វិភាគ៖ មូល​ហេតុ​​ច្បាប់​​ហាម​​មាន​​កម្លាំង​ទ័ព​​នៅ​ក្នុង​​បក្ស​​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ដៃលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងពេលពិធីបើកសម្ពោធវិមាន ឈ្នះ-ឈ្នះ នៅភូមិព្រែកតាសោម នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។ (ក្រសួងការពារជាតិ)

ច្បាប់​កំ​ពូល​ៗរបស់​កម្ពុជា ក៏ដូចជា​ច្បាប់​នៅ​តាម​បណ្តា​ប្រទេស​កាន់​របប​ប្រជា​ធិប​តេយ្យ​ផ្សេង​ៗទៀត​នៅ​លើ​ពិភពលោក​ដែរ​ គឺ​បាន​ចែង​ពី​ឯករាជ្យ​ភាព ឬការ​មិន​ពាក់ព័ន្ធ​គ្នា​រវាង​គណបក្ស​នយោបាយ និង​ស្ថាប័ន​កងកម្លាំង​ប្រដាប់​អាវុធ។

ទំនៀមទម្លាប់ ឬច្បាប់​ដែល​បាន​ចែង​ពី​ករណីនេះ ដោយសារតែ​បាន​ជួប​បញ្ហា​ពីអ​តី​តកាល និង​មើលឃើញ​បញ្ហា​ទៅ​ថ្ងៃ​អនាគត​ទៀត​ថា ការអនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​មាន​កម្លាំងទ័ព​ ឬ កម្លាំងទ័ព​មាន​ទំនាក់ទំនង​ណាមួយ​ក្នុង​រចនាសម្ព័ន្ធ​របស់​គណបក្ស​នយោបាយ​នោះ នឹង​មាន​បញ្ហា​កើតឡើង​គេច​មិន​ផុត។

បញ្ហា​ទាំងនោះ​អាច​មាន​ដូចជា​ការប្រើ​ប្រាស់​កម្លាំងទ័ព​ដើម្បី​ការពារ​គណបក្ស ប្រើ​កម្លាំងទ័ព​ដើម្បី​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រសិនបើ​គណបក្ស​របស់​ខ្លួន​ចាញ់​ការបោះឆ្នោត ឬ គណបក្ស​របស់​ខ្លួន​ពលរដ្ឋ​មិន​គាំទ្រ។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុ​មហ្វ្រែល (COMFREL​) ដែល​ធ្វើការងារ​ជំរុញ​ឱ្យ​មានការ​ប្រកួតប្រជែង​បក្សនយោបាយ​តាម​បែប​ប្រជាធិបតេយ្យ​ លោក កន សា​វាង្ស លើកឡើង​ថា កងកម្លាំង​ជា​របស់​ជាតិ ត្រូវការ​ពារ​អ្វី​ជា​ផលប្រយោជន៍​ជាតិ មិន​អាច​មាន​តួនាទី​នៅក្នុង​បក្ស​បានទេ។

លោក កន សា​វាង្ស មានប្រសាសន៍​ថា៖ «ទាក់ទង​ជាមួយ​យោធិន ទាក់ទង​ជាមួយ​អ្នកនយោបាយ​ គេ​មាន​ហាមឃាត់ គេ​មាន​និយាយ។ ដូច​យើង​ដឹង​ហើយ​ថា បាន​ជា​ច្បាប់​ហាមឃាត់​ព្រោះ​មេទ័ព​មាន​តួនាទី​ការពារ​ជាតិ មាន​តួនាទី​មួយ​ការពារ​ស្ថិរភាព​របស់​ប្រជាពលរដ្ឋ»។ 

លោក កន សា​វាង្ស ពន្យល់​ទៀត​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ គណបក្ស​នយោបាយមានការ​ប្រកួតប្រជែង​គ្នាដណ្តើម​យក​ការ​គាំទ្រ​ពី​ពលរដ្ឋ ដូច្នេះ​ កងទ័ព​ជា​កម្លាំង​របស់​ជាតិ​មិន​អាច​ដាក់ខ្លួន​ទៅ​គាំទ្រ​បក្ស​ណាមួយ ប្រឆាំង​បក្ស​ផ្សេង​ជាខ្មែរ​ដូចគ្នា​នោះ​ទេ។

លោក កន សា​វាង្ស បន្ថែម​ថា៖ «អ្នកនយោបាយ​គាត់​ធ្វើសកម្មភាព​ប្រកួតប្រជែង​រវាង​គណបក្ស​នយោបាយ​មួយ​ជាមួយ​គណបក្ស​នយោបាយ​មួយទៀត ដើម្បី​ដណ្តើម​ប្រជាប្រិយ​ភាព​ក្នុង​ការដឹកនាំ​ប្រទេស។ វា​មិន​ដូច​តួនាទី​របស់​មន្ត្រី​កងទ័ព​ទេ ព្រោះ​កងទ័ព​ជាម​ន្ត្រី​ការពារ​សុវត្ថិភាព​ក្នុង​កាលៈទេសៈ​ណាក៏ដោយ»។

បើ​យើង​ពិនិត្យ​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ផ្សេង​ទៀត​របស់​កម្ពុជា ​ក៏បាន​ចែង​ពី​ឯករាជ្យ ឬហាម​មន្ត្រី​កងទ័ព​មាន​តួនាទី​នៅក្នុង​គណបក្ស​ដែរ។

ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ ត្រង់​មាត្រា២៣ បញ្ជាក់​ថា ព្រះមហាក្សត្រ​ជា​មេ​បញ្ជា​កំពូល​របស់​កងទ័ព ហើយ​ការតែងតាំង​អគ្គ​មេ​បញ្ជា​កងទ័ព​ធ្វើឡើង​គ្រាន់តែ​ដើម្បី​បញ្ជាទ័ពសម្រាប់​បំពេញការងារ​តែប៉ុណ្ណោះ។

មាត្រា១០ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរៈ​ភូមិន្ទ​ចែងថា យោធិន​ម្នាក់​អាច​មានគំនិត​ ឬជំនឿ​ជា​លក្ខណៈ​ទស្សនវិជ្ជា​ ឬន​យោ​បាយផ្ទាល់ខ្លួន​បាន ​ប៉ុន្តែ​ ពុំ​អាច​សម្តែង​ជា​សាធារណៈ​ឡើយ។ 

ចំណែក​ឯច្បាប់​សំខាន់​មួយទៀត​គឺ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា៦ បាន​ហាម​គណបក្ស​មិន​ឱ្យ​បំបែក​ប្រទេស ​(អបគមន៍​) នាំ​ឱ្យ​អន្តរាយ​ដល់​ប្រទេស​ និង​ជាតិ​, ធ្វើ​វិទ្ធរង្ស​នា​ប្រឆាំង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​, ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​នៃ​រដ្ឋ​, បង្កើត​កម្លាំងប្រដាប់អាវុធ និងញុះញង់​នាំ​ឱ្យ​មានការ​បែកបាក់​ជាតិ។

ការ​ប្រយ័ត្ន​ប្រយែង​របស់​អ្នក​តាក់តែង​ច្បាប់ ក៏ដូចជា​មេដឹកនាំ​ជំនាន់​មុន​ក្នុង​ការ​ហាម​កងទ័ព​មិន​ឱ្យ​មាន​ទំនាក់ទំនង​ជា​រចនាសម្ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​នេះ មិនមែន​មានតែ​នៅ​កម្ពុជា​ទេ គឺ​នៅ​តាម​បណ្តា​ប្រទេស​កាន់​របប​ប្រជា​ធិប​តេយ្យ​ផ្សេង​ៗទៀត ​ក៏​ប្រយ័ត្ន​ត្រង់​ចំណុច​នេះ​ដូចគ្នា​ដែរ។

អ្នក​សិក្សា​នយោបាយ​អន្តរជាតិ​ លោក រ៉ូ វណ្ណៈ មានប្រសាសន៍​ថា ការអនុវត្ត​លើឆាកអន្តរជាតិ នៅក្នុង​របបនយោបាយ​ប្រជាធិបតេយ្យ គេ​តម្រូវ​ឱ្យ​កងទ័ព​ត្រូវតែ​ឯករាជ្យ​ មិន​ស្ថិតនៅ​ក្នុង​បក្សនយោបាយ ឬបម្រើ​ឱ្យ​បក្សនយោបាយ​ណាមួយ​នោះ​ទេ។

លោ​ក រ៉ូ វណ្ណៈ លើកឡើង​ថា៖ «មេទ័ព​ត្រូវ​បាន​តែងតាំង​ដោយ​ប្រមុខរដ្ឋ​ ឬរដ្ឋាភិបាល តែ​ត្រូវ​សុំ​ការយល់ព្រម​ពី​ព្រឹទ្ធសភា ដូច​អាមេរិក ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាច​ចេញពី​បក្សនយោបាយ​ដែល​ឈ្នះ​ឆ្នោត តែ​មេទ័ព​មិន​ត្រូវ​ស្ថិត​ក្នុង​បក្សនយោបាយ​នោះ​ទេ ដើម​រក្សា​ឯករាជ្យ​ភាព​របស់​កងទ័ព»។

ជំនួយការ​ប្រធាន​ផ្នែក​ផែនការ​ និង​គោលនយោបាយ​បុគ្គលិក​យោធា​អន្តរជាតិ នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្លង់​ទិ​កខាងជើង​ ហៅ​ម្យ៉ាងទៀត​ថា​ សម្ព័ន្ធ​អា​ត្លង់​ទិ​កខាងជើង​(Nato​) លោក Harald Kujat ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​កាលពី​ឆ្នាំ១៩៩៨ថា ដើម្បី​វាស់វែង​តួនាទី​ឯករាជ្យ​របស់​កងទ័ព​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ គឺ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ត្រូវ​ចែង​សង្ខេប​ពី​តួនាទី​របស់​កងទ័ព។

លោក​បន្ត​ថា តួនាទី​សង្ខេប​ទាំងនោះ​មាន​ដូចជា តួនាទី​ការពារប្រទេស ឬសម្ព័ន្ធ​មិត្ត​, ជួយ​ផ្នែក​មនុស្សធម៌​, អនុវត្តន៍​ការពារ​ស្រាវជ្រាវ​ និង​ជួយសង្គ្រោះ​, ជួយ​ពេល​មាន​គ្រោះ​ធម្មជាតិ​, ជួយ​ពេល​មានហេតុ​ការណ៍​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ, និង​ជួយ​រក្សា​សណ្តាប់​ធ្នាប់​សង្គម​ដោយ​មិន​ប្រើប្រាស់​អាវុធ​ជាដើម។ 

ព្រឹត្តិ​ការណ៍​នយោបាយ​នៅ​កម្ពុជា​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៩០ ក៏បាន​បង្ហាញ​ពី​ឥទ្ធិពល​ដែល​គណបក្ស​នយោបាយ​មានការប្រើ​កម្លាំងទ័ព​ដែរ ពេលនោះ​នៅ​ឆ្នាំ១៩៩៣ គណបក្សប្រជាជន​កម្ពុជា​ចាញ់​ការបោះឆ្នោត​ មិនព្រម​ទទួលយក​លទ្ធផល រហូត​មានការ​សម្របសម្រួល​បង្កើត​ជានា​យក​រដ្ឋមន្ត្រី២រូប ​គឺ​នាយក​រដ្ឋមន្ត្រី​ទី១ សម្តេច​ក្រុមព្រះនរោត្តម រណឫទ្ធិ និង​នាយក​រដ្ឋមន្ត្រី​ទី២ លោក ​ហ៊ុន សែន

តួនាទី​នាយក​រដ្ឋមន្ត្រី២ ក្នុង​ប្រទេស​តែមួយ​នេះ​ មិនដែល​មាន​ទេ​នៅ​លើ​ពិភពលោក។ ព្រឹត្តិ​ការណ៍​នយោបាយ​រហូតដល់​ឆ្នាំ១៩៩៧ នាយក​រដ្ឋមន្ត្រី​ទី១ និង​ទី២ មាន​កម្លាំងទ័ព​ដូចគ្នា​ ឈាន​ដល់​ការ​ផ្ទុះអាវុធ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី៥ និង៦ ខែកក្កដា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ