រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចបង្កើតក្រុមការងារមួយ ឱ្យតាមដានសំណូមពរប្រជាពលរដ្ឋដែលស្វែងរកកិច្ចអន្តរាគមន៍ពីលោក តាមរយៈហ្វេសប៊ុករបស់លោក ដើម្បីជំរុញប្រសិទ្ធភាពដោះស្រាយ។
លោក ស ខេង អះអាងតាមរយៈសេចក្តីសម្រេចមួយចុះថ្ងៃទី១៥ ខែមិថុនាថា ការបង្កើតក្រុមការងារនេះ ដើម្បីជំរុញប្រសិទ្ធភាពដោះស្រាយបញ្ហាពលរដ្ឋដែលបានបញ្ចេញយោបល់ សំណូមពរ និងកិច្ចអន្តរាគមន៍មកលោកតាមរយៈហ្វេសប៊ុក។
ក្រុមការងារនេះ មានសមាសភាព ១១រូប ក្នុងនោះមានលោក ជា សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជានាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន។
VOD មិនអាចទាក់ទងលោក ជា សុគន្ធា ដើម្បីសួរព័ត៌មានបន្ថែមជុំវិញខ្លឹមសារលើសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃនេះបានទេគិតត្រឹមម៉ោងផ្សាយនេះ ខណៈលោក អាត់ បូនី ដែលជាសមាជិកក្រុមការងារនេះ មិនលើកទូរសព្ទ។
ទោះជាយ៉ាងណា លោក ស ខង ក្នុងពិធីមួយក្នុងក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ ខែមិថុនា បាននិយាយថា ការដោះស្រាយបណ្តឹង មានបញ្ហាខ្លះត្រូវបានដោះស្រាយ តែខ្លះទៀតដែលលោកបញ្ជូនទៅ មិនទាន់បានដោះស្រាយនៅឡើយ។
មេដឹកនាំបក្សកាន់អំណាចរូបនេះ បានក្រើនរំឭកថា ការស្រាវជ្រាវណាមួយបែបលម្អៀង នឹងមិនអាចរកយុត្តិធម៌បានឡើយ ហើយលោកថា «បញ្ហាអយុត្តិធម៌សង្គម មិនអាចមើលស្រាលបានឡើយ ទោះក្នុងសង្គមណាក៏ដោយ»។
នាយករងអង្គការលីកាដូ លោក អំ សំអាត និយាយថា ចំណាត់ការនេះជាសញ្ញាវិជ្ជមានមួយ បើក្រសួងធ្វើទៅបានជោគជ័យ ព្រោះវាបានទប់ស្កាត់លំហូរអ្នកតវ៉ា មិនឱ្យឡើងមកភ្នំពេញ។
លោកថា ម៉្យាងទៀត ពលរដ្ឋក៏អាចប្រាប់ទៅមេដឹកនាំ ទាក់ទិនមន្ត្រីខិលខូចតាមរយៈការប្រើប្រាស់ហ្វេសប៊ុកនេះដែរ។
លោក អំ សំអាត ប្រាប់ថា៖ «ខ្ញុំគិតថា អានេះគ្រាន់តែជាការដោះស្រាយបញ្ហាមួយចំនួន ប៉ុន្តែ បញ្ហាសិទ្ធិមនុស្ស បញ្ហាផ្សេងៗទៀតនៅតែបន្តមាន។ ប្រសិនបើវប្បធម៌លាបពណ៌គ្នាលុបចេញបាន អាហ្នឹងបានបញ្ហាផ្សេងក៏វាអាចធូរស្រាលដែរ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី និយាយប្រហាក់ប្រហែលដែរថា ការបង្កើតក្រុមការងារនេះ វានឹងជំរុញដល់ការស្តារជំនឿទុកចិត្តដល់ប្រជាពលរដ្ឋឡើងវិញ បើយន្តការនេះឆ្លើយតបបញ្ហាសង្គម។
លោក ប៉ិច ពិសី ប្រាប់ថា៖ «រាល់ការដោះស្រាយហ្នឹង កុំឱ្យមានអំពើពុករលួយ ខ្ញុំគិតថា យើងអាចធ្វើការបានហើយ។ […] លើកទឹកចិត្តមន្ត្រីថ្នាក់ក្រោមក្រសួងរបស់ឧប [នាយករដ្ឋមន្ត្រី ស ខេង] ហ្នឹង ធ្វើការឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យពលរដ្ឋគិតវិជ្ជមានឡើងវិញ បើមិនអ៊ីចឹងទេ ពលរដ្ឋនៅតែខឹងសម្បា ហើយគាត់នៅតែបន្ទោសថ្នាក់ដឹកនាំ ឬរដ្ឋាភិបាលក្នុងការផ្តល់សេវាហ្នឹង»។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ធ្លាប់បញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ កម្ពុជាមានអ្នកប្រើប្រាស់ទូរសព្ទដៃជាង ២០លានស៊ីមកាត (២០,៨៥៧,៥៧៤) អ្នកប្រើប្រាស់អ៊ីនធឺណិតជាង ១៥លាននាក់ (១៥,៨៤៨,៨៦៧)៕