កម្ពុជា​​នាំ​ចេញ​​អង្ករ​​ប្រមាណ​៤០​ម៉ឺន​​តោន​​រយៈ​ពេល​៦​ខែ​

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ (ណាត សុភាព/ មករា ២០១៩)

​ក្រសួង​កសិកម្ម​អះអាង​ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ ៤០ម៉ឺន​តោន ចំនួន​នេះ​ស្មើនឹង ៤១,២៥ភាគរយ​នៃ​ផែនការ​នាំ​ចេ​ញប្រចាំឆ្នាំ​។

កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រសួង​កសិកម្មបាន​ចេញ​របាយការណ៍​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុងរយៈពេល ៦ខែ​ បាន​ចំនួន​ជិត ៤០ម៉ឺន​តោន​ (៣៩៧ ៦៦០​) គិតជា​ទឹកប្រាក់​ស្មើនឹង ២៦៤លាន​ដុល្លារ​អាមេរិក។ របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុងចំណោម​ជិត៤០ម៉ឺន​តោន​នេះ កម្ពុជា​នាំទៅ​ប្រទេស​ចំនួន៥៦។ 

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន ថ្លែងប្រាប់​វី​អូ​ឌី​បន្ថែម​ថា ចំនួន​អង្ករ​ដែល​នាំចេញ៦ខែ​នេះ​គឺជា​ចំនួន​តិចតួច​តែប៉ុណ្ណោះ ដោយ​លោក​ថា កម្ពុជា​នៅសល់​អង្ករ​ប្រមាណ ៣លាន ៦សែន ៩ម៉ឺន​តោន​ទៀត។ លោក បញ្ជាក់​ថា កម្ពុជា​មិន​ខ្វះ​អង្ករ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​នាំចេញ​ទេ។

លោក​ថ្លែង​ថា៖ «យើង​មិន​ខ្វះ​ស្រូវ​អង្ករ​ទេ ឱ្យ​តែ​ប្រទេសក្រៅ​បញ្ជាទិញ​ចំនួន​ប៉ុន្មាន​ក៏បាន ព្រោះ​កម្ពុជា​មិន​ចេះ​ខ្វះ​អង្ករ​សម្រាប់​ផ្គត់ផ្គង់​ឡើយ»។ 

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿ​ន មានប្រសាសន៍​ថា ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ច្រើន​ ជាស​ញ្ញាណ​វិជ្ជមាន​ច្រើន ព្រោះ​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាកសិករ​ដែល​ដាំដុះ និង​លើកទឹកចិត្ត​បន្ត​ការ​ធ្វើ​កសិកម្ម​ស្រូវ​អង្ករ​បន្ថែម​ទៀត។ 

លោ​ក ថេង សាវឿ​ន ប​ន្ត​ថា អ្វី​ជា​ចំណុច​បញ្ហា​នោះ​គឺ​កសិករ​លក់​ស្រូវ​របស់​ពួក​គាត់​ទៅ​ឱ្យ​ឈ្មួញ​កណ្តាល​ក្នុង​តម្លៃថោក​ពេក ធ្វើ​ឱ្យ​ពួក​គាត់​ខាតបង់ ហើយ​រង​ការ​ជំពាក់បំណុល​ធនាគារ មីក្រូហិរញ្ញវត្ថុ។

តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​បង្ហាញថា អង្ករ​នាំចេញ​នៅ​ឆ្នាំ២០១៨ មាន​ជាង ៦០ម៉ឺន​តោន ​(៦២៦ ២២៥​) និង​ឆ្នាំ២០១៩ មាន​ចំនួន​ថយ​ចុះ​បន្តិច​ តែ​ស្ថិត​ក្នុង​ចំនួន​ជាង ៦០ម៉ឺន​តោន​ដដែល ​(៦២០ ១០៦​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ