លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការទិញរថយន្តយោធាជិត៣០០គ្រឿងមិនប្រើប្រាស់ថវិកាជាតិទេ គឺបានពីសប្បុរសជន ពិសេសឈ្មួញទិញលក់ដី ព្រោះមុខរបរអ្នកទាំងនោះបានផលចំណេញ ហើយចង់ឱ្យមានស្ថិរភាពបន្ត។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីប្រគល់ និងទទួលរថយន្តយោធា២៩០គ្រឿង ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើអំណោយដល់កងយុទ្ធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ លោកបញ្ជាក់ថា ថវិកាចំណាយទិញរថយន្តទាំងនោះ ទទួលបានមកពីសប្បុរសជនក្នុងស្រុក ជាពិសេសបានមកពីអ្នកឈ្មួញទិញលក់ដី គឺមិនមែនយកថវិការដ្ឋ និងមូលនិធិដែលគេបរិច្ចាគពីកូវីដ១៩នោះទេ។ លោកមិនបានបញ្ជាក់ថា រថយន្តទាំងនេះទិញអស់ថ្លៃប៉ុន្មានទេ។
លោកបន្តថា ៖ «កើតចេញពីក្រុមហ៊ុនឯកជន ក្នុងមួយឆ្នាំៗគេជួយដល់រដ្ឋាភិបាលរាប់សិបលានដុល្លារ ដើម្បីជួយកាត់បន្ថយបន្ទុករដ្ឋាភិបាល ដើម្បីជួយលើកទឹកចិត្តបង្កើនការការពារជាតិ ឡាន២៩០គ្រឿង ខ្ញុំជាមួយនាយឧត្តមសេនីយ៍ នេត សាវឿន ខ្ញុំបានធ្វើការជាមួយក្រុមសប្បុរសជន ដែលគេមានលទ្ធភាព និងពេញចិត្តជួយ ប៉ុន្មានឆ្នាំមុន គេរកស៊ីដីចំណេញ គេចង់ឲ្យមានស្ថិរភាពដីឡើងថ្លៃ គេជួយ ឯកឧត្តម នេត សាវឿន គាត់ដឹងច្បាស់»។
លោក ហ៊ុន ម៉ាណែត ថ្លែងទៀតថា កន្លងមកមានក្រុមអ្នកវិភាគមួយចំនួន ជាពិសេសអ្នកវិភាគខ្មែរនៅអាមេរិក និយាយថា ដំណាក់កាលកូវីដ១៩នេះ រដ្ឋាភិបាលមិនចាំបាច់ទិញរថយន្តយោធានោះទេ។ ប៉ុន្តែលោកថ្លែងបែបចំអកទៅអ្នកវិភាគវិញថា មានតែមេទ័ពទេដែលដឹងពីតម្រូវការទ័ពច្បាស់ នៅក្នុងកាលៈទេសៈនេះ។
លោក ហ៊ុន ម៉ាណែត បន្តថា រថយន្តយោធា២៩០គ្រឿងនោះ រដ្ឋាភិបាលបានកម្មង់ពីក្រុមហ៊ុនចិនកាលពីពាក់កណ្ដាលឆ្នាំ២០១៩ និងគ្រោងនាំចូលមកកម្ពុជានៅដើមខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ ត្រូវបានពន្យារពេលមួយរយៈ ក្រោយមកនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២០នេះ ខណៈស្ថានភាពកូវីដ១៩ធូរស្រាល កម្ពុជាសម្រេចនាំចូលមកកម្ពុជានៅពាក់កណ្ដាលខែនេះផងដែរ៕