សមត្ថកិច្ច​កំពុង​​ស្វែង​រក​​ចាប់​ខ្លួន​​ជន​ល្មើស​​ដែល​​សម្លាប់​​ខ្ទីង​​នៅ​​ព្រះ​វិហារ​ និង​​ពោធិ៍​សាត់​​

សត្វខ្ទីងមួយក្បាលត្រូវបានត្រូវបានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រទះឃើញត្រូវគេដាក់អន្ទាក់សម្លាប់យកសាច់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងខេត្តពោធិ៍សាត់។ (Wildlife Alliance Cambodia)

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន អះអាង​ថា​ មិនទាន់​ចាប់បាន​ជនល្មើស​ដែល​សម្លាប់សត្វ​ខ្ទីង​ក្នុង​តំបន់​ការពារ​ព្រៃ​ធម្មជាតិ​ ខេត្តព្រះវិហារ និង​ពោធិ៍សាត់ ​បាន​នៅឡើយ​ទេ ដោយ​ថា ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ។ 

តាម​ការ​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ក្រ​សួង​បរិស្ថាន សត្វ​ខ្ទីង១ក្បាល​ មាន​អាយុ ៥ឆ្នាំ ​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​រ ខេត្តព្រះវិហារ ត្រូវ​បាន​ជនល្មើស​សម្លាប់​ដោយ​ការ​បាញ់​នឹង​កាំភ្លើង​ច្នៃ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ល្បាត​រក​ឃើញ​កាលពី​ថ្ងៃទី២១​-២៣ ខែឧសភា ឆ្នាំ២០២០។

ដោយឡែក​ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ សត្វ​ខ្ទីង​មួយ​ក្បាល​រស់នៅ​ក្នុង​ដែន​ការពារ​សត្វព្រៃភ្នំ​សំ​កុស តាម​ជួរភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់ ក៏បាន​ជាប់អន្ទាក់​ព្រានព្រៃ​រហូត​បាត់បង់ជីវិត។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ បាន​ប្រាប់​វី​អូ​ឌីនៅ​ព្រឹក​ថ្ងៃនេះ​ថា ​ក្រសួង​កំពុងធ្វើការ​ស៊ើបអង្កេត​ករណី​ទាំងពីរ​នេះ។ លោក​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មា​នព័​ត៌​មាន​ពាក់ព័ន្ធ​នឹង​ជនល្មើស រាយការណ៍​ជូន​សមត្ថកិច្ច​ ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនល្មើស​ទាំងនោះ។ 

លោក​ នេត្រ ភក្ត្រា មានប្រសាសន៍ថា ​មន្ត្រី​ឧទ្យានុ​រក្ស​ចំនួន ១,២៦០នាក់ កំពុង​សហការ​ជាមួយ​សហគមន៍​ក្នុង​តំបន់ការពារធម្មជាតិ​នានា ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស ព្រមទាំង​ធ្វើការ​អប់រំ​ដល់​ប្រជា​សហគមន៍​ឱ្យ​ការពារ​តំបន់​ជម្រក​សត្វព្រៃ។ 

លោកថ្លែង​បន្ត​ថា៖ «យើង​នឹង​រឹត​បន្តឹង​ការអនុវត្ត​​ច្បាប់​បន្ថែម​ទៀត សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ដូចជា ការ​ជួញ​ដូរ​សត្វព្រៃ បាញ់សត្វ​ព្រៃ​ជាដើម និង​បន្ត​ការ​ប្រឹងប្រែង​ការពារ​ទៅលើ​សត្វ​កម្រ​ផ្សេង​ៗដោយ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត»។

សកម្មជន​ការពារ​បរិស្ថាន លោក សាន់ មេ​ឡា ប្រាប់​វី​អូ​ឌី​នៅ​រសៀល​នេះ​ថា​ សត្វព្រៃ​ជាច្រើន ក៏ដូចជា សត្វ​កម្រ និង​ជិត​ផុតពូជ​ដទៃទៀត កំពុង​រង​ការ​គំរាមកំហែង និង​សម្លាប់​ដោយសារ សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ការ​បរបាញ់ សំឡេង​រណារ​អារឈើ សំឡេង​ម៉ូតូ ក៏ដូចជា​ការបាត់បង់​ទីជម្រក​ជាដើម។ 

លោកបន្ត​ថា៖ «បើសិន​ក្រសួង​មិន​មានការ​ប្រែចំណាត់ការ​ទេ ខ្ញុំ​ជឿ​ថា ​ព្រៃឈើ សត្វព្រៃ នឹង​បន្ត​បាត់បង់​ ព្រោះ​អ្វី​ដែល​យើង​មើលឃើញ​ស្រាប់ ​គឺគ្រាន់តែ​ជា​ការ​បង្ការ និង​ពន្យារពេល ដោយ​មិន​អាច​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ បរបាញ់​សត្វ ដូច្នេះ​ ថ្ងៃណាមួយ​នឹង​បាត់បង់»។ 

បើ​តាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ក្នុងរយៈពេល ៦ខែ​ដើមឆ្នាំ២០២០នេះ សត្វ​កម្រ​ក្នុង​ប្រទេស​កម្ពុជា​ ចំនួន ២ប្រភេទ ត្រូវ​បាន​សម្លាប់ ក្នុង​នោះ​រួមមាន សត្វ​ទន្សោង​ចំនួន ១០ក្បាល ដោយ ៦ក្បាល​ក្នុង​តំបន់​អភិរក្ស​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ខេត្ត​ឧត្តរមានជ័យ ១ក្បាល​ក្នុង​ខេត្ត​កំពង់ស្ពឺ ៣ក្បាល​ទៀត​ក្នុង​ខេត្តមណ្ឌលគិរី និង​សត្វ​ខ្ទីង​ចំនួន ២ក្បាល​នៅ​ពោធិ៍សាត់​ និង​ព្រះវិហារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ