ចិន​-កម្ពុជា​​សហការ​​គ្នា​​ប្រឆាំង​​អ្នក​​យក​​បញ្ហា​​កូវីដ​១៩​ធ្វើ​ជា​​រឿង​​នយោបាយ​

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជាលើកទី៥ រវាងកម្ពុជានិងចិន ដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសចិន នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមប្រព័ន្ធអនឡាញ។ (Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆)

តំណាង​រដ្ឋាភិបាលកម្ពុជា និង​ចិន បញ្ជាក់​ពី​ការព្រមព្រៀង​សហការ​គ្នា​ប្រឆាំង​នឹង​អ្នក​ដែល​យក​បញ្ហា​ជំងឺ​កូ​វីដ១៩ ធ្វើជា​រឿង​នយោបាយ និង​ការ​ធ្វើ​បដិវត្ត​ន៍ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល។ 

សេចក្ដីប្រកាស​ព័ត៌មាន​រួម​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​រវាង​ចិន​និង​កម្ពុជា​លើក​ទី៥ រវាង​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហោ ណាំ​ហុង ​ជាមួយ ​ទីប្រឹក្សា​រដ្ឋ​ និង​ជារ​ដ្ឋ​មន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជា​មា​និត​ចិន​ លោក វ៉ាង យី កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឱ្យ​ដឹង​ថា កម្ពុជា​-ចិន​បាន​យល់ព្រម​សហការ​គ្នា ដោយ​ប្រឆាំង​នឹង​អ្នក​ដែល​យក​បញ្ហា​ជំងឺ​កូ​វីដ១៩ ធ្វើជា​នយោបាយ និង​លាប​ពណ៌​បង្ខូច​អ្នកដទៃ។ 

ស្ថានទូត​ចិន៖ «ភាគី​ទាំងពីរ​រក្សា​ជំហរ​ថា នៅចំពោះមុខ​ ជំងឺ​កូ​វីដ១៩ដែល​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​មនុស្សជាតិ​ទាំងអស់ គួរតែ​ធ្វើ​កិច្ចការ​រួមគ្នា ប្រឆាំង​នឹង​​ការយកបញ្ហា​ជំងឺ​កូ​វីដ​ធ្វើជា​នយោបាយ ដាក់បន្ទុក​បង្ខូច​កិត្តិយស​គ្នា ការ​រើស​អើ​ងពូ​ជសាសន៍ និង​ការ​ប្រកាន់បក្ស​ពួក ហើយ​គាំទ្រ​ដល់​អង្គការសហប្រជាជាតិ​ ដើម្បី​អនុវត្ត និង​សម្របសម្រួល​ជា​ប្រព័ន្ធ​នូវ​សកម្មភាព​ជាស​កល​ប្រឆាំង​នឹង​ជំងឺ​រា​តត្បា​តនេះ គាំទ្រ​អង្គការសុខភាព​ពិភពលោក​ក្នុង​ការ​បំពេញ​តួនាទី​ដឹកនាំ​ចម្បង​របស់​ខ្លួន និង​រួមគ្នា​បង្កើត​សហគមន៍​សុខភាព​សម្រាប់​មនុស្សជាតិ»។

សេចក្ដីប្រកាស​ព័ត៌មាន​រួមដដែល​ ថា ភាគី​កម្ពុជា​-ចិន​ក៏បាន​ឯកភាព​គ្នា​ពង្រឹង​ការ​ផ្លាស់​​ប្ដូរ​បទពិសោធន៍​ស្ដីពី​អភិបាលកិច្ច​រដ្ឋ​ តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ការពារ​ប្រឆាំង​នឹង​បដិ​វត្ដន៍​ពណ៌​ផង​ដែរ។

មន្ត្រី​សម្របសម្រួល​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ខុ​មហ្វ្រែល លោក កន សា​វាង្ស មានប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​បញ្ជាក់​ពី​ប្រភេទ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចៀស​ការចោទប្រកាន់ ​និង​ចាប់ខ្លួន​ប្រជាពលរដ្ឋ។

លោក​ថា៖ «អ្នកខ្លះ​មិន​មានលទ្ធភាព​ទៅ​ជជែក​ទៅជាមួយ​រដ្ឋាភិបាល ​គេ​អាច​ធ្វើការ​សម្ដែង​អំពី​អារម្មណ៍ និង[បញ្ហា]​ខ្លួន​ដែល​ជួបប្រទះ។ អ៊ីចឹង​ ព័ត៌មាន​ខ្លះ ធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​សប្បាយចិត្ត​ ឬប្រទេស​ដទៃ​មិន​សប្បាយចិត្ត ​ហើយ​គិតថា ជា​រឿង​នយោបាយ ដើម្បី​ក្នុង​បំណងចាប់ចង ឬមួយ​ក្នុង​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ អាហ្នឹង​មិនមែន​ជា​រឿង​មួយ​ល្អ​ទេ»។

យ៉ាង​ក៏ដោយ​ បើ​តាម​សេច​ក្ដី​ប្រកាសព័​ត៌​មាន​រួម​កម្រាស់ ៤ទំព័រ បាន​និយាយ​ផង​ដែរ​ថា ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការពារ​ជាតិ ចរ​ចា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិ​ការ​សុខភាព​កងទ័ព និង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​សំ​ខាន់​ៗដូចជា សមយុទ្ធ​យោធា​រួមគ្នា និង​ការ​អភិវឌ្ឍ​បណ្ឌិតសភា​យោធា​ជាដើម។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​សារ​ជាបន្តបន្ទាប់​ក្នុង​ការ​ចាត់វិធានការ​លើ​ក្រុម​អតីត​បក្ស​ប្រឆាំង​ដែល​លោក​ចោទ​ថា កំពុងតែ​ប្រើប្រាស់​បញ្ហា​មេរោគ​កូ​វីដ១៩ ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក។

បើ​តាម​មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​មេ​បក្ស​ប្រឆាំង គឺ​លោក សំ សុ​គង់ សកម្មជន​អតីត​បក្ស​ប្រឆាំង ដែល​កំពុង​ឃុំខ្លួន​មាន ១៩នាក់ ក្នុង​នោះ​ឆ្នាំ២០២០នេះ មានការ​ចាប់ខ្លួន​ចំនួន ១៤នាក់ និង​ចាប់ខ្លួន​អំឡុង​ឆ្នាំ២០១៩ ចំនួន ៥នាក់ ។

កាលពី​ថ្ងៃទី១១ ខែមិថុនាកន្លងទៅ​នេះ អង្គការ​ សមាគម និង​សហជីព ចំនួន ៣០ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ទៅ​យាយី​អ្នកនយោបាយ​ប្រឆាំង ដោយ​បង្ហាញ​កង្វល់​ថា ចំណាត់ការ​នេះ​កំពុង​ជំរុញ​កម្ពុជា​ឱ្យ​រង​សម្ពាធកាន់តែ​កើនឡើង​ខ្លាំងទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​ឈាន​ដល់​ធ្លាក់​ក្នុង​វិបត្តិ​«ធ្ងន់ធ្ងរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ