អាមេរិកផ្តល់ជំនួយចំនួន​៥៦លានដុល្លារដល់កម្ពុជាសម្រាប់វិស័យចំនួន៤

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy ជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាព នា​ថ្ងៃទី២៣ តុលា ២០១៩ (រូបភាព៖ ហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា)

រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជំនួយឥតសំណងប្រមាណ៥៦លានដុល្លារជូនដល់រាជរដ្ឋាភិបាលប្រទេសកម្ពុជា​សម្រាប់បម្រើលើវិស័យចំនួន៤រូមមានវិស័យអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថាន។

កាលពីថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID)បានចុះហត្ថលេខា ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ថវិកាចំនួន៥៦លានដុល្លារមកប្រទេសកម្ពុជា ក្នុងនោះថវិកាចំនួន៣៨លានដុល្លារ ​សម្រាប់បម្រើលើវិស័យសុខាភិបាល និងវិស័យអប់រំ។ ដោយឡែកថវិកាចំនួន១៨លានដុល្លារបន្ថែមទៀត សម្រាប់បម្រើលើវិស័យកសិកម្ម និងបរិស្ថាន។

លោក ជិនប៊ុនស៊ាន  ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទេ្វភាគីនេះគឺជាសសរស្តម្ភសំខាន់ក្នុងការលើកកម្ពស់​ និងពង្រើកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង ប្រទេសទាំងពីរ។

តាមរយះកិច្ចសហការរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា លោកW.Patrick Murphy  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកបានថ្លែងថា រដ្ឋាភិបាលសហរដ្ឋមេរិកប្តេជ្ញាបន្តការគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចអោយបាននូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌។

គិតចាប់ពីខែមីនាឆ្នាំ២០១៦ រហូតដល់ការហត្ថលេខាលើកនេះទៀត សហរដ្ឋអាមេរិកបានផ្តល់ជំនួយឥតសំណងចំនួន​២៥៣លានដុល្លារដល់កម្ពុជា​លើវិស័យទាំង៤រួមមានវិស័យអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថាន។ ដោយឡែកពាក់ព័ន្ធការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ឆ្នាំចាប់ពីខែមីនាឆ្នាំ២០២០មក សហរដ្ឋអាមេរិកជួយកម្ពុជាចំនួន​១១លានដុល្លារអាមេរិក។​ សូមបញ្ចាក់ថា​រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រមកប្រទេសកម្ពុជាប្រមាណជាង១ពាន់លានដុល្លារ នេះបើគិតចាប់តាំងពីឆ្នាំ១៩៩៤មកទល់បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ