ធនាគារពិភពលោកអនុម័តថវិកា៩៣លានដុល្លារជួយពលរដ្ឋក្រីក្រនៅកម្ពុជា

កុមារដើរឆ្លងលើបន្ទះឈើដើម្បីចេញចូលលំនៅដ្ឋានក្នុង​សហគមន៍​ក្រីក្រមួយ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨។ (រូបថត៖ ឃុត សុគន្ធ)

ធនាគារពិភពលោកបានសម្រេចអនុម័តឥណទាន៩៣លានដុល្លារជួយកម្ពុជាលើគម្រោង បង្កើនសុវត្ថិភាពសិទ្ធកាន់កាប់ដីធ្លី ការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម ដល់កសិករក្រីក្រ ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច។

កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ ធនាគារពិភពលោកបានចេញលិខិតមួយ​​​​ច្បាប់បញ្ជាក់ថា ក្រុមប្រឹក្សាភិបាលនៃធនាគារនេះ បានអនុម័តឥណទាន៩៣លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA) ដោយគ្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) នៅប្រទេសកម្ពុជាដោយគ្រប់ដណ្តប់លើសហគមន៍ និងទីតាំងចំនួន៧១កន្លែងក្នុងខេត្តទាំងអស់លើកលែងរាជធានីភ្នំពេញ។​

គម្រោង៩៣លានដុល្លាររបស់ធនាគារពិភពលោកពី(IDA) អាចជួយអោយប្រជាកសិករខ្នាតតូច ព្រមទាំងសហគមន៍ជនបទមានលទ្ធភាពប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ តាមរបៀបមួយមានចីរភាព និងឋិតថេរយូរអង្វែង ដោយថាគម្រោងនេះនិងអាចជួយកាត់បន្ថយភាពក្រីក្រ​ ព្រមទាំងលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិច។

លោកស្រី អ៊ុន​ហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា លទ្ធភាពទទួលបានដីធ្លី និងការផ្តល់សេវាកម្មនិងការបណ្តុះបណ្តាលបច្ចេកទេសសកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្មក៏ដូចជា ការទទួលបានសេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ។

លោកស្រី អ៊ុន​ហ្គូណា ដូប្រាចា បន្តទៀតថា គម្រោង LASED ជំហាន៣ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដី និងធានាអោយមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់គម្រោងនេះ។

យោងទៅតាមលិខិតចេញដោយធនាគារពិភពលោកបានអោយដឹងថា គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ និងកាន់តែល្អប្រសើរជាងមុនដោយគម្រោងនេះនិងជួយដល់ការកសាងផ្លូវលំជនបទ  ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការផ្គត់ផ្គង់ទឹកស្អាត អគារសាលារៀន ជាពិសេសការទទួលបានជំនួយសម្រាប់ការដាំដុះដំណាំ ក្នុងនោះមានគ្រាប់ពូជជាដើម។

ក្នុងឆ្នាំ២០១៨គម្រោងជំហាន១ និង២បានជួយដល់ការអភិវឌ្ឍន៍ផ្លូវជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច សាងសង់សាលាបឋមសិក្សា ប៉ុស្តិសុខភាព បច្ចេកទេសដាំដុះ ព្រមទាំងបានជោគជ័យលើការបែកចែកដីចំនួន១៧០០០ហិកតា សម្រាប់សង់លំនៅឋាន ដាំដុះ ដល់គ្រួសារគ្មានដីខ្វះជីចំនួ​ន៥០០០គ្រួសារ ក្នុងនោះ៣៣៦០គ្រួសារបានបណ្ណកម្មសិទ្ធិដីធ្លីរួចរាល់៕ អោយអ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ