មន្ទីរ​ពេទ្យ​​មិត្តភាព​​កម្ពុជា​​-​ចិន​​ត្បូង​ឃ្មុំ​ គ្រោង​​បញ្ចប់​​ការ​សាង​សង់​​ក្នុង​​ឆ្នាំ​២០២១​​

មន្ត្រីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ (មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)

អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ត្បូងឃ្មុំ នឹង​សម្រេច​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ២០២១ ដោយ​រំពឹង​ថា ​នៅពេល​សាងសង់​រួចរាល់​ មន្ទីរពេទ្យ​នេះនឹង​ក្លាយជា​មន្ទីរពេទ្យ​ប្រចាំ​តំបន់​បម្រើប្រជាជន​ខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និង​មណ្ឌលគិរី។

គិត​មកដល់​ថ្ងៃទី២៥ ខែមិថុនានេះ ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ត្បូងឃ្មុំ សាងសង់​សម្រេច​បាន​ចំនួន ៨០ភាគរយ បន្ទាប់ពី​គម្រោង​សាងសង់​បាន​ចាប់ផ្តើមកាលពី​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ តាមរយៈ​ជំនួយឥតសំណង​របស់​ប្រទេស​ចិន ដែល​មានតម្លៃ​ប្រមាណ ៥០លាន​ដុល្លារ​អាមេរិក។

មន្ទីរពេទ្យ​នេះ សាងសង់​លើ​ផ្ទៃដី​ចំនួន ២៤ ៣០០ម៉ែត្រក្រឡា ដែល​ផ្ទៃ​អគារ​សរុប​ចំនួន ៥៥,៨១៥ម៉ែត្រក្រឡា ដោយមាន​បន្ទប់​អ្នកជំងឺ​សរុប ៣០០។ 

អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទ​សោភ័ណ មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ នៅ​ព្រឹក​ថ្ងៃទី២៥ ខែមិថុនា​នេះ ​ថា មន្ទីរពេទ្យ​នេះ នឹង​ចូលរួម​ចំណែក​សំខាន់​ក្នុង​ការបម្រើ​វិស័យ​សុខាភិបាល​ក្នុង​តំបន់។ 

លោក​ថ្លែង​ថា៖ «យើង​កំពុងតែ​សាងសង់​មន្ទីរពេទ្យ​ខ្នាត​ធំ ឬយើង​អាច​ហៅ​បាន​ថា​ខ្នាត​យក្ស​នោះ ដែល​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​របស់​យើង​ជាមួយនឹង​មិត្ត​ចិន​របស់​យើង​នោះ គឺ​បាន​នឹង​កំពុង​សាងសង់​បាន​ប្រមាណ​ជាង ៨០ភាគរយ​ហើយ ដែល​ចំណាយ​ថវិកា​ប្រមាណ​ជា ៥០លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ចឹ​ងយើង​គិតថា ​មន្ទីរពេទ្យ​នេះ ថ្ងៃក្រោយ​អាច​ក្លាយជា​មន្ទីរពេទ្យ​តំបន់ ដោយសារតែ​ធំ​ទូលំទូលាយ និង​មាន​បំពាក់​នូវ​សម្ភារ​បច្ចេក​ទេ​សល្អៗ​បន្ថែម​ទៀត»។

យុវ​តី សៅ ដា​ឡែន ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​សព្វថ្ងៃ​ជានិ​សិត្សប​រិញ្ញា​បត្រ​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា នាងពិតជា​មាន​ភាព​សប្បាយរីករាយ​ចំពោះ​កា​រសាងសង់​មន្ទីរពេទ្យ​នេះ។

យុវ​តី សៅ ដា​ឡែន បាន​ប្រាប់​ថា កាលណា​មាន​មន្ទីរពេទ្យ ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផ្ទាល់​ អាច​ជួយ​ជនរងគ្រោះ​បាន​ទាន់ពេល​វេលា​ មិន​ចាំបាច់​បញ្ជូន​មក​ខេត្ត​កំពង់ចាមនៅពេល​ដែល​មិនទាន់​មាន​មន្ទីរពេទ្យ​ដូច​ពីមុន​ឡើយ។

កញ្ញា សៅ ដា​ឡែន បាន​ថ្លែង​ថា៖ «ខ្លួនខ្ញុំ​ផ្ទាល់​មានការ​កោតសរសើរ​ចំពោះ​អភិបាលខេត្ត និង​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត ក្នុង​ការ​គិតគូរ​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ហើយ​នេះ​ក៏​ជា​មោទកភាព​មួយ​ចំពោះ​រូប​នាងខ្ញុំ​ផ្ទាល់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ផង​ដែរ»។

បើ​តាម​លោក ជាម ច័ន្ទ​សោភ័ណ បច្ចុប្បន្ន​ ខេត្ត​ត្បូងឃ្មុំ មាន​មន្ទីរពេទ្យ​បង្អែក​មាន​ចំនួន ០៦ទីតាំង មណ្ឌលសុខភាព​មាន​ចំនួន ៧១ទីតាំង និង​ប៉ុ​ស្តិ៍សុខភាព​មាន​ចំនួន ១ទីតាំង មាន​គ្រែ​អ្នកជំងឺ​ចំនួន ៣៨០គ្រែ មាន​បុគ្គ​លិ​កពេទ្យ​សរុប​ចំនួន ៩៩៨នាក់ ក្នុង​នោះ វេជ្ជបណ្ឌិត​ឯកទេស ចំនួន ៤នាក់ វេជ្ជបណ្ឌិត​ចំនួន ១០៥នាក់ គ្រូពេទ្យ​មធ្យម ចំនួន ១១នាក់ ឱសថការី ចំនួន ២២នាក់ ក្នុង​ការបម្រើវិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ទាំងមូល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ