កម្ពុជា​ប្រាប់​UN​ពី​តួនាទី​សំខាន់​របស់​ក្រុម​ប្រឹក្សាពិគ្រោះ​យោបល់

ឯកអគ្គទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខឿន ឡើងថ្លែងនៅក្នុង​សម័យប្រជុំលើកទី​៤៣ កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅ​ទីក្រុងហ្សឺណែវ។ (ហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)

តំណាង​រដ្ឋាភិបាល​បាន​ប្រាប់​អង្គការសហប្រជាជាតិ​(UN​)ថា កម្ពុជា​ឱ្យ​តម្លៃ​ខ្ពស់​លើ​ការ​មាន​គណ​បក្ស​នយោបាយ​ច្រើន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត និង​បាន​បង្ហាញ​តួនាទី​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ក្នុង​ការ​ឃ្លាំមើល​រដ្ឋាភិបាល។

ក្នុង​លិខិត​បកស្រាយ​មួយ​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី១៩ ខែមិថុនា​ បញ្ជាក់​ថា កម្ពុជា​ឱ្យ​តម្លៃ​ខ្ពស់ទៅ​លើ​សេរីភាព​បញ្ចេញមតិ និង​សេរី​ពហុបក្ស។

លិខិតបញ្ជាក់​ទៀត​ថា កម្ពុជា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​វិទ្យុ ទូរទស្សន៍ អន​ឡាញ និង បោះពុម្ព​ផ្សាយ​ជាង ១០០០ស្ថាប័ន ​ធ្វើការងារ​ដោយសេរី ចំណែក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​សាកសួរ​ជាប្រចាំ។

លិខិត៖«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​យោបល់​បានអញ្ជើញរដ្ឋមន្ត្រីជាច្រើន​មកសួរសំណួរ​ជាទៀងទាត់ និង​ស៊ើបអង្កេតដោយ​ឯករាជ្យលើបញ្ហា​ប៉ះពាល់ដល់​យុត្តិធម៌សង្គម»។​

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៨ បន្ទាប់ពី​គណបក្សប្រជាជន​កម្ពុជា​ទទួល​អាសនៈ​ចំនួន១២៥នៅក្នុង​រដ្ឋសភា។ ទោះ​យ៉ាងណា​ ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ ត្រូវ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បញ្ជាក់​ថា នឹង​មិន​ឱ្យ​មាននៅ​អាណត្តិ​ក្រោយ​ទេ ដោយសារ​ធ្វើការងារ​លើស​ដែន​សមត្ថកិច្ច​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ