ក្រុម​​ភរិយា​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​ស្វែង​រក​​អន្តរា​គមន៍​​ឱ្យ​ដោះ​លែង​​ស្វាមី​​ពួក​​គេ​​

ក្រុម​គ្រួសារ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង ធ្វើការតវ៉ាទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ពួកគេក្រោយត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទញុះញង់ជាដើម នៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រុម​ភរិយា​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង បាន​ស្វែងរក​អន្តរាគមន៍​ពី​តុលាការ និង​ស្ថានទូត​អាមេរិក នៅក្នុង​កិច្ចប្រឹងប្រែង​របស់​ពួក​គេ ​ដើម្បី​ជំរុញ​ឱ្យមានការ​ដោះលែង​ស្វាមី​របស់​ពួក​គេដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ឃុំ​នៅ​ពន្ធនាគារ។

ស្ត្រី​ចំនួន ១០រូប ដែល​អះអាង​ថា​ជា​ភរិយា​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូលផ្ដុំ​គ្នា​លើក​បដា និង​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​ពួក​គេដោយ​គ្មាន​លក្ខខណ្ឌ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង លោក សួស វិទ្យា​រ៉ា​ឌី បានទេ ដោយ​ទូរសព្ទ​ចូល ​គ្មាន​អ្នកទទួល។

នៅ​អំឡុង​ពេល​ប្រមូលផ្ដុំ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​ស្ត្រី​ទាំងនោះ​បាន​ព្យាយាម​លើក​បដា​នានា ដែល​បង្ហាញ​ឈ្មោះ​ស្វាមី​របស់​ពួក​គេ និង​សរសេរ​រៀបរាប់​«សូម​ដោះលែង​ប្ដី​ខ្ញុំ​ដោយ​ឥត​លក្ខខណ្ឌ» ប៉ុន្តែ ត្រូវ​បាន​ចាប់​យក និង​ហែក​ចោល​ដោយក្រុម​សន្តិសុខ​ខណ្ឌ៧មករា​មាន​គ្នា​ប្រមាណ ១០នាក់ ដែល​ស្លៀកពាក់​ស៊ីវិល និង​មាន​កាន់​វិទ្យុទាក់ទង​នៅក្នុង​ដៃ។

ក្រុម​សន្តិសុខ​ខណ្ឌ៧មករា មិនបាន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​នោះ​ឡើយ នៅពេល​មានការ​ចោទសួរ​ថា តើ​ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​ទាំងនោះ បាន​ប៉ះពាល់​អ្វី​នោះ។

បន្ទាប់ពី​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រហែល ២ម៉ោង ក្រុម​ស្ត្រី​ទាំងនោះ ក៏បាន​នាំគ្នា​យក​ញត្តិ​មក​ដាក់​នៅ​ស្ថានទូត​អាមេរិក ស្ថិតនៅ​ក្បែរ​វត្តភ្នំវិញ​នៅ​ព្រឹក​ថ្ងៃនេះ។ ក្រុម​ស្ត្រី​ទាំងនោះ បាន​ព្យាយាម​លើក​បដា​ជាថ្មី ប៉ុន្តែ ត្រូវ​បាន​រារាំង​ដោយក្រុម​បុរស ៤នាក់ ដែល​ស្លៀកពាក់​ស៊ីវិល។

អ្នកស្រី សុខ បូ​លីម៉ា គឺជា​ភរិយា​អតីត​ចៅសង្កាត់​ផ្សារដេប៉ូ៣ ក្នុង​រាជធានី​ភ្នំពេញ លោក ឃឹម ភា​ណា អាយុ ៥៥ឆ្នាំ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ឃុំ​កាលពី​ថ្ងៃទី២ ខែមេសា​។

អ្នកស្រី បូ​លីម៉ា បាន​ប្រាប់​ថា ពួក​គាត់​បាន​នាំគ្នា​រកកិច្ច​អន្តរាគមន៍​ពី​សា្ថន​ទូត​អាមេរិក​ឱ្យ​ជួយ ដោយ​យល់ថា អាមេរិក​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។

អ្នកស្រី សុខ បូ​លីម៉ា ប្រាប់​ថា៖ «ព្រោះ US ជា​ប្រជាធិបតេយ្យ​ ផ្ដល់​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ ផ្ដល់​សិទ្ធិ​ឱ្យ​អ្នកនយោបាយ​ទាំងអស់ ឱ្យ​មាន​សិទ្ធិ ហើយ​គាត់​តែងតែ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ទូទាំង​ពិភពលោក ដល់​អ៊ីចឹង ខ្ញុំ​ជា​ជនរងគ្រោះ ខ្ញុំ​សង្ឃឹមថា ទូត​អាមេរិក​នឹង​ជួយ​អន្តរាគមន៍​ដល់​ពួក​ខ្ញុំ​ជនរងគ្រោះ​ទាំង ១៥រូប​ហ្នឹង»។

អ្នកស្រី សំ ចិន្តា ជា​ភរិយា​របស់​លោក កែវ ថៃ ដែល​ជា​អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ជា​គ្រូបង្រៀន​មួយ​រូប​ផង​ដែរ។ លោក កែវ ថែ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ឃុំ​កាលពី​ថ្ងៃទី២៧ ខែមីនា ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់។

អ្នកស្រី សំ ចិន្ដា ប្រាប់​ថា ចាប់តាំងពី​សមត្ថកិច្ច​ចាប់ខ្លួន​ស្វាមី​មក គ្រួសារ​របស់​គាត់​ជួប​បញ្ហា​ជីវភាព​ខ្លាំង ដោយសារ​ប្រាក់ខែ​គ្រូ​របស់​ស្វាមី ​ត្រូវ​ក្រសួង​អប់រំ​ឈប់​បើក​ឱ្យ​បន្ត​ទៀត​ចាប់ពី​ខែមេសា​កន្លងមក។ អ្នកស្រី​បន្ត​ថា អ្នកស្រី និង​អ្នកដទៃ​ទៀត បាន​ស្វែងរក​ការ​អន្តរាគមន៍​ពី​ស្ថាន​ទូតអាមេរិក ក្រោយពី​គ្មាន​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ដោះលែង​ស្វាមី​របស់​ពួក​គាត់។

អ្នកស្រី សំ ចិន្ដា ប្រាប់​ថា៖ «[សូម្បីតែ​លើក​បដា ​មិន​ឱ្យ​លើក​] បដា​ហ្នឹងគ្មាន​សរសេរ​ពី​រឿង​អីសោះ គ្រាន់តែ​សូម​ដោះលែង​ប្ដី​ខ្ញុំឱ្យ​មាន​សេរីភាព ព្រោះ​គាត់​អត់មាន​ធ្វើ​អី​ខុស​ផង គ្រាន់តែ​ពាក្យ​ប៉ុណ្ណឹង​ ដក​យក​របស់​គ្នា។ អ៊ីចឹង [មិន]​ដឹង​រក​យុត្តិធម៌​ម៉េច​កើត​? អ៊ីចឹង​បាន​ខ្ញុំ​មកដល់​ហ្នឹង​រក​អន្តរាគមន៍​ពី​ទូត ឱ្យ​គាត់​ជួយ​អន្តរាគមន៍​ទៅដល់​រដ្ឋាភិបាល​ឱ្យ​ដោះលែង​ប្ដី​ខ្ញុំ ព្រោះ​គាត់​អត់មាន​ខុស​អី ហើយ​ការ​ដោះលែង​នេះ អត់មាន​លក្ខខណ្ឌ​ទេ»។

មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Arend C. Zwartjes បាន​ឆ្លើយតប​វី​អូ​ឌីតា​មសារ​អេ​ឡិច​ត្រូ​និច​នៅ​ថ្ងៃនេះ​ថា ស្ថានទូត​បាន​ទទួល​រួចហើយ​នូវ​ញត្តិ​របស់​ក្រុម​ស្ត្រីជា​ភរិយា​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង។

មន្ត្រី​ស្ថានទូត​អាមេរិក​រូប​នេះ ប្រាប់​ថា រដ្ឋាភិបាល​អាមេរិក​មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ការ​ធ្វើទុក្ខ​បុកម្នេញ​ទៅលើ​អតីត​បក្ស​ប្រឆាំងនា​ពេល​ថ្មី​ៗនេះ​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា ហើយ​អាមេរិក​ក៏បាន​អំពាវនាវ​ទៅ​គ្រប់​ភាគី​ទាំងអស់​ឱ្យ​ដើរ​លើ​ផ្លូវ​ជជែកពិ​ភា​ក្សា​គ្នា​ដោយសន្តិវិធី។

លោក Arend C. Zwartjes សរសេរ​តាម​អ៊ី​ម៉ែ​លថា៖ «យើង​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ទៅលើ​ការ​ចាប់ខ្លួន ការ​គំរាមកំហែង និង​ការ​ធ្វើទុក្ខ​បុកម្នេញ​នា​ពេល​ថ្មី​ៗនេះ​ ទៅលើ​គណបក្ស​ប្រឆាំង​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា។ យើង​អំពាវនាវ​ទៅ​គ្រប់​ភាគី​ទាំងអស់​ឱ្យអនុវត្ត​ដំណើរការ​ការ​ជជែកគ្នា​ដោយសន្តិវិធី ​ប្រកបដោយ​ខ្លឹមសារ និង​ការ​ផ្សះ​ផ្សា​ជាតិ»។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង លោក សំ សុ​គង់ ឱ្យ​ដឹង​ថា គិត​ចាប់តាំងពី​ខែមករា​ដើមឆ្នាំ​នេះ​មក សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ចំនួន ១៤រូប​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​រួមគំនិតក្បត់ ឬការចោទប្រកាន់​ពី​បទ​ញុះញង់​ជាដើម។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ដែល​បាន​តាមដាន​ករណីនេះ ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​គ្រួសារ​អតីត​គណបក្ស​ប្រឆាំង​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អន្តរជាតិ​ជាដើម។ លោក​បន្ត​ថា ការ​ឃុំខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​នោះ មិនបាន​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ទេ ប៉ុន្តែ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​ក៏ដូចជា​រដ្ឋាភិបាល​ផង​ដែរ។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «រក​វិធី​ចរ​ចា​របៀបណា ដើម្បី​ឱ្យ​មាន​ស្ថានភាព​ធូរស្រាល​ផ្នែក​នយោបាយ​ រួម​ទាំង​ទទួល​បានផល​ប្រយោជន៍​សម្រាប់​សង្គមជាតិ​ជា​រួម​ផង ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ការ​ដាក់​សម្ពាធ​ផ្សេង​ៗទៀតពី​បណ្ដា​ប្រទេស​លោកសេរី ​ដែល​យើង​មើលឃើញ​នា​ពេល​កន្លងមក​ជាបន្តបន្ទាប់។ អ៊ីចឹង​ គួរតែ​បន្ធូរ​ភាពតានតឹង​ហើយ ព្រោះ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​កូ​វីដ១៩ ហើយ​អ្នក​ដែល​មានគ្រួសារចាប់ខ្លួនកាន់តែ​មាន​ស្ថានភាពលំបាក អ្នក​ទាំងអស់​ហ្នឹង​គាត់​បែកបាក់​គ្រួសារ​ បាត់មុខ​របរ​អ៊ីចឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ