ជន​ជាតិ​​ដើម​​ភាគ​តិច​ និង​​សង្គម​​ស៊ីវិល​​ជំរុញ​​តុលាការ​​កោះ​ហៅ​​មន្ត្រី​​ពាក់​ព័ន្ធ​​បំភ្លឺ​​ជុំវិញ​​សំណុំ​រឿង​​ដី​ធ្លី​​ខេត្ត​មណ្ឌល​គិរី​​

អតីត​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង សុវណ្ណារ៉ា។ (ហ្វេសប៊ុក សេងសុវណ្ណារ៉ា Seng Sovannara)

តំណាង​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​នៅ​ខេត្តមណ្ឌលគិរី​ ជំរុញ​តុលាការ​កោះហៅ​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ទៀតដែល​បាន​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រសួង​យុត្តិធម៌។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​តេឡេក្រាម​ថា អតីត​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង សុវណ្ណារ៉ា ត្រូវ​បាន​ចោទប្រកាន់ដោយ​តុលាការ​ ៤បទល្មើស រួមមាន បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស បទ​កាន់កាប់​អាវុធ​គ្មាន​លិខិតអនុញ្ញាត បទ​សម្លុត​កុំឱ្យ​មានការ​ប្តឹងផ្តល់ និង​បទ​រំលោភ​ទ្រព្យសម្បត្តិ​សាធារណៈ។

បើ​តាម​លោក គុជ គឹម​ឡុង លោក សេង សុវណ្ណារ៉ា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី២៧ ខែមិថុនា ពី​បទ​រំលោភ​យក​ទ្រព្យសម្បត្តិ​រដ្ឋ​សាធារណៈ​ដោយ​ខុសច្បាប់។

កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ា​ង បាន​ចេញ​លិខិត​ឱ្យ​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​លោក សេង សុវណ្ណារ៉ា កាន់កាប់​ដីធ្លី​ទំហំ​ជិត ១ពាន់​ហិ​កតា​ ស្ថិតនៅ​ភូមិ​អន្ត្រេះ ឃុំ​អរ​បួន​លើ នៅ​ស្រុក​កោះញែក ប៉ុន្តែ អភិបាលខេត្ត​រូប​នេះ បាន​លុបចោល​ការ​ទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី​នេះ​វិញ បន្ទាប់ពី​រក​ឃើញថា ដី​នោះ​ស្ថិតនៅ​ក្នុង​ដែន​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន។

អ្នក​ប្រឹក្សា​យោបល់​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី លោក គ្រើ​ង តុលា លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​ប្រាកដជា​ដឹង​ច្បាស់​ថា ដី​ជិត ១,០០០ហិ​កតា​ដែល​លោក សេង សុវណ្ណារ៉ា ស្នើសុំ​កាន់កាប់​នោះ ជា​ដី​ស្ថិត​ក្នុង​តំបន់​អភិរក្ស ប៉ុន្តែ អាជ្ញាធរ​ទាំងនោះ​នៅតែ​ចុះហត្ថលេខា​ឱ្យ​លោក​កាន់កាប់​ទៀត។ លោក​ស្នើ​ទៅ​តុលាការ​កោះហៅ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​មក​សាកសួរ​ផង​ដែរ។

លោក គ្រើ​ង តុលា ប្រាប់​ថា៖ «ក្នុង​លិខិត​ហ្នឹង គឺ​មាន​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត​ ជា​អ្នកចុះហត្ថលេខា។ អ៊ីចឹង​យើង​គិតថា មិន​គួរ​ជាប់​តែ​លោក សេង សុវណ្ណារ៉ា ម្នាក់​ទេ គួរ​ជាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ពីព្រោះ​ចុះ​ហត្ថ​លេ​ខា​មួយ​ៗ គឺ​មាន​សេវា​អី​ត្រឹមត្រូវ​របស់​គេ។ ចំណុច​ទាំងអស់​ហ្នឹង​ដែល​គិតថា បើ​មិន​ដាក់ទោស​អ្នក​ទាំងអស់​ហ្នឹង​ទេ វា​អយុត្តិធម៌​សម្រាប់លោក សេង សុវណ្ណារ៉ា»។

មន្ត្រី​សម្របសម្រួល​សមាគម​​អាដ​ហុក​ប្រចាំ​ខេត្តមណ្ឌលគិរី​ លោក អ៊ា​ង ម៉េ​ងលី គាំទ្រ​ចំពោះ​ការសម្រេច​របស់​តុលាការ ប៉ុន្តែ លោក​ក៏​ជំរុញ​ទៅ​តុលាការ​ចាត់វិធានការ​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ករណីនេះដែរ។

លោក អ៊ា​ង ម៉េ​ងលី ប្រាប់​ថា៖ «ប្រសិនបើ​រក​ឃើញថា បុគ្គល ឬអាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ឃុបឃិត​រំលោភ​យក​ដី​រដ្ឋ តុលាការ​គួរតែ​មាន​វិធានការ​ផ្លូវច្បាប់ ដើម្បី​អនុវត្ត​ឱ្យ​មានប្រសិទ្ធភាព ចៀសវាង​អនុវត្ត​តែ​បុគ្គល​ម្នាក់ ព្រោះ​ខ្ញុំ​សង្កេតឃើញ​ថា ការរំលោភ​ដី​រដ្ឋ គឺ​វា​លក្ខណៈ​ជា​ប្រព័ន្ធ។ អ៊ីចឹង​បើ​អនុវត្ត​តែម្នាក់ អ៊ីចឹង​មិន​តម្លាភាព​ក្នុង​ការអនុវត្ត​ច្បាប់​ទេ»។

វី​អូ​ឌី​បាន​ទូរសព្ទ និង​ផ្ញើ​សំណួរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ទៅ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ដើម្បី​សុំ​សាកសួរ​បន្ថែម ប៉ុន្តែ មកដល់ពេលនេះ លោក​មិនទាន់​ឆ្លើយតប​នៅឡើយ។

វីអូឌីមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​លោក សួស វិទ្យា​រ៉ា​ឌី បានទេ ដោយ​ទូរសព្ទ​ចូល ​គ្មាន​អ្នកទទួល។

លោក សេង សុវណ្ណារ៉ា ត្រូវ​បាន​ដកហូត​ពី​តំណែង​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី២៤ ខែសីហា​ឆ្នាំមុន តែ១០ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ត្រូវ​បាន​លោក ស ខេង សម្រេច​ដកចេញ​ពី​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី ដោយ​ដាក់​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្តមណ្ឌលគិរី​ជំនួស​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ