អង្គការ​​សង់ត្រាល់​អំពាវនាវ​ឱ្យ​​រដ្ឋា​ភិបាល​ជួយ​ដល់​​ពលករ​ខ្មែរ​ជាប់​​គាំង​​​នៅ​​ប្រទេស​​ហ្ស៊កដានី

ពលករចំណាកស្រុកអង្គុយជុំគ្នានៅតំបន់ Al Karak ប្រទេសហ្សកដានី (Jordan)។ (ដកស្រង់ពីវេបសាយអង្គការសង់ត្រាល់)

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់ថា ​សង់ត្រាល់ ​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យជួយ​អន្តរាគមន៍ពលករ​ខ្មែរ ​​​​២១​នាក់ ដែល​អង្គការ​នេះ​បញ្ជាក់​ថា ​កំពុង​ជាប់​នៅ​ប្រទេសហ្ស៊កដានី ឱ្យ​​បានវិល​​ត្រឡប់​​​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ៗនេះ ដោយថា បច្ចុប្បន្ន​ពួក​គេកំពុង​ជួបផលលំបាកជីវភាព​។

ក្នុង​សេចក្ដី​ថ្លៃងការណ៍​នៅ​ថ្ងៃនេះ អង្គការ​សង់ត្រាល់ ឱ្យដឹងថា​ ​ក្រុម​​ហ៊ុន Vega Textile Co., Ltd និង Camel Textile International Corporation ដែលជា​រោងចក្រមានទីតាំង​ស្ថិត​នៅ​ក្រុង​អាល់ការ៉ាក់​ ប្រទេសហ្ស៊ក​ដានី បាន​បញ្ចប់​កិច្ច​សន្យា​ការងារ​ពលករខ្មែរ ២១​​នាក់​កាល​ពី​ថ្ងៃទី១៧ ខែមីនា​កន្លង​មក​នេះ។​

​សង់ត្រាល់ ​ឱ្យ​ដឹង​ថា ​នៅ​ពេល​បញ្ចប់​កិច្ច​សន្យា​ការងារ​​ ក្រុមហ៊ុន ​Vega​Textile ​និង ​Camel​Textile​ ​មិន​បាន​​ទទួល​ខុស​ត្រូវ​ទិញ​សំបុត្រ​យន្ត​ហោះ​​​​ដើម្បី​បញ្ជូន​ពលករខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​​ឡើយ​ ហើយ​ក្រុមហ៊ុន​នេះ​ក៏មិន​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ផ្នែក​គាំ​ពារ​សង្គម​​ដល់​ពលករខ្មែរដែរ​ បើ​ទោះ​បី​ជា​កន្លង​មក​​​​ក្រុមហ៊ុន​បាន​កាត់​ប្រាក់​ឈ្នួល​​ពលករ​ជា​រៀង​រាល់​ខែ​ប្រមាណ​ ១,០០០​ដុល្លារ​សម្រាប់​ពលករ​ម្នាក់ៗក៏​ដោយ។

​អង្គការ​សង់ត្រាល់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ក្រសួង​ការបរទេស​​​តាម​រយៈ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អេហ្ស៊ីប និងគុយវ៉ែត ​ឱ្យធ្វើ​អន្តរាគមន៍​ភ្លាមៗ​លើ​ករណីនេះ ដើម្បី​ធានា​ថា ​ក្រុមហ៊ុន​បាន​បំពេញ​តួ​នាទី​ខ្លួ​ន​ ដោយ​​​បញ្ជូន​ពលរដ្ឋខែ្មរ​ និងទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្នែក​កិច្ច​គាំ​ពារ​សង្គម​​ដល់ពួកគេ​ឱ្យបានគ្រប់​គ្រាន់។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ ​លោក​ មឿន ​តុលា ​បន្ថែមថា ​ពលករខ្មែរ​ទាំង​នោះកំពុង​ជួប​ការលំបាក​​ខ្វះស្បៀង​អាហារ ​និង​មិន​មាន​ប្រាក់​សម្រាប់​ទិញ​សំបុត្រ​យន្ត​ហោះដើម្បី​ត្រឡប់​មកប្រទេស​កម្ពុជា​វិញ​ ដោយសារ​តែពួកគេ​ទាំងអស់​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ចប់​កិច្ច​សន្យា​ការងារ​រយៈពេល​បីខែ​ហើយ​។

លោក​ មឿន តុលា ប្រាប់ថា៖ «​ខ្ញុំ​នៅ​តែ​សំណូម​ពរឱ្យ​ខាង​រដ្ឋាភិបាល​​លោក​ជួយ​អន្តរាគមន៍​ជំរុញ​​ឱ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ទៅ​លើ​​ចំណាយ​អី​ផ្សេង​ៗហ្នឹង​​។ ​ដូចយើង​បាន​រៀប​រាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​​ហើយ ​តាម​ពិត​មាន​លទ្ធភា​ព​​រៀប​ចំជើង​យន្ត​ហោះពីហ្ស៊កដានី​មកស្រុក​ខ្មែរ​បាន​ អាច​ថា ​ពីហ្ស៊កដានី​​ទៅ​ហ្ស៊កដង់​ ​ទៅឌូ​បៃ ​​ហ្កាតា ​​ហើយ​មកហុងកុង​ បន្ទាប់​មក​ប្រទេសខ្មែរ​ មក​អ៊ីចឹង​ក៏បាន​»

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បាន​ប្រាប់​ថា ក្រសួង​បាន​ទទួល​ដំណឹង​អំពី​ករណី​នេះ​ហើយ ហើយ​លោក​ថា ក្រសួង​ក៏​បាន​ធ្វើ​កិច្ចការ​នេះ​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចំនួន​២​ដែល​ស្ថិត​នៅ​ជិត​ប្រទេស​ហ្ស៊កដានី ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ផង​ដែរ។

លោក កុយ គួង ប្រាប់​ថា​៖ «ខ្ញុំបានទទួលដំណឹងពីសារព័ត៌មាន ហើយឥលូវក្រសួងការបរទេសបានណែនាំឱ្យទូត​កម្ពុជា​ប្រចាំ​នៅ​​អេហ្ស៊ីប និងប្រចាំនៅគុយវ៉ែត ឱ្យសហការគ្នាធ្វើការជាមួយប្រទេសហ្ស៊កដានី​តាមរយៈស្ថានទូតនៅទីនោះដែរ ហើយនឹងព្យាយាមទំនាក់ទំនងផ្ទាល់ទៅប្រជាពលរដ្ឋហ្នឹងដែរ»

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់សង់ត្រាល់ ​​ពលរដ្ឋខ្មែរ​​​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ហ្ស៊កដានី​មាន​ចំនួន ​៤១​នាក់ ហើយ​អ្នកដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ចប់​ការងារ​មានចំនួន​ ២១នាក់​។​

ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់បាន​ជាប់​គាំង​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ ក្រោយ​ពី​វីរុស​កូរ៉ូណា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន និង​បាន​រីក​រាល​ដាល​ទៅ​ដល់​បណ្ដា​ប្រទេស​ជាច្រើន ដែល​នាំ​ទៅ​ដល់​ការ​បិទ​ជើង​ហោះ​ហើរ​ជាច្រើន​នៅ​លើ​ពិភព​លោក។

របាយការណ៍​អង្គការ​សុខភាព​ពិភព​លោក​ដែល​ចេញ​នៅ​ថ្ងៃ​នេះ បង្ហាញ​ថា មនុស្ស​ដល់​ទៅ​ជាង ១០​លាន ៣៥​ម៉ឺន​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ទូទាំង​ពិភព​លោក ក្នុង​នោះ​មនុស្ស​ដល់​ទៅ​ជាង ៥​សែន ៨​ម៉ឺន​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។

កាល​ពី​​ថ្ងៃទី​១៦ ខែ​មិថុនា​​ ក្រសួង​សុខាភិបាល​ឱ្យ​​ដឹង​​ថា ​ពលរដ្ឋខ្មែរ​​សរុប ​​​២០៤​នាក់​ដែល​​ជាប់​​នៅ​ប្រទេស​​ម៉ាឡេស៊ី ​ត្រូវ​​បាន​​រដ្ឋាភិបាល​​សម្រប​សម្រួល និង​​អនុញ្ញាត​​ឱ្យ​​វិល​ត្រឡប់​​មក​​ប្រទេស​កំណើត​​វិញ​ តាម​​ជើង​ហោះ​ហើរ​​របស់​​ក្រុមហ៊ុន​​អាកាសចរណ៍​​ម៉ាឡេស៊ី។

នៅ​ពេល​សាក​សួរ​អំពី​ចំនួន​ពលរដ្ឋ​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​រដ្ឋាភិបាល​បើក​ទទួល​យក​វិញ​នោះ លោក កុយ គួង បាន​ប្រាប់​ថា លោក​មិន​មាន​តួលេខ​នៅ​ក្នុង​ដៃ​ទេ។

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ស៊ិន ចាន់សិរីវុត្ថា មិន​បាន​ឆ្លើយ​តប​នឹង​ការ​ស្វែង​រក​តួលេខ​នេះ​ពី​សំណាក់​វីអូឌី​ផង​ដែរ​នៅ​ថ្ងៃ​នេះ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនាថា ពលរដ្ឋ​កម្ពុជា​​​សរុប ១៥៨​នាក់​ទៀត ដែល​មាន​និស្សិត និង​ពលករ​ផ​ង​ដែរ ត្រូវ​បាន​សម្រប​សម្រួល និង​ដឹក​ជញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ីវិល​ត្រឡប់​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ