លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មតបទៅនឹងអ្នករិះគន់ថា វាគ្មានរឿងអ្វីពិបាករកប្រាក់ត្រឹមជាង ៣០លានដុល្លារពីសមាជិកបក្សដែលមានទាំងសេដ្ឋីផងនោះ សម្រាប់កសាងអគារថ្មីនៃទីស្នាក់ការកណ្ដាលរបស់បក្សនោះទេ។
លោក ហ៊ុន សែន ក្នុងពិធីចុះពិនិត្យការសាងសង់ព្រលានយន្តហោះនៅខេត្តកណ្តាលនាថ្ងៃចន្ទនេះ បានថ្លែងថា នៅថ្ងៃទី២៨ខាងមុខនេះ គណបក្សនឹងសូត្រមន្តឡើងអគារថ្មីនៃស្នាក់ការបក្សកាន់អំណាច។
មេដឹកនាំបក្សកាន់អំណាចរូបនេះ អះអាងថា លុយជាង ៣០លានដុល្លារ បានពីសមាជិកបក្ស មានចាប់តាំងពីកសិករ កម្មករ រហូតដល់កូនសេដ្ឋី សម្រាប់កសាងអគារថ្មីនៃទីស្នាក់ការនេះ ដែលជាការឆ្លើយតបរបស់លោកទៅនឹងការចោទសួរថា តើបានលុយមកពីណា។
លោក ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹង វាមានរឿងអីពិបាកត្រឹមជាង ៣០លានដុល្លារយកទៅសាងសង់សម្រាប់អគារគណបក្សមួយដែលជាគណបក្សកាន់អំណាចៗ»។
អគារនេះសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់មានទំហំប្រមាណ ១.៦ហិកតា និងមានកម្ពស់ចំនួន ៥ជាន់ រចនាប័ទ្មខ្មែរ។ អគារនេះចាប់ដំណើរការសាងសង់ឡើងវិញនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨៕