សមាគម​​តំណាង​ឱ្យ​​ថៅកែ​​រោងចក្រ​​កាត់​ដេរ​​នៅ​​កម្ពុជា​​បន្ត​​ស្នើ​​ទៅ​​អឺរ៉ុប​​ឱ្យពន្យា​រ​ពេល​​ដក​ EBA ពី​​កម្ពុជា​​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) និង​សមាគម​ស្បែកជើង​នៅ​កម្ពុជា (CFA​) បាន​ស្នើ​ជាថ្មី​ទៀត​ទៅ​គណៈកម្មការ​អឺរ៉ុប ឱ្យពន្យារពេល​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ»EBA ពី​កម្ពុជា ដោយ​សមា​គមទាំងពីរ​នេះ ព្រួយបារម្ភ​ខ្លាច​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ដួល​រលំក្រោយ​បាត់បង់​ចំណែក ២០ភាគរយ​នៃ​ប្រព័ន្ធអនុគ្រោះពន្ធ។

កាលពី​ខែកុម្ភៈ សហភាព​អឺរ៉ុប​ប្រកាស​ថា ខ្លួន​នឹង​អនុវត្ត​វិធានការ​ដក​ចំណែក ២០ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា​ នៅ​ថ្ងៃទី១២ ខែសីហា ប្រសិនបើ​អឺរ៉ុប​មើលឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ត្រូវ​បាន​ស្តារ​ឡើងវិញ​តាម​លក្ខខណ្ឌ​របស់​ខ្លួន។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី២២ ខែមិថុនា​នេះ សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា (GMAC​) សមាគម​ស្បែកជើងនៅកម្ពុជា ​(CFA​) និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​ស្នើ​រួមគ្នា​ទៅ​គណៈកម្មការ​អឺរ៉ុប​ឱ្យ​ពន្យារពេល​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) រយៈពេល ១២ខែ​ទៀត ដោយ​ថា វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា ​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩។

បើ​តាម​លិខិត គឺ​ការ​ស្នើសុំ​ពន្យារពេល​លើក​ទី២នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​ពីរ​រូប​នៅ​សហរដ្ឋអាមេរិក បាន​វាយតម្លៃ​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា​អាច​នឹង​រលំ ប្រសិនបើ​បាត់បង់​ផ្នែក​ខ្លះ​នៃ EBA។

លិខិត​ដដែលលើក​ឡើង​ថា ការ​ដក EBA នេះ នឹង​ធ្វើឱ្យ​អ្នកបញ្ជា​ទិញគេច​ចេញពី​ការ​បញ្ជាទិញ​គ្រប់​ផលិតផល​ពី​កម្ពុជា​ដែល​ត្រូវ​បង់ពន្ធ ជាពិសេស​ផលិតផល​ទាំងអស់​នៃ​វិស័យ​កាត់ដេរ​ពី​កម្ពុជា ហើយ​អ្នកបញ្ជា​ទិញ​នឹង​ងាក​ទៅ​បញ្ជាទិញ​ពី​ប្រទេស​ដែល​មាន EBA ពេញលេញ​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ