង និយាយរួមទៅ រងផលប៉ះពាល់ខ្លាំង ជាពិសេសខាងធនាគារ ភាគច្រើនគាត់អត់យោគយល់ទេ ធនាគារ! អាហ្នឹងមិនដឹងធ្វើម៉េចទេ សំខាន់ខ្ចីគេ ត្រូវទទួលខុសត្រូវ ត្រូវតែសង»។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរប្រចាំនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើងថា ការដែលពួកគាត់សុំជំនួយពីក្រសួងឱ្យជួយ បន្ទាប់ពីក្រុមហ៊ុនឈប់ផ្ដល់ប្រាក់ ៥០ភាគរយដល់បុគ្គលិកចាប់ពីខែមិថុនាទៅ ដែលធ្វើឱ្យពួកគាត់គ្មានប្រាក់សម្រាប់ដោះស្រាយបញ្ហាជីវភាព។
កញ្ញាបន្តថា ក្នុងញត្តិដែលដាក់ទៅក្រសួងការងារដើម្បីឱ្យជួយដោះស្រាយនោះ កញ្ញាថា ពួកគាត់ផ្ដល់ជម្រើស ៣ ដល់ក្រុមហ៊ុន ក្នុងនោះ ជួយឧបត្ថម្ភ ៣០ភាគរយ និងឱ្យខ្ចី ២០ភាគរយ ធៀបជាមួយប្រាក់ខែម្នាក់ៗ។ ទី២ ស្នើសុំដល់ក្រុមហ៊ុនឱ្យគ្រប់បុគ្គលិកខ្ចីចំនួន ៣០០ដុល្លាររាល់ខែស្មើៗគ្នាទាំងអស់រហូតដល់ថ្ងៃចូលធ្វើការ និងជម្រើសចុងក្រោយ ស្នើសុំឱ្យបុគ្គលិកខ្ចីប្រាក់ថ្ងៃបុណ្យជាតិក្នុងឆ្នាំ២០២០។
កញ្ញាថា៖ «នេះជាជម្រើស ៣ ដែលយើងដាក់ឱ្យក្រុមហ៊ុនពិចារណា បើលោកជ្រើសរើសមួយណា ក៏យើងអាចទទួលយកបានដែរ មិនទាមទារទាំង ៣ នេះទេ ហើយបើគាត់អាចជួយកម្រិតណាមួយ ពេលបុគ្គលិកចូលធ្វើការ យើងនឹងសងក្រុមហ៊ុនវិញ ក្នុង ១ខែ ១០ភាគរយនៃប្រាក់គោលរហូតដល់អស់ប្រាក់យើងជំពាក់ហ្នឹង»។
ដោយឡែកសម្រាប់ប្រាក់ ៤០ដុល្លារវិញ កញ្ញាថា រដ្ឋាភិបាលបានផ្ដល់ឱ្យបុគ្គលិកក្រុមហ៊ុនណាហ្គាផ្នែកសណ្ឋាគារ ប៉ុន្តែ សម្រាប់ពួកគាត់ដែលជាអ្នករងគ្រោះដែរ បែរជាមិនឱ្យ ទាំងដែលពួកគាត់បានបង់ពន្ធចូលរដ្ឋដូចគ្នានោះ។
វីអូឌីបានផ្ញើសំណួរតាមប្រព័ន្ធតេឡេក្រាមទៅអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងសំណើរបស់បុគ្គលិកណាហ្គា ប៉ុន្តែ គិតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា សុំមិនឆ្លើយតបពាក់ព័ន្ធករណីនេះទេ ដោយប្រាប់ថា កំពុងរវល់ប្រជុំ។ក្រុមហ៊ុន ណាហ្គា មានបុគ្គលិកទាំងផ្នែកកាស៊ីណូ និងសណ្ឋាគារ សរុបជិត ៩ពាន់នាក់។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យបិទកាស៊ីណូទូទាំងប្រទេស ដោយថា ដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលនៃជំងឺ COVID-19។
របាយការណ៍ពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ចំនួនអាជ្ញាបណ្ណអាជីវកម្មកាស៊ីណូ ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៩ មានចំនួន ១៦៣កន្លែង ខណៈច្បាប់ថវិកាជាតិឆ្នាំ២០១៩ បង្ហាញថា កម្ពុជាអាចនឹងកៀរគរចំណូលពីវិស័យកាស៊ីណូឱ្យបានជាង ៥៦លានដុល្លារក្នុង១ឆ្នាំ៕