កម្មករ​រងគ្រោះ​ករណី​បាក់​អគារ​នៅ​ព្រះសីហនុ​ស្នើតុលាការ​ពន្លឿន​រឿង​ក្តី​នេះ

កំរងផ្កា និងសម្ភាររៀបចំក្នុងពិធីរំឭកខួប១ឆ្នាំនៃការបាក់រលំអគារនៅក្នុងខេត្តព្រះសីហនុ ដែល​បាន​រៀបចំនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។ ​(រូបភាព៖ ណាត សុភាព)

កម្មករ​ដែល​រងគ្រោះ​ករណី​បាក់​រលំ​អគារ​នៅក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ខែមិថុនា ឆ្នាំ២០១៩ អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​លើ​បណ្តឹ​ងរ​បស់​ពួក​គាត់ ដើម្បី​ផ្តល់​យុត្តិធម៌ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ដល់​ពួក​គាត់​ដែល​រង​របួស​ក្នុង​ហេតុការណ៍​នេះ។

នៅ​ថ្ងៃនេះ សហជីព កម្មករ និង​សាច់ញាតិ​ជនរងគ្រោះ បាន​ធ្វើពិធី​រំលឹក​ខួប១ឆ្នាំ នៃ​ការ​បាក់​រំលំ​អគារ​នៅ​ក្រុង​ព្រះសីហនុ សង្កត់​លើ​កម្មករ​ស្លាប់២៨នាក់ និង២៦នាក់​ទៀត រង​របួសធ្ងន់ និង​ស្រាល កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

លោក អ៊ុ​ក សាវ៉ា​ត វ័យ ៣១ ឆ្នាំ ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ថ្លែង​ថា រូបលោក​មានរបួស​ធ្ងន់ មិន​អាច​បំពេញការងារ​បាន​ដូចមុន។ លោក​បន្ត​ថា បើ​ទោះជា​មានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ខ្លះ​ហើយក៏​ដោយ ក៏​លោក​និង​កម្មករ​រងគ្រោះ​ផ្សេងទៀត​សុំ​ឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ក្នុងករណី​នេះ​ដែរ។

លោកមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាយើងថា អត់ទាន់សមស្រប ទីមួយក្រុមហ៊ុនអត់ទាន់ចេញសំណងឲ្យយើងទេ ហើយសំណងដែលយើងបានមកពីសប្បុរសជនមកដូចថាអ្នកឧបត្ថម្ភចេញមកពីក្រៅទេ សំខាន់បំផុតគឺយើងត្រូវការបានសំណងចេញពីប្រធានក្រុមហ៊ុន ដើម្បីផ្តល់យុត្តិធម៌ដល់យើង»។

កម្មករម្នាក់ទៀតលោក ម៉ម ធីម វ័យជាង៥០ឆ្នាំ បាននិយាយថា របួសផ្លូវកាយ និង  បញ្ហាផ្លូវអារម្មណ៍ បណ្តាលពីហេតុការណ៍បាក់អគារនេះនៅតែជះឥទ្ធិពលលើពួកគាត់។​

លោកមានប្រសាសន៍ថា៖ «បាក់បែកទៅគេ[ក្រុមហ៊ុន]អត់សង វាប៉ះពាល់ដល់អារម្មណ៍ អ្នកស្លាប់ក៏ស្លាប់ អ្នកសល់ពីស្លាប់អត់សង ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍យើង ហើយប៉ះពាល់ដល់ជីវភាពគ្រួសារច្រើនដែរ»។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​សំណង់ លោក សុខ គីន​ សង្កេតឃើញ​ថា រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ចាប់បង្ខំ​ឲ្យ​ម្ចាស់​អគារ​សង​សំណង​ដល់​ជនរងគ្រោះ​នោះ​ទេ។ លោក​បន្ត​ថា ក្រុមការងារ​របស់​លោក​នឹង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ជំរុញ​ទៅ​រដ្ឋាភិបាល និង​តុលាការ​ចាប់បង្ខំ​ឲ្យ​ម្ចាស់​អគារ​ចេញមុខ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ។

លោកមានប្រសាសន៍ថា៖ «ទោះបីជារឿងហ្នឹងមានមេធាវីតំណាងរបស់រដ្ឋាភិបាលការពារក្តីឲ្យពួកគាត់ក៏ដោយ យើងនៅតែព្យាយាមស្នើទៅរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធជំរុញធ្វើយ៉ាងណា ត្រូវពន្លឿននីតិវិធីនៅតុលាការ ដើម្បីឲ្យពួកគាត់ទទួលបានសំណងដោយយុត្តិធម៌»។

ប្រធានសហព័ន្ធសហជីពរូបនោះ អះអាងថា នៅថ្ងៃទី២៥ ខែមិថុនានេះ តុលាការខេត្តព្រះសីហនុ​នឹងបើកសវនាការរឿងកម្មករសំណង់ដែលរងគ្រោះទាំងនោះផងដែរ។ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តព្រះសីហនុ លោក សៀង សុខ សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ។​

ដោយឡែក ការបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បណ្ដាលឱ្យស្លាប់កម្មករសំណង់ ៣៦នាក់ ហើយមនុស្ស ២៣នាក់​ផ្សេង​ទៀតបាន​រង​របួស​ធ្ងន់​ស្រាល។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​សំណង់ លោក សុខ គីន​ បញ្ជាក់​ថា ដើមឆ្នាំ២០១៨ ដល់​ឆ្នាំ២០១៩ ក្រុមហ៊ុន​សំណង់​ដែល​បាន​ចុះបញ្ជី​ជាង២ពាន់​ក្រុមហ៊ុន ប៉ុន្តែ​ក្រុមហ៊ុន​ដែល​មាន​សុពលភាព​ប្រហែលជា ៩០០ក្រុមហ៊ុន តែប៉ុណ្ណោះ។ ចំណែក ជាង​មួយ​ពាន់​ក្រុមហ៊ុន​ទៀត​មិន​បន្ត​សុពលភាព​នៅ​ក្រសួង​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ នៅតែ​ដំណើរការ​ការងារ​របស់​ខ្លួន​ដដែល ករណីនេះ​លោក​ថា ធ្វើឲ្យ​បញ្ហា​ប្រឈម​នៅតែ​កើតមាន​ចំពោះ​កម្មករ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ