សមាគម​​នគរ​បាល​​ស្នើ​​ឱ្យ​​ពិនិត្យ​​តារា​​កំប្លែង​​ដែល​​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​កិត្តិ​យស​​នគរ​បាល​​

រូបភាពពីវីដេអូកំប្លែងដែលសម្ដែងទាក់ទងនឹងប៉ូលិសចរាចរណ៍របស់ស្ថានីយទូរទស្សន៍មួយ។ (YouTube/ Screenshot)

សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ​ឱ្យ​ពិនិត្យ​សកម្មភាព​របស់​តារា​កំប្លែង ដែល​កំពុង​ផលិត​ជា​វី​ឌី​អូ​ ហើយ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​នគរបាល។

ក្នុង​លិខិត​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ចុះ​ថ្ងៃទី១៦ ខែមិថុនា បាន​លើកឡើង​ថា ស្រប​ពេល​ដែល​នគរបាល​កំពុង​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​តារា​កំប្លែង និង​ស្ថានីយ​ទូរទស្សន៍​មួយចំនួន​ផលិត​ជា​វី​ឌី​អូ​ខ្លី មាន​ស្លៀក​សម្លៀកបំពាក់​នគរបាល​មិន​ត្រឹមត្រូវ និង ប្រើពាក្យ​សម្តី​មិន​សមរម្យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់កិត្តិយស និង​កិត្យានុភាព​របស់​នគរបាល។

លិខិត៖ «មានការ​ស្លៀកពាក់​ឯកសណ្ឋាន​មិន​ត្រឹមត្រូវ និង​មិន​គ្រប់គ្រាន់​សញ្ញាសម្គាល់​តាម​បទដ្ឋាន​ស្តី​ពី​ឯកសណ្ឋាន និង​ស្លាក​សញ្ញា​មន្ត្រី​នគរបាល​ជាតិ​ដែល​បាន​កំណត់ ហើយ​តួអង្គ​នគរបាល​មាន​សក់​វែង និង​មាន​ប្រើប្រាស់​ពាក្យ​សម្តី​ខ្លះ​មិន​សមរម្យ​ទៅ​នឹង​ក្រមសីលធម៌​របស់​មន្ត្រី​នគរបាល​ជាតិ»។

នៅក្នុង​លិខិត​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា មិនបាន​បញ្ជាក់​ឈ្មោះស្ថានីយទូរទស្សន៍ និង​ក្រុម​សិល្បករ​ទាំងនោះ​ទេ។ ទោះ​យ៉ាងណា មួយ​រយៈ​ចុងក្រោយ​នេះ​ ទូរទស្សន៍CTN បាន​ផលិត​វី​ឌី​អូកំប្លែង​ខ្លី​ៗជាបន្តបន្ទាប់ ​ពាក់ព័ន្ធ​ការងារ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍ ដែល​សម្តែង​ដោយក្រុម​កំប្លែង​លោក ពាក់​មី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ