សាច់ញាតិជនរងគ្រោះបានឱ្យដឹងថា បងស្រីរបស់គាត់ជាគ្រូបង្រៀន និងកូនប្រុសរបស់បងស្រីនោះ រស់នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើអត្តឃាតបន្តបន្ទាប់គ្នាកាលពីសប្តាហ៍មុន ដោយសារបញ្ហាជីវភាព បំណុល និងជម្លោះក្នុងគ្រួសារ។
អ្នកស្រី ខៀវ នីតា អះអាងថា បងស្រីរបស់គាត់ឈ្មោះ ខៀវ ចាន់ស៊ីណែត អាយុ ៤៩ឆ្នាំ ជាគ្រូបង្រៀនកម្រិតថ្នាក់បឋមសិក្សា បានចងកសម្លាប់ខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា នៅផ្ទះស្ថិតនៅក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយអ្នកស្រីខៀវ ចាន់ស៊ីណែត ស្លាប់ប៉ុន្មានម៉ោង កូនប្រុសរបស់គាត់ឈ្មោះ ចាន់ មាសពិសាល បានលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យដែរ។
អ្នកស្រី ខៀវ នីតា បញ្ជាក់ថា បងស្រីរបស់គាត់សម្លាប់ខ្លួននេះ មិនមែនតែរឿងបំណុលមួយមុខទេ គឺពាក់ព័ន្ធបញ្ហាក្នុងគ្រួសារ ទំនាស់ជាមួយកូនប្រុសផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ «រឿងកូនយកទៅបំផ្លាញផ្សេងៗ មិនមែនតែជំពាក់ធនាគារនោះទេ ព្រោះធនាគារជំពាក់តែ ១០លានរៀលលុយខ្មែរទេ ព្រោះកូនវាបំផ្លាញយូរហើយ តែយើងអត់ដឹង គាត់អត់ប្រាប់ទេរហូតដល់គាត់ស្លាប់ គាត់អត់ប្រាប់ថា គាត់ស្លាប់ដោយសារតែមូលហេតុអញ្ចេះៗដែរ គាត់អត់និយាយទេ គាត់ចងកសម្លាប់ខ្លួនទៅតែម្តង»។
អ្នកស្រី ខៀវ នីតា បញ្ជាក់ថា មុនពេលបងស្រីគាត់ស្លាប់ គឺគាត់ធ្លាប់ប្រាប់ថា កូនប្រុសនោះធ្លាប់បំផ្លាញលុយរបស់គាត់ប្រហែល ១០ម៉ឺនដុល្លារ ខណៈបច្ចុប្បន្ននេះ បងស្រីគាត់ជំពាក់ធនាគារប្រហែល ១០លានរៀល ប៉ុន្តែ មិនស្គាល់ឈ្មោះធនាគារនោះទេ។ អ្នកស្រីបន្តថា ក្រោយពីបងស្រីគាត់សម្លាប់ខ្លួន គាត់បានបានសរសេរលិខិតមួយផ្តាំទៅគ្រូបង្រៀនម្នាក់ឱ្យជួយយកលុយប្រាក់ខែ ឬប្រាក់ដែលទទួលបានពីសាលារៀនផ្តល់ឱ្យ សងទៅធនាគារផងដែរ។
នៅពេលអ្នកសារព័ត៌មានវីអូឌីចុះទៅដល់កន្លែងកើតហេតុ បានសួរនាំអ្នកជិតខាងដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងប្រហាក់ប្រហែលគ្នាថា ម្តាយ និងកូនប្រុសដែលសម្លាប់ខ្លួនឯង តែងតែមានជម្លោះទាស់ទែងគ្នាជាញឹបញាប់ ដោយដាក់ការសង្ស័យថា បញ្ហាជីវភាពគ្រួសារ ទើបធ្វើឱ្យពួកគេគិតខ្លីបែបនេះ។
ចៅសង្កាត់ស្ទឹងមានជ័យ២ លោក ទូច សំអុល មានប្រសាសន៍ស្រដៀងអ្នកជិតខាងដែរថា ទំនាស់ក្នុងគ្រួសាររវាងម្តាយនិងកូនប្រុសនោះ ដោយសារតែបញ្ហាជីវភាពខ្វះខាត។
លោកមានប្រសាសន៍ថា៖ «កូនវាធ្វើបាបម្តាយពេក ហើយម្តាយជំពាក់លុយគេ គ្រាន់តែប្រភពវាមិនច្បាស់លាស់ គ្រាន់តែបានព័ត៌មានប៉ុណ្ណឹងឯង ហើយកូនដល់ឮថាម្តាយស្លាប់ វាតូចចិត្តក៏ទៅលោតលើស្ពាន[ស្លាប់]ដែរទៅ»។
ចៅសង្កាត់អះអាងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនសពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តនន្ទមុនី នៅជិតផ្ទះសព ដែលនៅថ្ងៃទី១៧ ខែមិថុនានេះ គម្រប់ខួប ៧ថ្ងៃផងដែរ។
មន្ត្រីប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ស្រាវជ្រាវរកឃើញថា សពម្តាយនោះពិតជាចងក និងកូនលោតពីលើស្ពានអាកាសស្ទឹងមានជ័យសម្លាប់ខ្លួនប្រាកដមែន។ ករណីនេះ លោកថា មន្ត្រីជំនាញបានបញ្ជូនសពទៅឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ដោយមិនមានការស៊ើបអងេ្កតអ្វីបន្ថែមនោះទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យង់ គឹមអេង មានប្រសាសន៍ថា អ្នកគ្រូបង្រៀន និងកូនបង្កើតម្នាក់លោតលើស្ពានស្ទឹងមានជ័យសម្លាប់ខ្លួននោះ ទំនងជាមានបញ្ហាសម្ពាធផ្លូវចិត្ត និងជំពាក់បំណុលធនាគារដែលគ្មានលទ្ធភាពសង។
លោកបន្តថា ដើម្បីកុំឱ្យមានបញ្ហានេះកើតឡើងលើអ្នកដទៃទៀត រដ្ឋាភិបាលត្រូវជំរុញទៅស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់អប់រំផ្លូវចិត្តលើក្រុមគ្រួសារក្រីក្រ ជាពិសេសអ្នកដែលជំពាក់បំណុលធនាគារ ទើបទប់ស្កាត់ការសម្លាប់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកមានប្រសាសន៍ថា៖ «នៅក្នុងដំណាក់កាលនេះ មនុស្សមានបញ្ហាផ្លូវចិត្តច្រើនណាស់ ព្រោះសម្ពាធខាងផ្លូវចិត្តផង រឿងស្ថានភាពកូវីដ១៩ផង សម្ពាធបំណុលមានច្រើន សូម្បីតែក្មេងៗក៏មានសម្ពាធផ្លូវចិត្តដូចគ្នា ទាំងអស់ហ្នឹងហើយដែលត្រូវការឱ្យមានការគិតគូរពីវិស័យផ្សេងៗ ការគិតគូរពីបញ្ហាសុខភាពផ្លូវចិត្តឱ្យបានច្រើនផងដែរ»។
អ្នកស្រី ខៀវ នីតា អះអាងទៀតថា បងស្រីរបស់គាត់ឈ្មោះ ខៀវ ចាន់ស៊ីណែត អាយុ ៤៩ឆ្នាំ មុខរបរជាគ្រូបង្រៀនជាង ២០ឆ្នាំ ជាមនុស្សស្មោះត្រង់ មិនចេះលេងល្បែង និងប្រព្រឹត្តអំពើមិនគប្បីដល់ឪពុកម្តាយ និងបងប្អូនម្តងណាឡើយ។
ទាក់ទងជាមួយបញ្ហាជីវភាពខ្វះខាតនេះ មានការសិក្សាមួយនៅក្នុងប្រទេសថៃ គ្រាន់តែរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានករណីប៉ុនប៉ងសម្លាប់ខ្លួនចំនួន ៣៨នាក់ ក្នុងនោះសម្លាប់ខ្លួនបានសម្រេចចំនួន ២៨នាក់ ដោយសារជីវភាពខ្វះខាត។
ការសិក្សានេះធ្វើឡើងរួមគ្នារវាងក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ ឈៀងម៉ៃ ជូឡាឡុងកន តាម៉ាម៉ាត ថាក់ស៊ីន ខុនខាន និងសាកលវិទ្យាល័យ ប៊ូរ៉ាផា ហើយក្នុងរបាយការណ៍ការសិក្សានេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់លើជីវភាពរបស់ពលរដ្ឋ៕