ក្រុមអ្នកឃ្លាំមើលមួយចំនួន ហៅសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលក្រសួងគ្រោងបញ្ជូនទៅគណៈរដ្ឋមន្ត្រីនៅខែក្រោយនោះថា មិនអាចជំរុញដល់ការលើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យបាននោះឡើយ ប្រសិនបើមាត្រាខ្លះនៃសេចក្ដីព្រាងច្បាប់នេះ មិនត្រូវបានកែប្រែនោះទេ។
ក្រុមអ្នកឃ្លាំមើលបានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាស្ដីពីបច្ចុប្បន្នភាពនៃសេចក្ដីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន ដែលរៀបចំដោយវិទ្យាស្ថានគោលនយោបាយ និងតស៊ូមតិ (API) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ។
ទីប្រឹក្សា និងជាអ្នកជំនាញច្បាប់របស់អង្គការ API លោក រ៉េម៉ុន លីអូ បានថ្លែងតាមរយៈអ្នកបកប្រែក្នុងសិក្ខាសាលានេះថា ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ មិនត្រឹមតែស្របទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាទេ ប៉ុន្តែ លោកថា ក៏ត្រូវស្របតាមច្បាប់អន្តរជាតិដែលចែងអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ។
លោក រ៉េម៉ុន និយាយទៀតថា មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បានចែងច្បាស់ថា សិទ្ធិទទួលបានព័ត៌មាន ជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ហើយថា ដើម្បីធានាសិទ្ធិនេះ ចំណុច៧ ត្រង់មាត្រា២០ នៃសេចក្តីព្រាងច្បាប់នេះ ដែលនិយាយអំពីព័ត៌មានសម្ងាត់របស់ជាតិ គួរលុបចេញ។
លោក រ៉េម៉ុន មានប្រសាសន៍ថា៖ «ព័ត៌មានដទៃទៀតដូចមានចែងនៅក្នុង[បទ]ប្បញ្ញត្តិស្តីពីការហាមឃាត់ ខ្ញុំគិតថា កន្លែងនេះមិនច្បាស់ទេ ហើយក៏វាទូលំទូលាយពេក។ អ៊ីចឹង អារម្មណ៍របស់ខ្ញុំៗគិតថា យើងគួរតែលុបចេញ»។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ មាន ១០ជំពូក ៣៦មាត្រា។ បើតាម API ការតាក់តែងសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងតាំងពីឆ្នាំ២០០៤ ពោលគឺជាង ១០ឆ្នាំមកហើយ។
ប្រធានក្រុមប្រឹក្សាច្បាប់ទីប្រឹក្សាអម្រិន្ទ និងជាទីប្រឹក្សាច្បាប់នៃអង្គការតម្លាភាពកម្ពុជា លោកមេធាវី សុក សំអឿន ដែលបានចូលរួមក្នុងសិក្ខាសាលានោះដែរ បាននិយាយថា ការបញ្ចេញព័ត៌មានពីស្ថាប័នរដ្ឋ អាចនៅតែជាឧបសគ្គដល់ការជំរុញតម្លាភាពសង្គម ព្រោះថា អ្នកសរសេរច្បាប់ ផ្តោតការដាក់ទោសទៅលើតែអ្នកគ្រប់គ្រងឯកសារ តែមិនបានផ្តោតអ្នកទម្លាយព័ត៌មានសម្ងាត់ទេ។
លោក សុក សំអឿន ប្រាប់ថា៖ «ច្បាប់នេះដាក់ទោសតែមន្ត្រីទទួលបន្ទុកព័ត៌មានហ្នឹង មានដាក់ទោសមន្ត្រីដែលកាន់ព័ត៌មានឯណា!»
លោក សុក សំអឿន បង្ហាញការព្រួយបារម្ភទៀតថា ច្បាប់នេះក៏មិនបានចែងពីការអស់សុពលភាពនៃព័ត៌មានសម្ងាត់មួយ ក្រោយពីព័ត៌មានសម្ងាត់មួយនោះ ត្រូវបានទម្លាយដោយមន្ត្រីណាមួយទៅហើយនោះ ដែលលោកថា ធ្វើឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន នៅតែមិនហ៊ានបញ្ចេញព័ត៌មានឱ្យសាធារណជន ព្រោះខ្លាចមានទោស។
អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ដែលចូលរួមសិក្ខាសាលានោះដែរ និយាយថា មាត្រា២០ នៃសេចក្តីព្រាងច្បាប់នេះ ក៏បានចែងពីការមិនផ្តល់ព័ត៌មានលម្អិតពីថវិកាជាតិ ដោយថា ជាព័ត៌មានសម្ងាត់របស់ជាតិដែរ ដែលលោកថា នេះជាឧបសគ្គដល់ការធានាគណនេយ្យភាពសង្គម ទប់ស្កាត់អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។
លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «យើងដឹងហើយនៅក្នុងប្រទេសកម្ពុជាយើងរងការរិះគន់អីពីអំពើពុករលួយក្នុងការប្រើប្រាស់ថវិកាជាតិនេះ ដោយសារតែវាបានទៅតែមន្ត្រីខិលខូចមួយចំនួនមានបានដោយសារអនុវត្តគម្រោងអភិវឌ្ឍន៍ជាតិរបស់យើង។ អ៊ីចឹងហើយបានយើងគិតថា ចំនុចនេះសំខាន់ ត្រូវកែ»។
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល អះអាងថា ពួកគេនឹងបន្តតស៊ូមតិទៅស្ថាប័នរដ្ឋសភាបន្ថែមទៀត ដើម្បីជំរុញឱ្យច្បាប់នេះធានាសិទ្ធិមនុស្សស្របតាមច្បាប់ជាតិ និងអន្តរជាតិតាមបែបប្រជាធិបតេយ្យ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបកស្រាយនៅក្នុងសិក្ខាសាលានាព្រឹកថ្ងៃនេះថា លើពិភពលោកនេះ គ្មានច្បាប់ណាល្អឥតខ្ចោះនោះទេ សូម្បីតែអាមេរិកដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។
មន្ត្រីរដ្ឋាភិបាលរូបនេះ និយាយទៀតថា កម្ពុជាជាប្រទេសលេចធ្លោជាងគេក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំងអស់ ក្នុងការផ្តល់ព័ត៌មានជូនសាធារណជន ដូចជាការបង្កើតច្រកចេញចូលតែមួយ និងបង្កើតក្រុមអ្នកនាំពាក្យចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ សម្រាប់ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានជាដើម។
លោក មាស សុភ័ណ្ឌ ថ្លែងថា៖ «កម្ពុជាផ្តល់សច្ចាប័ន៨ក្នុងចំណោមសច្ចាប័ន៩ ដែលបណ្តាប្រទេសក្នុងតំបន់អាស៊ាននេះ អត់ទាន់មានប្រទេសណាបានផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញា និងកតិកាសញ្ញានិយាយអំពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិការងារ សិទ្ធិសហជីព សិទ្ធិកុមារ សិទ្ធិស្ត្រីអីដូចកម្ពុជាទេ»។
មន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងទៀតថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ត្រូវបានគណៈកម្មការអន្តរក្រសួងបិទបញ្ចប់ដំណើរការនៃកិច្ចពិភាក្សាហើយ ហើយលោកថា ក្រសួងនឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាសម្រេចនៅខែក្រោយ។
នាយិការងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា អ្នកស្រី ណាឌា អូតធីហ្គ័រ (Nadia Ottiger) បានថ្លែងដែរថា សេរីភាពនៃការទទួលបានព័ត៌មាន គឺជាសិទ្ធិមនុស្សមួយដ៏សំខាន់សម្រាប់សាធារណជនក្នុងប្រទេសទាំងអស់ ក៏ដូចកម្ពុជាផងដែរ ហើយថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ មានសារសំខាន់ណាស់សម្រាប់គណនេយ្យភាពសង្គម និងការប្តេជ្ញាចិត្តផ្នែកនយោបាយសម្រាប់ប្រជាពលរដ្ឋគ្រប់រូបស្ថិតនៅក្រោមនីតិរដ្ឋ។
មាត្រា១ នៃសេចក្តីព្រាងច្បាប់នេះ ចែងថា ច្បាប់នេះមានគោលបំណងធានាឱ្យសាធារណជនមានសិទ្ធិសេរីភាពទទួលបានព័ត៌មានពីស្ថាប័នសាធារណៈស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ចំណែកគោលដៅនៃច្បាប់វិញ ជំរុញយ៉ាងណាឱ្យស្ថាប័នសាធារណៈបំពេញកាតព្វកិច្ច និងផ្សព្វផ្សាយព័ត៌មានជាអតិបរមាជូនសាធារណជន និងលើកទឹកចិត្តឱ្យសាធារណជនចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ចសង្គមនិងវប្បធម៌ និងយល់ដឹងពីសេចក្តីសម្រេចនានារបស់រដ្ឋាភិបាល៕