លោក ហ៊ុន សែន ថា​វិបត្តិ​​សុខ​ភាព​​សកល​​មិន​​អាច​​សម្លាប់​​រដ្ឋា​ភិបាល​​លោក​​បាន​ទេ​​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា វិបត្តិ​សុខភាព​សកលដែល​កំពុង​រាតត្បាតលើបណ្ដា​ប្រទេស​នានា​រួម​ទាំង​កម្ពុជា​ផង​នោះ មិន​អាច​សម្លាប់​រដ្ឋាភិបាល​របស់​លោក ដូច​មជ្ឈដ្ឋាន​មួយចំនួន​បាន​លើកឡើង​នោះ​ឡើយ ដោយ​ថា ចំណូល​ពន្ធគយ​តែមួយ អាច​ទប់ទល់​ទៅ​នឹង​ចំណាយ​ចរន្ត​បាន។

លោក ហ៊ុន សែន ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​នៅ​ខេត្តកណ្តាល​នា​ថ្ងៃ​ចន្ទ​នេះ បាន​ថ្លែង​ថា មាន​អ្នកខ្លះ​និយាយ​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិសេដ្ឋកិច្ច និង​អ្នកខ្លះ​ទៀត​បង្ហោះ​តាម​ហ្វេសប៊ុក​ថា នៅ​ឆ្នាំក្រោយ ​កម្ពុជា​នឹង​អត់​ថវិកា​បើកប្រាក់ខែ​ឱ្យមន្ត្រី​រាជការ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ថា កូ​វី​ដមិន​អាច​សម្លាប់​រដ្ឋាភិបាល ហ៊ុន សែន បានទេ។ បើ​ទោះបី​មកដល់​ខែមេសា ត្រូវ​ឡើង​បៀវត្សរ៍​មួយ​ដំណាក់​ទៀត ពេលនោះ​កូ​វី​ដកំ​ពុង​តែ​វាយប្រហារ​ ចំណូល​ធ្លាក់ចុះ ក៏ប៉ុន្តែ រដ្ឋាភិបាល​នៅតែ​មាន​សមត្ថភាព ដើម្បីនឹង​ដំឡើង​បៀវត្សរ៍ ហើយ​បន្ត​បើក​បៀវត្សរ៍​ក្នុង១ខែ​បើក​ពីរ​ដងៗ»។

ទោះជាយ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ខែមេសា​កន្លងមក​ថា រដ្ឋាភិបាល​បានសម្រេច​ចិត្ត​កាត់បន្ថយ​ការ​ចំណាយ​ថវិកាជាតិ ៥០ភាគរយ​ពី​គ្រប់​ក្រសួង និង​ថ្នាក់ក្រោម​ជាតិ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩។

កាលពី​ថ្ងៃទី២០ ខែមិថុនា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប ដែល​កំពុង​និរទេស​ខ្លួន គឺ​លោក សម រង្ស៊ី ថ្លែង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា សេដ្ឋកិច្ច​នៅ​កម្ពុជា​កំពុង​មាន​វិបត្តិ។ លោក​ថា ការកាត់បន្ថយ​ការ​ចំណាយ​ថវិកាជាតិ​ដល់ទៅ ៥០ភាគរយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​ពី​សញ្ញា​ជិត​ដួល​រលំ។

លោក សម រង្ស៊ី សរសេរ​រៀបរាប់​ថា៖ «បើ​យើង​ធ្វើវិភាគ​ផ្នែក​សេដ្ឋកិច្ច ហ៊ុន សែន ទាល់ច្រក​ហើយ នយោបាយសេដ្ឋកិច្ច​ផ្នែក​រូបិយវត្ថុ​ក៏​ទៅ​អត់​រួច ផ្នែក​ហិរញ្ញវត្ថុ​ក៏​ទៅ​អត់​រួច។ អ៊ីចឹង​វា​គាំង​ហើយ ទៅមុខ​អត់​រួច​ វា​ត្រូវតែ​ដួល​រលំ​ហើយ»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិម​អេង និយាយ​ថា អ្នកនយោបាយ​ខ្មែរ​គួរ​ដល់ពេល​រួមគ្នា​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​រាប់​លាន​នាក់ ដែល​កំពុង​អត់​ការងារ​ធ្វើ​ដោយ​កូ​វីដ១៩ និង​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដើម្បីកុំឱ្យ​ពលរដ្ឋ​មើលឃើញ​ថា សារ​ឆ្លើយ​ឆ្លងដើម្បី​តែ​ប្រយោជន៍​បក្ខ​ពួក។

លោក យង់ គិម​អេង ប្រាប់​ថា៖ «ជាទូទៅ ខ្ញុំ​ចង់​ឃើញ​អ្នកនយោបាយ​ចាប់ផ្តើម​ធ្វើការ​ជាមួយគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​ជាតិ ជាជាង​ប្រើការ​នេះដើម្បី​វាយ​ប្រ​ហា​រគ្នា​ទៅវិញទៅមក»។

កាលពីដើម​ខែមិថុនា​នេះ តំណាង​អ្នក​វិ​និ​យោ​គធំៗ​ចំនួន ៣ រួមមាន សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ (GMAC​) សមាគម​ស្បែកជើង​កម្ពុជា (CFA​) និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​ដាក់​លិខិតស្នើ​សុំ​សហភាព​អឺរ៉ុប​ពន្យារពេល​អនុវត្ត​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ខ្ទង់ ២០ភាគរយ ដែល​អឺរ៉ុប​គ្រោង​ដក​នៅ​ខែសីហា​ខា​ងមុខ។

អគ្គលេខាធិការ​សមាគម​ស្បែកជើង​កម្ពុជា លោក បេន កៅ (Ben Kao​) លើកឡើង​ក្នុង​លិខិត​នោះ​ថា បើ​សហភាព​អឺរ៉ុប​ដក EBA ដូច​ការ​គ្រោងទុក ចំ​ពេល​ដែល​វិស័យ​មួយ​នេះកំពុង​រង​ផល​ប៉ះពាល់​ពី​កូ​វីដ១៩ លោក​ថា៖

«គ្រួសារ​កម្ពុជា​រាប់​សែន​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ភាព​បាត់បង់​ការងារ ហើយ​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​ជាថ្មី ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ណាមួយ​ទេ​នោះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ