បទ​យក​ការណ៍៖ អ្នក​លក់​កង្កែប​បោក​តាម​ផ្លូវ​ជាតិ​លេខ​២ បាត់​បង់​មុខ​របរ​ដោយ​សារ​ការ​អូស​បន្លាយ​នៃ​ការ​ជួស​ជុល​ផ្លូវ

ផ្លូវជាតិលេខ២ មានប្រវែង១៣៧គីឡូម៉ែត្រពីភ្នំពេញ ទៅដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម។ កាលពីមុនប្រសិនបើធ្វើដំណើរតាមបណ្ដោយផ្លូវជាតិនេះបានប្រមាណជាជាង៣០គីឡូម៉ែត្រពីភ្នំពេញនោះគេនឹងបានឃើញកន្លែងលក់កង្កែបបោកអាំងរាប់សិបតូប តែនៅ​ពេល​នេះចំនួនអ្នកលក់បានថយចុះជាច្រើន ដោយសារតែផលប៉ះពាល់នៃការអូសបន្លាយការសាងសង់។

« ពួកខ្ញុំលក់ហ្នឹង ពួកខ្ញុំពិបាករើកន្លែងចុះឡើងហើយភ្ញៀវពេលឃើញធ្វើផ្លូវរញ៉េរញ៉ៃអ៊ីចឹងគេមិនចូលទេ អ៊ីចឹងវាលក់អត់ដាច់ដែរបង »។

នេះជាការត្អូញត្អែររបស់កញ្ញាចិន ធីតា អាយុ ២៦ ឆ្នាំ ដែលបានផ្អាកលក់កង្កែបបោកជិត១ខែមកហើយ បន្ទាប់​ពី​ប្រកប​របរ​មនេះ​ជិត​១០​ឆ្នាំ​មកនេះ។

កញ្ញា​រៀបរាប់ថា កាល​ពី​មុនចំណូលដែលបានពីការលក់កង្កែបបោក ក្នុងមួយថ្ងៃគាត់​រកបានប្រមាណ៤០ម៉ឺនរៀលខណៈថ្លៃ​ដើមអស់​​ប្រមាណ ៣០ម៉ឺនរៀល។ តែ​​ប្រសិនជា​ថ្ងៃសៅរ៍ អាទិត្យ ឬបុណ្យទានផ្សេងៗកញ្ញា​អាច​ចំណេញ​បានច្រើនជាងនេះ។

ក្នុងមួយសប្តាហ៍ កញ្ញា ចិន ធីតា អាចលក់អស់កង្កែប៧០ ទៅ៩០គីឡូក្រាម ទោះជាយ៉ាងណា​មុខរបរមួយនេះបានធ្លាក់ចុះចំណូលប្រមាណ៥០ភាគរយនៅពេលដែលផ្លូវជាតិលេខ២ចាប់ផ្ដើមសាងសង់។

នៅពេល​នេះកញ្ញា ងាកមកលក់ម្ហូប និងបង្អែមបន្តិចបន្តួចនៅផ្ទះវិញដើម្បីរកប្រាក់ចំណូល ដោយ​សង្ឃឹមថានៅពេលដែល​ផ្លូវជាតិលេខ២ សាងសង់រួចកញ្ញាអាចទៅលក់កង្កែបបោកតាមបណ្ដោយផ្លូវនេះវិញបាន។

កញ្ញា ចិន ធីតា៖ « វាហុយ ហើយពិបាកលក់ យើងត្រូវរើកន្លែងទៅមកៗ ដល់អ៊ីចឹងទៅពួកខ្ញុំនៅផ្ទះមួយរយៈ មិនដឹងថ្ងៃណាគេធ្វើផ្លូវហើយទេ ទាល់តែវាលំនឹង វាថេរបានអាចលក់បាន »។

ក្លិនឈ្ងុយនៃកង្កែបបោកអាំង ដែលផ្សំគ្រឿងពីស្លឹកគ្រៃ ល្មៀត រំដេង ស្លឹកម្រះព្រៅ លាយជាមួយសាច់ជ្រូក និងជើងកង្កែបចិញ្ច្រាំចូលគ្នា បានទាក់ទាញអ្នកដំណើរតាមផ្លូវមួយនេះឱ្យឈប់ ភ្លក់រសជាតិកង្កែបដែលមានពណ៌ក្រហម ពោះប៉ោងដោយសារញាត់គ្រឿងផ្សំព្រមទាំង សម្រាកលើគ្រែឫស្សី ដែលមានចងអង្រឹងចាំទទួលភ្ញៀវផងដែរ។

អ្នកលក់មួយរូបទៀតគឺអ្នកស្រី  អំ ផល្លី ឲ្យដឹងដែរថា កន្លែងលក់កង្កែបបោកចន្លោះពីផ្លូវចូលរមណីយដ្ឋានទន្លេបាទី និង ផ្លូវចូលរមណីយដ្ឋានភ្នំតាម៉ៅនេះ គឺអ្នកលក់ភាគច្រើនជួលដីគេហើយសម្រាប់អ្នកស្រីគឺជួលក្នុងតម្លៃ ៧០ម៉ឺនរៀលក្នុងមួយឆ្នាំ។ អ្នកស្រីបន្តថា គាត់លក់ក្នុងតម្លៃចន្លោះពី៣ពាន់ ទៅ៣ពាន់៥រយរៀលក្នុងមួយចង្កាក់ ហើយការលក់ដូរកង្កែបបោកនេះ គឺហាក់ពិបាកចាប់តាំង​ពីមុនចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយសារមូលហេតុនៃ​ការសាងសង់ផ្លូវជាតិលេខ២នេះ និងការផ្ទុះជំងឺកូវីដ១៩ ដែលនាំឲ្យអ្នកដំណើរភាគច្រើនមិនហ៊ានចូលហូប ហើយធ្វើឲ្យចំណូលរបស់គាត់ធ្លាក់ចុះពីជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃមកត្រឹមពី៤ទៅ៥ម៉ឺនរៀលប៉ុណ្ណោះ។

អ្នកស្រី  អំ ផល្លី៖ « អាហ្នឹងដូចថាវាពិបាកមែនទែនតែម្ដង អាឈូសអ៊ីចឹងទាំងគេទាំងយើងពិបាកទាំងលក់​ គេពិបាករក​​​ផ្លូវចុះ​​អត់​​ឃើញ ម្លោះហើយអាលក់ទៅវាសល់វាខាត បើអញ្ចឹងហើយផ្អាកទៅ​វាល្អជាងអា មកសំ​កុក​​​​អត់ប្រយោជន៍។ ផ្លូវល្អស្រួលទៅ គេ​​ជិះ​​​​ចូលមកទិញមកអីយើងស្រណុកលក់ ដល់ពេលឥឡូវវាពិបាកផ្លូវតូចទៅៗ ហើយខូងអញ្ចឹងអត់សូវមានអ្នកលក់ ដូច​​អូនឯង​​បានឃើញស្រាប់ហើយអ្នកលក់  បិទ  តូបភាគច្រើន »។

មិនមែនត្រឹមតែអ្នកដែលលក់កង្កែបបោកនោះទេ ដែលត្រូវប៉ះពាល់ជីវភាពពីការសាងសង់ផ្លូវជាតិលេខ២នេះ អ្នក​ផ្គត់ផ្គង់កង្កែបស្រស់ដល់អ្នកលក់កង្កែបបោកនេះ ក៏ប៉ះពាល់ផងដែរ។

អ្នកស្រី ពិន ស្រី ជាអ្នកមើលការខុស​​​ត្រូវកន្លែង​ផ្គត់​​ផ្គង់​​​​កង្កែបស្រស់នៅក្នុងឃុំកណ្ដឹងនេះ ឲ្យដឹងថា កង្កែបស្រស់ដែលអ្នកស្រីយកមកផ្គត់ផ្គង់ដល់អ្នកលក់កង្កែបបោកនេះ គឺ  ទទួលទិញពីខេត្តតាកែវ ព្រៃវែង ស្វាយរៀង និងកន្លែងផ្សេងទៀត​តាមដែលគេទាក់​​​ទងមកហើ​យនិយាយ​ត្រូវតម្លៃ​​គ្នា។ អ្នកស្រីបន្តថា ​​ មុនសាងសង់ផ្លូវជាតិលេខ២ក្នុងឃុំ កណ្ដឹងនេះ អ្នកលក់កង្កែបបោកខ្លះបញ្ជាទិញ​​កង្កែបស្រស់​​ចន្លោះ​​ពី​​៩០ទៅ១០០គីឡូក្រាមក្នុងមួយសប្ដាហ៍ ក្នុងតម្លៃ១ម៉ឺន២ពាន់រៀលក្នុងមួយគីឡូក្រាម តែចាប់ពីផ្លូវជាតិលេខ២​​សាង​​សង់​​កាត់​ទីនោះ ការបញ្ជាទិញបានធ្លាក់ចុះជាងពាក់កណ្ដាល។

អ្នកស្រី ពិន ស្រី៖​ « ឥឡូវម្នាក់ៗលក់អស់៥០គីឡូអីវ៉ាន់ហ្នឹង​ ពីមុន   ច្រើន  ​រាប់អត់ឈ្នះ អ្នកខ្លះលក់រាល់ថ្ងៃ ២ថ្ងៃយកម្ដង អ្នកខ្លះគេលក់ថ្ងៃ សៅរ៍ អាទិត្យ មួយអាទិត្យគេយកម្ដង។ អ្នកស្ថិត​​​ស្ថេររាល់​​ថ្ងៃមួយអាទិត្យគេអស់​ជិត១០០គីឡូរបស់គេដែរហ្នឹង » ។​

ទាក់ទងនឹងរបរលក់កង្កែកបោកអាំង និងការកសាងផ្លូវជាតិលេខ២នេះមេឃុំកណ្ដឹង ស្រុកបាទី គឺលោក ស្រី សំបូរ ឲ្យដឹងថាជាធម្មតាការអភិវ​ឌ្ឍតែងតែមានផលប៉ះពាល់ តែទោះជាយ៉ាងណាអាជ្ញាធរឃុំបានស្នើឲ្យថ្នាក់ខេត្ត និងក្រសួងពន្លឿនការសាងសង់នេះ ដើម្បីឲ្យឆាប់រួចរាល់ផង​ដែរ​។ លោកឲ្យដឹងថា​នៅក្នុងឃុំកណ្ដឹងទាំងមូលមានអ្នកប្រកបរបរលក់កង្កែបបោកអាំងនេះប្រមាណ៧០គ្រួសារ ហើយក្នុងនោះគ្រួសារ​​ខ្លះលក់២​​ទៅ៣តូប តែលោកថារហូតមកដល់ពេលនេះមានតែប្រមាណ២០ ទៅ៣០តូបប៉ុណ្ណោះដែលនៅលក់។

លោក ស្រី សំបូរ៖ « យើងកំណត់អត់បានទេពេលខ្លះ​កន្លែងណាដែលមានចន្លោះល្អគាត់ចេះតែលើក​​ដាក់លក់ទៅពេលណា​ដែល​គេឈូសគាត់លើកចល័តចេញទៅ »។

ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ដែល​មាន​ប្រវែង​ជាង​៧០​គីឡូ​ម៉ែត្រ និង​ទទឹង​ពី​១៣ ដល់​២០,៥​ម៉ែត្រ បានបើក​ការដ្ឋាន​សាងសង់​ឡើងវិញកាលពី​ថ្ងៃទី​ ​១១ ​ខែកុម្ភៈ​ ឆ្នាំ​២០២០ ដោយ  គ្រោងចំណាយទឹកប្រាក់ ៤៥,៧​លាន​ដុល្លារសហរដ្ឋអាមេរិក ជាប្រាក់កម្ចីពីរដ្ឋាភិបាលកូរ៉េខាងត្បូង ហើយគ្រោងប្រើរយៈ​​ពេល​​សាង​​សង់ ៣០ខែ ។ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន Hanshin Engi​​​neering​​ and Construction Co., Ltd ។

មន្ត្រីសម្របសំរួលផ្លូវ ថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូនមួយរូបដែលសុំមិនបញ្ចេញឈ្មោះទទួលស្គាល់ថា ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ដោយ​សារ​ការងសាងសង់​ផ្លូវ​នេះ​ តែ​​ក្រសួង​​ក៏​​​ទើបនឹង​ ​​បាន​​​​​​បើកកិច្ចប្រជុំបន្ទាន់ជាមួយភាគីក្រុមហ៊ុន ​ដើម្បីដោះស្រាយបញ្ហាដែលកំពុងជួប​ប្រទះ​ផង​ដែរ ព្រោះថារដូវភ្លៀងបាន​​ចូល​​មក​​ដល់​​ដែល​ប្រាកដ​ណាស់​នឹង​ធ្វើ​ឲ្យប្រជាពលរដ្ឋកាន់តែលំបាក ជាពិសេសតំបន់ទីប្រជុំជន និងកន្លែងដែល​​​ប្រជាពលរដ្ឋ​​ប្រកបរបរ​​អាជីវកម្ម​​ផ្សេងៗ។

លោក​ថា៖ « សូមអធ្យាស្រ័យមួយរយៈ ព្រោះថាឥឡូវនេះកំពុងតែខំប្រឹងប្រែង ទាំងអស់ គ្រប់ភាគីទាំងអស់ ទាំងក្រុមហ៊ុនសាងសង់ តាំងពីទីប្រឹក្សាបច្ចេកទេស អង្គភាពគ្រប់គ្រងគម្រោង ជាពិសេសបទបញ្ជា​​ដាច់​​ខាត​​ពីឯកឧត្តមទេសរដ្ឋមន្ត្រីឲ្យដោះស្រាយទាំងនិរន្តភាពការងារ និងបរិស្ថានដែលប៉ះពាល់ »

មន្ត្រីព័ត៌មាននៃក្រុមហ៊ុន Hanshin Engi​​​neering​​ and Construction Co., Ltd ដែលសុំមិនបញ្ចេញឈ្មោះ បាន​​ឲ្យ​​VOD ដឹងតាមសារអេឡិចត្រូនិចថា រហូតមកដល់ពេលនេះគម្រោងសាងសង់ផ្លូវជាតិលេខ២នេះគឺសម្រេចបាន ជាង​​១០ភាគរយហើយ តែអ្វីដែលជាការខ្វះខាតគឺកម្លាំងពលកម្ម និងគ្រឿងចក្រ។  យ៉ាងនេះក្តីក្រុមហ៊ុននឹង​​ដោះ​​ស្រាយ​​​​​​បញ្ហានេះតាមរយៈការចល័តគ្រឿងចក្រ និង​កម្លាំងពលកម្មនិងពន្លឿនការសាងសង់  ដើម្បីឲ្យសម្រេច​​តាម​​គម្រោង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ