រដ្ឋា​ភិបាល​​ផ្ដល់​​ថវិកា​១០០​លាន​​ដុល្លារ​​ទៅ​តាម​​ជន​បទ​ ដើម្បី​​ពង្រីក​​ប្រព័ន្ធ​​ធារា​សាស្ត្រ​​

នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ មន្ត្រីក្រសួងធនធានទឹក មន្ត្រីបច្ចេកទេស សហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះពិនិត្យការដ្ឋានស្តារប្រឡាយមេដើមពោធិ៍ (ជំហានទី២) មានទីតាំងស្ថិតនៅក្នុងឃុំដានគោម និងឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​គ្រោង​បង្កើន​ការ​ទម្លាក់​ថវិកា​ជាង ១០០លាន​ដុល្លារ​ទៅ​ជនបទ ដើម្បី​ជួយ​ស្ដារ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​ឡើងវិញ ខណៈ​ដែល​កម្ពុជា​កំពុង​រង​ប៉ះ​ផល​ពាល់​ដោយសារ​វិបត្តិ​សុខភាព​សកល​ដែល​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា។

ក្នុង​ពិធី​ប្រកាសអនុវត្ត​ន៍​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ១៩ នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ទម្លាក់​ថវិកា​ទំហំ​ដល់ទៅ ១០០លាន​ដុល្លារ​ទៅកាន់​តំបន់ជនបទ​នេះ គឺ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការពង្រីក​ប្រព័ន្ធ​ស្រោចស្រព​បង្កបង្កើនផល។

លោក ហ៊ុន សែន ថ្លែង​ថា៖ «១០០លាន​ដុល្លារ​សាច់ប្រាក់ គឺ​ផ្ដល់​ជូន​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង អាច​ធ្វើជា​កូន​ប្រឡាយ ដើម្បី​យក​ទឹក​ទៅ​ស្រោចស្រព គាត់​អាច​នាំគ្នា​ជីក​ស្រះ ឬក៏​ធ្វើ​នេះ ធ្វើ​នោះ ផលប្រយោជន៍​បាន​ទៅលើ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធជនបទ​ផង ​និង​ទឹកប្រាក់​ទាំងឡាយ​បាន​មកដល់​នៅក្នុង​ហោប៉ៅ​របស់​ប្រជាពលរដ្ឋ​យើង​ផង»។

លោក ហ៊ុន សែន បន្ត​ថា ឆ្នាំ​មុន​ៗ កម្ពុជា​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​បានតែ ៤០ ទៅ ៥០ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង ១ឆ្នាំ ប៉ុន្តែ ឆ្នាំនេះ ដោយសារ ជំ​ងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​​កើនឡើង​ជាបន្តបន្ទាប់ ពោល​គឺ​ឈាន​ដល់ ៨០ម៉ឺន​តោន ឬលើស​ពី ៨០ម៉ឺន​តោន​ទៅទៀត។

អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខ​សេន​សាន បាន​ប្រាប់​ថា រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ចំនួន ៣០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ សម្រាប់​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ ប៉ុន្តែ ក្នុង​ឆ្នាំ២០២០នេះ ប្រមុខ​រដ្ឋាភិបាល​ដំឡើង​ដល់ ១០០លាន​ដុល្លារ។ លោក​បន្ត​ថា ការដំឡើង​ថវិកា​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​នេះ អាច​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ការងារ​ផង​ដែរ។

លោក មាស សុខ​សេន​សាន ប្រាប់​ថា៖ «យើង​ជួយ​ដើម្បី​ឱ្យ​បងប្អូន​កម្មករ​ដែល​បាត់​បង់ការងារ​មួយចំនួន គាត់​ទៅ​ធ្វើស្រែ​ចម្ការ ហើយ​ខ្ញុំ​ឃើញ​អ្វី​ដែល​គឺ​គាត់​ធ្វើស្រែ​បាន ៣ដង​ក្នុង១ឆ្នាំ​តាម​ប្រព័ន្ធ​ថ្មី​ដែល​យើង​បាន​ផ្ដល់​លុយ​ទៅដល់​គាត់ ដើម្បី​ធ្វើ​ប្រព័ន្ធ​ធារាសាស្ត្រ​ហ្នឹង មាន​ធ្វើ​ព្រែក​ធ្វើ​អីហ្នឹង គឺ​ជួយ​មែនទែន ជួយ​ដល់​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្ដង។ ថវិកា​ហ្នឹង​ទម្លាក់​នៅ​ថ្នាក់ក្រោម​ជាតិ មានន័យថា ខេត្ត​គាត់​យក​ទៅ​ប្រើ បើសិន​ដល់​ស្រុក គឺ​ស្រុក​យក​ទៅ​ប្រើ បើ​រឿង​ដល់​ឃុំ គឺ​ឃុំ​យក​ទៅ​ប្រើ»។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន បង្ហាញ​ការ​សាទរ​ចំពោះ​ការ​បន្ថែម​ថវិកា​សម្រាប់​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ ហើយ​លោក​ចង់ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ថវិកា​នេះ​ទៅ​តំបន់​ដែល​មាន​បញ្ហា​ប្រឈម​ខ្លាំង។

លោក ថេង សា​រឿន ប្រាប់​ថា៖ «កាលណា​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ហ្នឹង​បាន ខ្ញុំ​គិតថា វា​ជា​ឱកាស​មួយក្នុង​ការ​ជួយ​ដល់​កសិករ​ដែល​មាន​បញ្ហា​ប្រឈម ឬកង្វះ​ទឹក​ហ្នឹង។ មួយទៀត​ជា​ការ​ឆ្លើយតប​ហ្នឹង បែប​ទំនួល​ខុសត្រូវ​របស់​រដ្ឋ​ក្នុង​តួនាទី ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ [ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក​]។ ក្រៅពី​បញ្ហា​ទឹក គឺ​បញ្ហា​បច្ចេកទេស​ ឬទុន​ក្នុង​ការប្រើ​ប្រាស់​របស់​កសិករ»។

បើ​តាម​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា រយៈពេល ៥ខែ​ដើមឆ្នាំ២០២០ ការ​នាំ​អង្ករ​កម្ពុជា​ចេញទៅ​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ​មានការ​កើនឡើង​ជាង ៤២ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ