កម្ពុជា​​សម្រេច​​កែ​សម្រួល​​លក្ខខណ្ឌ​​មួយ​ចំនួន​​សម្រាប់​​ជន​បរទេស​ និង​​ពលរដ្ឋ​ខ្មែរ​​កាន់​​លិខិត​ឆ្លង​ដែន​​បរទេស​​

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)

កម្ពុជា​បានសម្រេច​កែសម្រួល​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​អ្នកដំណើរ​មក​ពីក្រៅ​ប្រទេស​ចូល​មក​ប្រទេស​មួយ​នេះ នៅក្នុង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នៅក្នុងចំណោម​អ្នកដំណើរ​មក​ពី​បរទេស។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញ​កាលពី​ថ្ងៃម្សិលមិញ​នេះ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ដែល​ដឹកនាំ​ដោយ​ក្រសួងសុខាភិបាល បានសម្រេច​អនុញ្ញាត​ឱ្យពលរដ្ឋខ្មែរ​ដែល​កាន់​លិខិតឆ្លងដែន​បរទេស ឬប្រើប្រាស់​ទិដ្ឋាការ​ពិសេស ​(Visa K) អាច​ធ្វើដំណើរ​ចូល​មក​កម្ពុជា​ដោយ​មិន​ចាំបាច់​តម្រូវឱ្យតម្កល់​ប្រាក់ ៣,០០០ដុល្លារ​សម្រាប់​ចំណាយ​លើ​សេវា​សុខាភិបាល​ទាក់ទង​នឹង​វិធានការ​ត្រួតពិនិត្យ និង​ព្យាបាល​វីរុស​កូ​រ៉ូ​ណា​នោះ​ឡើយ។

ប៉ុន្តែ ក្រសួងសុខាភិបាល នៅតែ​តម្រូវឱ្យពលរដ្ឋខ្មែរ​ដែល​កាន់​លិខិត​ឆ្លងដែន​បរទេស ត្រូវ​មាន​លិខិតបញ្ជាក់​ថា អ្នកដំណើរ​ទាំងនោះ​គ្មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​រយៈពេល ៧២ម៉ោង​ចុងក្រោយ ដែល​លិខិត​នោះ​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​សាម៉ី។

សម្រាប់​ស្ថាន​បេ​សកកម្ម​បរទេស និង​អង្គការ​អន្តរជាតិ​នៅ​ភ្នំពេញ​ទាំងអស់​ដែល​មាន​អ្នកការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ​ចូល​កម្ពុជា ក្រសួង​ថា ត្រូវ​មានការ​ធានាអះអាង​គ្មាន​ជំងឺ​កូ​វីដ១៩របស់​ការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ​ទាំងនោះ ហើយ​ត្រូវ​ធានា​នូវ​ការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃ​ដោយខ្លួន​ឯងឱ្យ​បាន​ត្រឹមត្រូវ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​នោះ​ឡើយ​ជុំវិញ​ការផ្លាស់ប្ដូរ​នេះ ដោយ​ឱ្យ​អ្នកសារព័ត៌មាន​ទៅ​មើល​សេចក្ដីប្រកាស​ព័ត៌មាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ និង​ឱ្យទៅ​សួរ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វិញ។

វី​អូ​ឌី​បាន​ទូរសព្ទ និង​ផ្ញើ​សួរ​សំ​ណួ​រតាម​ប្រព័ន្ធ​តេឡេក្រាម​ទៅ​អ្នកនាំពាក្យ​ក្រសួង​បរទេស​កម្ពុជា លោក កុយ គួង ដើម្បី​សាកសួរ​បន្ថែម​ផង​ដែរ ប៉ុន្តែ គិត​មកដល់ពេលនេះ មិនទាន់​មានការ​ឆ្លើយតប​នៅឡើយ។

ការ​កែប្រែ​លក្ខខណ្ឌ​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃទី០៥ ខែមិថុនា បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​កំណត់​ថ្លៃ​សេវា​លើ​ជនបរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ផ្ទុះ​ជំងឺ​កូ​វីដ១៩។ 

តម្លៃ​សេវា​ដែល​ជនបរទេស​ត្រូវ​បង់​នោះ មាន​ដូចជា ថ្លៃ​ដឹកជញ្ជូន​ពី​ព្រលា​នយន្តហោះ ទៅ​មណ្ឌល​សំចត​រង់ចាំ​ធ្វើតេស្ត និង​ទទួលលទ្ធផល​តេ​ស្ត ថ្លៃ​យក​សំណាក​ទៅ​ពិនិត្យ និង​ការ​ចេញ​លទ្ធផល តម្លៃ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ ឬមណ្ឌល​ចត្តាឡីស័​ក ថ្លៃ​អាហារ៣ពេល ជាដើម ដោយ​សរុប​ជា​ទឹកប្រាក់​ជិត ៣,០០០ដុល្លារ។

ក្រសួងសុខាភិបាល គិតដល់​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា​រក​ឃើញ​អ្នក​កើតជំងឺ​កូ​វីដ១៩ សរុប ១២៩នាក់ ក្នុង​នោះ​អ្នក​ត្រូវ​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ ចំនួន ១២៦នាក់ ហើយ​នៅសល់ ៣នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ