ក្រសួងសាធារណការរំឭកម្ចាស់មធ្យោបាយដឹកជញ្ជូនអនុវត្តន៍វិធានការការពារកូវីដ១៩

ទិដ្ឋភាពក្នុងរថយន្តក្រុង

ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំទៅម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តដឹកជញ្ជូនជាថ្មីទៀត ឱ្យពង្រឹងអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការការឆ្លងរាលដាលមេរោគកូវីដ១៩ ដូចជា ការរក្សាអនាម័យ និង រក្សាគម្លាតសុវត្ថិភាពជាដើម។

ក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះផ្សាយកាលពីម្សិលមិញ ដោយធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបររថយន្ត និងអ្នកបម្រើភ្ញៀវលើរថយន្ត ព្រមទាំងអ្នកធ្វើដំណើរទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩រលកទី២ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈកម្ពុជារកឃើញអ្នកឆ្លងថ្មីចំនួន៩នាក់បន្ថែមទៀត។

ក្រសួងបានណែនាំដូចនេះថា ត្រូវរក្សាគម្លាតសុវត្ថិភាព សម្អាតកន្លែងផ្តល់សេវាអតិថិជន កន្លែងលក់សំបុត្រ កន្លែងរង់ចាំ កន្លែងទទួលទានអាហារ និងបង្គន់អនាម័យ។ ចំណែកអ្នកបើកបរ និងបុគ្គលិក ត្រូវពិនិត្យសុខភាពជាប្រចាំ ពាក់ម៉ាស់ពេលបំពេញការងារ វាស់កម្តៅអ្នកដំណើរ ប្រើទឹកអាល់កុលលាងដៃមុនឲ្យឡើងលើរថយន្ត សំអាតលើរថយន្តជាប្រចាំជាដើម។

ផ្ទុយទៅវិញ បើសិនជាវាស់កម្តៅអ្នកដំណើរលើសពី៣៧,២ អង្សាសេ មានក្អក ឬឈឺបំពង់ក ឬមានបញ្ហាការដកដង្ហើម មិនត្រូវអនុញាតឲ្យឡើងជិះរថយន្តឡើយ ហើយត្រូវណែនាំឲ្យគាត់ទៅមណ្ឌលសុខភាពនៅជិតជាបន្ទាន់ ឬទូរសព្ទទៅលេខ១១៥របស់ក្រសួងសុខាភិបាល។

របាយការណ៍របស់ក្រសួងសុខាភិបាលបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា អ្នកមានមេរោគកូវីដ១៩សរុបមានចំនួន១៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយបានចំនួន១២៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ