លោកនាយករដ្ឋមន្ត្រីបន្តរំឭកពីវិមានស្នាក់ការធំស្កឹមស្កៃទើបសាងសង់ហើយរួចរាល់នោះគឺលោកថា បង្ហាញពីបារមីរឹងមាំរបស់គណបក្សលោក ជាបក្សធំជាងគេ មានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រីបានសរសេរសារនៅលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញបង្ហាញពីឥទ្ធិពលរបស់គណបក្សលោក និងការគាំទ្រពីប្រជាពលរដ្ឋ។
លោកសរសរថា៖«វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសន្តិភាព សាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ»។
ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ កសាងអស់លុយជាង៣០លានដុល្លារ ត្រូវបានសូត្រមន្តចូលប្រើប្រាស់នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ។
នៅក្នុងខែមិថុនានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងជាញឹកញាប់ ពីស្នាក់ការកណ្តាលថ្មីនេះ ដែលបង្ហាញពីភាពរឹងមាំ នៅក្នុងបក្ស ហើយមានផែនការដឹកនាំប្រទេសពី៥០ទៅ១០០ឆ្នាំទៀត៕