កម្ពុជាសម្រេចបើកព្រំដែនជាមួយវៀតណាម អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសនេះ ចូល និងចេញពីប្រទេសកម្ពុជាដូចធម្មតាវិញ បន្ទាប់ពីផ្អាកការឆ្លងកាត់រយៈពេលជាង ៣ខែកន្លងមកនេះ ដោយមូលហេតុការពារឆ្លងរាលដាលកូវីដ១៩។
តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១៩ ខែមិថុនា បានបញ្ជាក់ថា ពលរដ្ឋវៀតណាមអាចចេញនិងចូលប្រទេសកម្ពុជាដូចធម្មតាវិញ គ្រាន់តែគោរពទៅតាមវិធានការសុខាភិបាលសម្រាប់ការពារមេរោគកូវីដ១៩។
លិខិត៖ «អនុញ្ញាតឱ្យពលរដ្ឋវៀតណាម ចូល ចេញ ព្រះរាជាណាចក្រកម្ពុជា និងតម្រូវឱ្យពលរដ្ឋវៀតណាមទាំងនោះអនុវត្តតាមវិធានការសុខាភិបាល ដែលបានដាក់ចេញដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩»។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានប្រកាសផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា ជាមួយវៀតណាម ដើម្បីការពារមេរោគកូវីដ១៩។ ពេលនោះកម្ពុជាក៏បានប្រតិកម្មបង្ហាញការមិនសប្បាយចិត្តចំពោះករណីវៀតណាមប្រកាសបិទព្រំដែនមុន ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា៕