អ្នកពុលស្រាថ្នាំចិននៅសល់តែម្នាក់ទៀតប៉ុណ្ណោះកំពុងបន្ត​សម្រាកព្យាបាល​

សមត្ថកិច្ចចុះពិនិត្យជនរងគ្រោះដែលស្លាប់ដោយពុលស្រាថ្នាំយីហោ តាំងគួយ ក្រោយហេតុការណ៍ពុលស្រាកើតឡើងអំឡុងថ្ងៃទី០៨ និង០៩ ខែមិថុនា ឆ្នាំ២០២០។ (អគ្គស្នងការនគរបាលជាតិ)

ពលរដ្ឋម្នាក់​២នាក់ដែលមាន​អាការៈធ្ងន់ធ្ងរក្រោយពីបាន​ទទួលទានស្រាថ្នាំចិនតាំងគួយបាន​ឆ្លងផុតពីគ្រោះថ្នាក់ហើយ ដោយម្នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ខណៈបុរសម្នាក់ទៀត​គ្រូពេទ្យឱ្យនៅសម្រាកព្យាបាល​បន្ត។

ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក រឿន សុធី បានប្រាប់វីអូឌីនៅព្រឹកនេះថាបុរសម្នាក់ក្នុងចំណោម​អ្នកមាន​អាការៈពុលស្រាថ្នាំចិនធ្ងន់ធ្ងរ បាន​ចាកចេញពីមន្ទីរពេទ្យបង្អែកស្រុកមង្គលបុរីកាលពីថ្ងៃចន្ទ បន្ទាប់ពីសម្រាកព្យាបាលនៅទីនោះប្រហែល២សប្តាហ៍។ លោក រឿន សុធី បន្ថែមថាបុរសម្នាក់ទៀត កំពុងព្យាបាលបន្តនៅមន្ទីរខេត្តសៀមរាប ដោយថាស្ថានភាពសុខភាពបាន​ធូរស្បើយហើយ។

លោក រឿន សុធី បានមានប្រសាសន៍ថា៖​«គាត់បានឆ្លងផុតគ្រោះថ្នាក់ហើយ ប៉ុន្តែគាត់នៅមានរោគសញ្ញាញៀនស្រា។ ប្រព័ន្ទប្រសាទរបស់គាត់មិនទាន់នឹងនរ។ មួយរយៈដែលគាត់ដេកពេទ្យប៉ះពាល់ទម្លាប់ញៀនស្រារបស់គាត់»។

ប្រធានសាខា​អគ្គនាយកដ្ឋាន​ការ​ពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)រា​ជធានីភ្នំពេញ លោក ហេង មាលី បានប្រាប់ថាអាជ្ញាធរមិនទាន់ចាប់ខ្លួនម្ចាស់សិប្បកម្មផលិតស្រាថ្នាំចិនសែយីហោតាំងគូយបាននៅឡើយទេ​គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ដោយថាអាជ្ញាធរកំពុងបន្តស្រាវជ្រាវ។

ពលរដ្ឋ៧នាក់នៅខេត្តបន្ទាយមានជ័យបានស្លាប់កាលពីថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីពួកគាត់បានទទួលទានស្រាថ្នាំចិនតាំងគួយ។

ក្រោយពីមានករណីពុលបណ្តាលឲ្យឈឺ និងស្លាប់នោះ ក្រសួងបានយកសំណាកស្រាថ្នាំនោះពី​ទីតាំង​ផ្សេង​គ្នា​ទៅ​ពិសោធ​នៅ​មជ្ឈមណ្ឌលជាតិពិសោធ៍នៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ ​លទ្ធផលនៃការពិសោធន៍​បង្ហាញថាសំណាកភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត មានកម្រិតមេតាណុល ១៣.៥%។ ដោយឡែកសំណាកយកពីភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានកម្រិត ១៤.៩% និងសំណាកនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុល ១៥.១%។ មេតាណុល ជាប្រភេទអាល់កុលដែលមិនអាចទទួលទានបាននោះទេ ដែល​គេប្រើវានៅក្នុងឥន្ធនៈជាដើម។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន សមត្ថកិច្ចបាន​ចុះ​ទៅឆែកឆេរនៅទីតាំងផលិតស្រាំថ្នាំចិនតាំងគួយនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ប៉ុន្តែទីតាំងនោះត្រូវបាន​បិទរួចទៅហើយ។ អាជ្ញាធរបាន​ដាក់ការសង្ស័យថា​ម្ចាស់​អាជីវកម្មបាន​រត់គេចខ្លួន បន្ទាប់ពីបាន​លឺព័ត៌មាន​នៃការស្លាប់របស់ពលរដ្ឋបន្ទាប់ពីទទួល​ទានស្រាថ្នាំរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ