សាលា​រៀន​អន្តរជាតិ​ឃីដ​ខាសល​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយ​សារ​ក្ស័យធន​

(ឆ្វេង) សាខាសាលារៀនឃីដខាសល ទីតាំងអគារលេខ95-97 ផ្លូវលេខ7 បុរីពិភពថ្មី​ សង្កាត់ដង្កោ​ និង(ស្ដាំ) សកម្មភាពគ្រូ និងសិស្សគោរពគ្នាមុនចូលរៀន កាលពីពេលកន្លងទៅ។ (Kids Castle International School)

សាលារៀនអន្តរជាតិឃីដខាសល( Kid Castle International School)នៅថ្ងៃនេះ ប្រកាសបង្ខំចិត្តបិទទ្វារភ្លាមៗក្រោមមូលហេតុថា មិនអាចទ្រាំទ្រនឹងការចំណាយទៅលើថ្លៃជួលអគារ​ (ពេញ១០០%)​ ជារៀងរាល់ខែ​ និងប្រាក់ឧបត្ថម្ភបុគ្គលិកបានទេ។

បន្ទាប់ពីវិបត្តិសុខភាពពិភពលោកកំពុងប្រឈមមុខខ្លាំងដល់បញ្ហាសេដ្ចកិច្ចកម្ពុជា នៅថ្ងៃនេះ សាលារៀន អន្តរជាតិឃីដខាសល( Kid Castle International School)​ បានចេញសេចក្តីប្រកាសជូនដំណឹង ដល់សាធារណជនថា សាលារៀន នឹងបិទជាអចិន្ត្រៃយ៍ដែលមានទីតាំងស្ថិតនៅអគារលេខ95-97 ផ្លូវលេខ7 បុរីពិភពថ្មី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ចាប់ពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២០​ ដោយសារក្ស័យធន។

យោងតាមការប្រកាសដដែលបានអោយដឹងថា សាលាកំពុងរុះរើចេញពីអគារសាលារៀនដែលមានបច្ចុប្បន្ន ហើយផែនការអនាគតរបស់សាលានឹងស្វែងរកទីតាំងថ្មី​សំរាប់ការរៀបចំសាលារៀនឡើងវិញនៅក្នុងពេលវេលាដ៏សក្តិសមខាងមុខ។

នាយិកាសាលារៀន​ខាងលើបានថ្លែងក្នុងសេចក្តីជូនដំណឹងថា៖« យើងមានការសោកស្តាយ​ និងឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំង ហើយធ្វើការសំរេចចិត្តដ៏លំបាកបំផុត។​ ដើម្បីរក្សា​ និងទ្រទ្រង់ជីវិតសាលារៀនអន្តរជាតិឃីដខាសលនេះ​ ខ្ញុំបានតស៊ូព្យាយាមយ៉ាងលំបាកអស់ពីលទ្ធភាពចាប់តាំងពីពាក់កណ្តាលខែមិនា​ រហូតមកដល់បច្ចុប្បន្ន»។​

នាយិការបន្តថា ការចំណាយធនធានហិរញ្ញវត្ថុមានជាប្រចាំខែ​ ឯការរង់ចាំឱ្យមានការបើកសាលារៀនឡើងវិញគ្មានកាលកំណត់ច្បាស់លាស់​ ហើយក៏គ្មានការជួយឧបត្ថម្ភទ្រទ្រង់​ ឬការយល់​យោគ​ពីភាគីពាក់ព័ន្ធណាមួយឡើយ​ [ភាគីពាក់ព័ន្ធ​ មិនសំដៅទៅលើអាណាព្យាបាលសិស្សឡើយ]។

អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា ថ្លែងថា ជំហររបស់ក្រសួង ក៏ដូចជា រដ្ឋាភិបាលអំពាវ​នាវឱ្យថ្នាក់គ្រប់គ្រងសាលារៀន និង ម្ចាស់អគារត្រូវចរចារកដំណោះស្រាយរួមដែលអាចទទួលយកបានទាំងអស់គ្នា។​

លោក រស់ សុវាចា៖«ក្រសួងអប់រំយុវជន និងកីឡា បន្តលើកទឹកចិត្តឱ្យមានការចរចាដោយសន្តិវិធីរវាងគ្រឹះស្ថានសិក្សាឯកជន និងគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងការវិនិយោគរបស់គាត់ដើម្បីបន្តឱ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមគ្រប់គ្រង បង្ការ និងទប់ស្កាត់ការឆ្លង​រាល​ដាល​មេរោគកូវីដ១៩នេះ»។​

បើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៤ ខែ មិថុនា នេះថា លោកពិតជាមិនចង់ឃើញគ្រឹះស្ថានអប់រំ​ឯកជនណាមួយដួលរលំនោះឡើយ។

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា លោកបានស្នើឲ្យក្រសួងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញ ដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជន អាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀនតាម “ Online” ព្រោះមានសាលារៀនឯកជនជាច្រើន ដែលមិនបានរៀបចំកម្មវិធីបង្រៀន Online បង្រៀនសិស្សានុសិស្ស ឲ្យទាន់សភាពការណ៍​កូវីដ​បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ