មេ​​សហ​ជីព​​មួយ​​រូប​​រង​​ការ​ព្រមាន​​ពី​​រដ្ឋា​ភិបាល​​ក្រោយ​​ជួប​​ក្រុម​​កម្មករ​​បាត់​បង់​​ការ​ងារ​​

ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ កម្មករ​ប្រហែល ១,០០០នាក់​បម្រើការ​ងារ​នៅ​រោងចក្រ វ៉ា​យអូ​លែ​ត អឹ​ភែ​រឹល (ខេម​បូ​ឌា​) ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ ក្រោយ​ថៅកែ​រោងចក្រ​បាន​ប្រកាស​បញ្ចប់​កិច្ច​សន្យា​ភ្លាម​ៗដោយ​មិនបាន​ជូនដំណឹង​មុន និង​ផ្តល់​សំណង​មិន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។ (សហភាពសហជីពកម្ពុជា/ រ៉ុង ឈុន)

មេ​សហជីព​មួយ​រូបត្រូវ​បាន​រដ្ឋាភិបាល​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ និង​រំលាយ​សហជីព​នេះ​ចោល បន្ទាប់ពី​មេ​សហជីព​រូប​នេះត្រូវ​បាន​ចោទ​ថា បាន​ដឹកនាំ​កម្មករ​របស់​រោងចក្រ​មួយ​តវ៉ា​ទាមទារ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ។

កាលពី​ម្សិលមិញ កម្មករ​ប្រហែល ១,០០០នាក់​បម្រើការ​ងារ​នៅ​រោងចក្រ វ៉ា​យអូ​លែ​ត អឹ​ភែ​រឹល (ខេម​បូ​ឌា​) ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ ក្រោយ​ថៅកែ​រោងចក្រ​នេះបាន​ប្រកាស​បញ្ចប់​កិច្ច​សន្យា​ភ្លាម​ៗដោយ​មិនបាន​ជូនដំណឹង​មុន និង​ផ្តល់​សំណង​មិន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។

ក្នុង​លិខិត​ព្រមាន​ចុះ​ថ្ងៃទី១ ខែ​កក្កដា ក្រសួងការងារ​បាន​ចោទ​ថា ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័​ណ្ឌ បាន​ញុះញង់ និង​ដឹកនាំ​កម្មករ​រោងចក្រ វ៉ា​យអូ​លែ​ត តវ៉ា​ខុសច្បាប់។

លិខិត​ដដែល​ចោទ​ថា អ្នកស្រី យ៉ាង សុភ័​ណ្ឌ បាន​ញុះញង់​កម្មករ​ឱ្យគំរាមកំហែង និង​ដាក់​សម្ពាធ​លើ​ភាគី​និយោជក ដើម្បី​ទទួល​បាន​នូវ​ការ​ទូទាត់ប្រាក់ ផ្ទុយពី​ស្មារតី​ច្បាប់ និង​បទ​ប្ប​ញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ។

លិខិត​ចោទប្រកាន់​ទៀត​ថា អ្នកស្រី យ៉ាង សុភ័​ណ្ឌ បាន​ដឹកនាំ​កម្មករ​ធ្វើសកម្មភាព​ឱ្យកកស្ទះ​រាំ​ងខ្ទប់​ផ្លូវ​ចេញចូល​បរិវេណ​រោងចក្រ និង​បង្ខិតបង្ខំ​កម្មករ​ឱ្យប្រើគ្រប់​មធ្យោបាយ និង​បង្ករឿង​សម្រាប់​តែ​គោលបំណង ឬមហិ​ច្ឆតា​ផ្ទាល់ខ្លួន​ដែល​ផ្ទុយពី​ច្បាប់។

អ្នកស្រី យ៉ាង សុភ័​ណ្ឌ បាន​បង្ហាញ​ការ​ខកចិត្ត និង​ច្រានចោល​ការចោទប្រកាន់​របស់ក្រ​សួង​ការងារ​ ដោយ​ថា អ្នកស្រី​មិនបាន​ញុះញង់​កម្មករ និង​ធ្វើសកម្មភាព​ដូច​ការចោទប្រកាន់​របស់ក្រ​សួង​ការងារ​ឡើយ។

មេ​សហជីព​រូប​នេះ រៀបរាប់​ថា ថៅកែ​រោងចក្រ វ៉ា​យអូ​លែ​ត ប្រកាស​បញ្ចប់​កិច្ចសន្យា​ការងារ​កម្ម​ករ​ភ្លាម​ៗ បន្ទាប់ពី​ព្យួរការងារ​រយៈពេល ២ខែ​ ដោយ​មិនបាន​ដោះស្រាយ​សំណង​ជូន​កម្មករ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ ទើប​បណ្តាល​ឱ្យកម្មករ​ផ្ទុះ​ការ​តវ៉ា។

អ្នកស្រី យ៉ាង សុភ័​ណ្ឌ បន្ត​ថា តាមផ្លូវ​ច្បាប់ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​សហជីព អ្នកស្រី​មាន​សិទ្ធិ​ទៅ​ជួប និង​ស្វែងរក​ដំណោះស្រាយ​ជូន​សមាជិក​របស់​ខ្លួនពេល​ដែល​ពួក​គេ​មាន​បញ្ហា។

អ្នកស្រី បញ្ជាក់​ថា វត្តមាន​របស់​អ្នកស្រី​នៅ​រោងចក្រ វ៉ា​យអូ​លែ​ត កាលពី​ម្សិលមិញ ដើម្បី​ជួយ​ពិភាក្សា និង​ជួយ​ស្វែងរក​ដំណោះស្រាយ​ដល់​កម្មករ​ដែល​ជាស​មា​ជិ​ករបស់​ខ្លួន​ប៉ុណ្ណោះ ខណៈ​ដែល​ថៅកែ​បាន​ផ្តល់​សំណង​ជូន​ពួក​គេ​ត្រឹមតែ ៣ចំណុច តែចំពោះ​ផ្លូវច្បាប់​ ពេល​ដែល​រោងចក្រ​បិទ​ទ្វារ​ភាមៗ គឺ​ត្រូវ​ផ្តល់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច​នោះ។

អ្នកស្រី យ៉ាង សុភ័​ណ្ឌ ចាត់ទុកថា ករណី​ក្រសួងការងារ​ចេញ​លិខិត​ព្រមាន​អ្នកស្រី​នេះ គឺជា​ការ​គំរាមកំហែង​មក​លើ​អ្នកស្រី និង​ថ្នាក់ដឹកនាំ​សហជីព​ផ្សេងទៀត មិន​ឱ្យ​ដឹកនាំ​កម្មករ​តវ៉ា​ទាមទារ​ប្រាក់សំណង​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង​មុន។

អ្នកស្រី យ៉ាង សុភ័​ណ្ឌ ប្រាប់​ថា៖ «លិខិត​នេះ​សរសេ​រម​កខ្ញុំ ចោទប្រកាន់​ខ្ញុំ​ធ្ងន់​ណាស់ ថា​ខ្ញុំ​គំរាមកំហែង​និយោជក ថា​ខ្ញុំ​ញុះ​ញង់កម្មករ​ឱ្យធ្វើកូដកម្ម​មិន​ត្រូវ​ ខុស​ច្បាប់​ផ្សេង​ៗ។ អ៊ីចឹង ចំណុច​នេះ ខ្ញុំ​សុំ​បដិសេធ អាច​ទៅ​សួរ​កម្មករ​បាន​ថាខ្ញុំ​ញុះញង់​កម្មករ​មួយ​ណា​ ថាខ្ញុំ​គំរាម​និយោជក តើ​និយោជក​នោះ​ឈ្មោះ​អី។ តើ​គំរាម​ហ្នឹង​ប្រើ​ភាសា​យ៉ាងម៉េច។ ខ្ញុំ​មិនដែល​ទៅ​គំរាម​អ្នកណា​ទេ។ ខ្ញុំ​និយាយ​អ្វី​ដែល​ជាគោល​ការណ៍​ផ្លូវច្បាប់ ហើយ​បើសិនណា​អ្នកលើ​កម​កមិន​សម​ហេតុផល មិន​ឱ្យខ្ញុំ​ឆ្លើយតប​ទេ​? បើ​មិន​ឱ្យ​ខ្ញុំ​ឆ្លើយតប តើ​សេរីភាព​នៃ​ការ​និយាយ​ស្តី​របស់ខ្ញុំ​បាត់ទៅណា​? ហើយ​យើង​យក​ច្បាប់​ទៅណា​បាត់​ហើយ​?»

បម្រើការ​ងារ​ផ្នែក​កាន់​ឃ្លាំង​នៅ​រោង​ចក្រ​ វ៉ា​យអូលែ​ត រយៈពេល ១៧ឆ្នាំ កម្មការិនី អ្នកស្រី អ៊ុង ចាន់​ធឿន អះអាង​ថា អ្នកស្រី យ៉ាង សុភ័​ណ្ឌ មិនបាន​ញុះញង់​កម្មករ​ឱ្យតវ៉ា​ដូច​ការចោទប្រកាន់​របស់ក្រ​សួង​ការងារ​នោះ​ទេ។

កម្មការិនី​រូប​នេះ​បន្ត​ថា កម្មករ​តវ៉ា​ដោយសារ​ថៅកែ​ប្រកាស​បិទទ្វារ និង​បញ្ចប់​កិច្ចសន្យា​ការងារ​កម្ម​ករ​ភ្លាម​ៗ ដោយ​មិនបាន​ដោះស្រាយ​សំណង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។

អ្នកស្រី អ៊ុង ចាន់​ធឿន បន្ថែម​ថា ក្រោយ​កម្មករ​ផ្ទុះ​ការត​វ៉ា គឺ​អ្នកស្រី យ៉ាង សុភ័​ណ្ឌ បាន​ជួប​ជាមួយ​កម្មករ​ដែល​ជាស​មា​ជិ​ករបស់​ខ្លួន ហើយ​ក្រុម​កម្មករ​ស្នើសុំ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការងារ​នេះ​តែប៉ុណ្ណោះ។

អ្នកស្រី អ៊ុង ចាន់​ធឿ​ន ប្រាប់​ថា៖ «សម្រាប់​ខ្ញុំ​ដែល​បាន​នៅ​ហ្នឹង​ផ្ទាល់ គឺ​បង យ៉ាង សុភ័​ណ្ឌ មិនបាន​ញុះញង់ ឬដឹកនាំ​កម្មករ​តវ៉ា​ទេ។ កម្មករ​បាន​ប្រមូល​ផ្តុំ​មុន។ នៅ​ម៉ោង៩ បាន​បង ភ័​ណ្ឌ មកដល់ ហើយ​នៅក្នុង​រឿង​ហ្នឹង គឺ​កម្មករ​ស្នើ​ឱ្យបង ភ័​ណ្ឌ នាំ​រឿង​ពួក​គេ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល មិនមែន​គាត់​ដឹកនាំ​កម្មករ​តវ៉ា​ទេ»។

បើ​តាម​អ្នកស្រី យ៉ាង សុភ័​ណ្ឌ រោងចក្រ វ៉ា​យអូ​លែ​ត អឹ​ភែ​រឹល (ខេម​បូ​ឌា​) ផលិត​សម្លៀកបំពាក់​ឱ្យ​ក្រុមហ៊ុន​បញ្ជាទិញ​សម្លៀកបំពាក់​យីហោ ណៃ​គី (Nike​) មានកម្ម​ករ​សរុប​ជាង ១,០០០នាក់។

កាលពី​ម្សិលមិញ​ រោងចក្រ​នេះ បាន​ប្រកាស​បញ្ចប់​កិច្ចសន្យា​កម្មករ​ទាំងអស់ បន្ទាប់ពី​ព្យួរការងារ​រយៈពេល ២ខែ ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ​ដោយសារ​វិប​ត្តិជំងឺ​កូ​វីដ១៩។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ និង​សិទ្ធិមនុស្ស​នៃ​អង្គការ​សង់​ត្រា​ល់ លោក ឃុន ថា​រ៉ូ បាន​ប្រាប់​ថា ករណី​ក្រសួងការងារ​ចេញ​លិខិត​ព្រមាន​អ្នកស្រី យ៉ាង សុភ័​ណ្ឌ នេះ​ គឺជា​ការ​គំរាមកំហែង និង​រំលោភ​ទៅ​លើសិទ្ធិ​ជា​មូលដ្ឋាន​របស់​សហជីព។

លោក ឃុន ថា​រ៉ូ បន្ថែម​ថា ករណីនេះ​ក៏​ជា​សារ​មួយ​គំរាម​ទៅដល់​មេ​សហ​ជីព​ផ្សេង​ៗមិន​ឱ្យ​ដឹកនាំ​កម្មករ​តវ៉ា​ស្របច្បាប់ ខណៈ​ជំងឺ​កូ​វី​ដកំ​ពុង​រីក​រាលដាល។ លោក​ថា ក្រសួងការងារ​ធ្វើបែប​នេះ នឹង​ធ្វើ​ឱ្យប៉ះពាល់​ផលប្រយោជន៍​របស់​កម្មករ​យ៉ាងច្រើន។

លោក ឃុន ថា​រ៉ូ ប្រាប់​ថា៖ «ខ្ញុំ​គិត​ថា នេះ​ជា​សារ​មួយ​គំរាម​ទៅដល់​ថ្នាក់ដឹកនាំ​សហ​ជីព​ផ្សេង​ៗទៀត ដែល​គាត់​ចូល​តវ៉ា​ក្នុង​កាលៈ​ទេសៈ​កូ​វីដ ដែល​រោងចក្រ​ត្រូវ​បាន​បិទ ថៅកែ​រត់ចោល និយោជក​គេចវេះ​ពី​កា​ត​ព្វ​កិច្ច​ផ្លូវច្បាប់ ដែល​គាត់​ក្រោកឈរ​តវ៉ា​ហ្នឹង វា​អាច​ហេតុផល​ឈាន​ទៅដល់​ការ​រំលាយ​សហជីព​ ឬ​ជា​ការចោទប្រកាន់​ទៅ​ថ្នាក់​ដឹកនាំ​សហជីព​ដែល​អនុវត្ត​ស្របច្បាប់​របស់​ពួក​គាត់។ ខ្ញុំ​គិតថា ក្រសួង​គួរតែ​ចេញ​លិខិត​ព្រមាន​ហ្នឹង ឬចុះ​ធ្វើ​អធិការកិច្ច ឬជំរុញ​ឱ្យនិយោជក​ហ្នឹង​គាត់​បំពេញ​កា​ត​ព្វ​កិច្ច​ផ្លូវច្បាប់​វិញ​ទេ បាន​វា​ត្រឹមត្រូវ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ