គ ប ម អំពាវ​នាវ​​ឱ្យ​​រដ្ឋា​ភិបាល​​សាង​សង់​​ស្តូប​​រំឭក​​គុណ​​វីរ​​បុរស​​ខ្មែរ​​

ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចូលរួមក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្តូប​មិត្តភាព​កម្ពុជា​~​វៀតណាម​ និង​សមិទ្ធផល​មួយ​ចំនួន​របស់​ខេត្ត​កែប​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​សួនច្បារ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ វិមាន​ឯករាជ្យ​ ក្រុងកែប​ ខេត្ត​កែប​ នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៨​។ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​(គ ប ម) អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​សាង​សង់​ស្តូប ​ឬរូបសំណាក ដើម្បី​រំឭក​គុណ​ដល់​វីរបុរស​ខ្មែរ​ដែល​បាន​លះបង់​ ការពារ​ជាតិ​មាតុភូមិ ប្រសើរ​ជាង​ការ​ខំ​កៀរគរ​ថវិកា​សាងសង់​ស្តូប​រំឭក​គុណ​វៀតណាម។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​សារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី២៧ ខែមិថុនា ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​សាងសង់​ស្តូប ឬរូប​សំ​ណា​ករំឭ​កគុណ​វីរបុរស​ខ្មែរ ដាក់​តំណាង​នៅ​តាម​ខេត្ត ​ឬតំបន់។

គ ប ម៖ «សាងសង់​ស្តូប​រំឭក​គុណ​វីរ​បុរស​ខ្មែរ​ទាំងឡាយ​ដែល​បាន​បូជា​ចំពោះ​ការ​ការពារ​ជាតិ ឬរូបសំណាក​តំណាង​ឱ្យខេត្ត​តំបន់​ឱ្យបាន​ធំ​ និង​ល្អ​ប្រណិត ជំនួស​ឱ្យស្តូប​រំឭក​គុណជាតិ​សាសន៍​ដទៃ ដើម្បី​ជា​ការ​លើកស្ទួយ​ដល់​ការ​កសាង​មោទកភាព​ជាតិខ្មែរ​ឡើងវិញ»។

គណបក្ស​នេះ​ក៏បាន​លើកឡើង​ទៀត​ថា ការ​ខិតខំ​កសាង​ស្តូប​រំឭក​គុណ​វៀតណាម​គ្រប់​រាជធានី​ខេត្ត​ មិនល្អ​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ទេ។

គ ប ម៖ «រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្សប្រជាជន​មានការ​ខំប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​កៀរគរ​ធនធាន​កសាង​ស្តូប​រំឭក​គុណ​វៀតណាម​នៅ​គ្រប់​រាជធានី​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ដែល​យើង​គិតថា ​ជា​រឿង​មិនល្អ​សម្រាប់​អនាគតជាតិ​ខ្មែរ»។

កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ផ្អាក​គម្រោង​សាង​សង់​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា​-វៀតណាម ឬស្ដូ​បអនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ​ៗនៅ​តាម​រាជធានី​-ខេត្ត ដោយ​បារម្ភ​ថា ស្តូប​នេះ​បង្ហាញ​រូបភាព​កម្ពុជា​ចុះ​ខ្សោយ​ក្លាយជា​រដ្ឋ​ចំណុះ​ឱ្យ​ប្រទេសជិតខាង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ