វិភាគ៖ ធនធាន​មនុស្ស​​សម្រាប់​​កសាង​​សង្គម​ រង​គ្រោះ​​ពី​​គ្រឿង​ញៀន​​មិន​​ថម​ថយ​​

មន្ត្រី​នគរបាល​និយាយ​តាម​វិទ្យុ​ទាក់ទងនឹងករណីគ្រឿងញៀន ​ក្រោយ​ការ​បង្ក្រាប​លើ​មនុស្ស​ជាង ៣០០​នាក់ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ

គ្រឿងញៀន​ក្លាយជា​បញ្ហា​ធំ​មួយកំពុង​បំផ្លាញ​ជីវិត​ប្រជាពលរដ្ឋ​ ពិសេស​ទៅលើ​ក្រុម​យុវជន ចាប់ពី​ទីប្រជុំជន​រហូតដល់​តំបន់ជនបទ​ដាច់ស្រយាល ហើយ​ពេលខ្លះ​ក៏​កើតមាន​ចំពោះ​ព្រះសង្ឃ​នៅ​តាម​វត្តអារាម​ទៀតផង។

របាយការណ៍​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ការ​បង្ក្រាប​លើ​ករណី​គ្រឿងញៀន ​បង្ហាញថា មិន​មានការ​ថយ​ចុះ​នោះ​ទេ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល បង្ហាញថា នៅ​ឆ្នាំ២០១៨ អ្នក​ជាប់សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​បាន​បញ្ជូន​ទៅ​តុលាការ​មាន​ចំនួន​ជាង ១ម៉ឺន ៧ពាន់​នាក់ (១៧៧៩៥​)។ ចំនួន​នេះ​កើនឡើង​ជាង ៧ពាន់​នាក់ (៧៨៦២​) បើ​ធៀប​នឹង​ឆ្នាំ២០១៧។

របាយការណ៍​ដដែល នៅ​ឆ្នាំ២០១៩ សមត្ថកិច្ច​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន ជិត ១ម៉ឺន​ករណី (៩៨០៦​) កើនឡើង​ជាង ២២ភាគរយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង ២ម៉ឺន​នាក់​(២០៤៩០​) កើនឡើង​ជាង ២ពាន់​នាក់ (២៦៩៥​) បើ​ធៀបនឹង​ឆ្នាំ២០១៨។

គិត​ត្រឹម​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ សំណុំរឿង​ទូទាំង​ប្រទេស​ជិត ៤ម៉ឺន (៣៩១៥២​) ករណី កំពុង​កកស្ទះ​នៅ​តុលាការ ក្នុង​នោះ​សំណុំរឿង​គ្រឿងញៀន​ជាង ៦ពាន់ (៦២៦០​) ករណី។ អ្នកជាប់ឃុំ​វិញ សរុប​មាន​ជាង ១ម៉ឺន​នាក់ (១២៦៥១​) អ្នកជាប់ឃុំ​ក្នុង​សំណុំរឿង​គ្រឿងញៀន​មាន ៦៩០០នាក់ ឬស្មើនឹង​ជាង ៥៤ភាគរយ។

នៅក្នុង​កម្មវិធី​តុមូល​វី​អូ​ឌី​ នៅ​ថ្ងៃទី២៦ ខែមិថុនា លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ថ្លែង​ថា ក្នុង១ឆ្នាំ​ៗ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​បាន​ប្រមាណ ២ម៉ឺននា​ក់។ ប៉ុន្តែ​ លោក​ថា ចំនួន​ជាក់ស្តែង​អាច​លើស​ពី​ចំនួន​ដែល​ឃាត់ខ្លួន​បាន​ប្រមាណ ៣ ទៅ ៥ដង។

លោក ថោង សុ​គន្ធា៖ «យើង​ធ្លាប់​ពិភាក្សា​ការងារ​ជាមួយ​អ្នកជំនាញ​ធ្វើការ​នៅអង្គការ​សង្គម​ស៊ីវិល ឬអ្នកជំនាញ​នៅ​អង្គការសហប្រជាជាតិ​ពីមុន​មក គឺ​យើង​តែងតែ​ទទួល​បាន​នូវ​មតិ​ថា ចំនួន​នេះ​អាច​គុណ​នឹង៣ដង ឬគុណ​នឹង៥ដង»។

ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឧប​នាយ​ករដ្ឋ​មន្ត្រី កែ គឹ​មយ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដុត​បំផ្លាញ​គ្រឿងញៀន​ជិត៥០០គីឡូក្រាម នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ទាំងនេះ​គិតតែ​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និង​ខេត្តតាកែវ​តែប៉ុណ្ណោះ។

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ករណី​បទល្មើស​គ្រឿងញៀន​ចេះតែ​កើនឡើង​បង្ហាញថា ​អ្នកលក់​ដូរ និង​អ្នកប្រើ​ប្រាស់​ក៏​ចេះតែ​កើនឡើង​ដែរ។

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ​ឆ្នាំ២០២០ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង ថ្លែង​ថា ទោះ​រដ្ឋាភិបាល​ខិតខំ​កសាង​ពន្ធនាគារ​យ៉ាងណា​ក៏​មិន​គ្រប់គ្រាន់​ដែរ ដោយសារ​ការ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន មាន​ចំនួន​ច្រើន​ក្នុង១ថ្ងៃ​ៗ ស្រប​ពេល​ដែល​ពន្ធនាគារ​មួយចំនួន​ពេញ និង​ខ្លះទៀត​ចង្អៀត។ 

លោក ថោង សុ​គន្ធា ថ្លែង​ថា ពលរដ្ឋ​ ឬយុវជន​ដែល​ប្រើប្រាស់​គ្រឿងញៀន​ហើយ គឺ​ពិបាក​ក្នុង​ការ​កាត់​ផ្តាច់​ណាស់​ គឺ​ក្រោយ​ព្យាបាល​ហើយ​ នៅតែ​ប្រើ​វិញ​ដដែល។

លោក ថោង សុ​គន្ធា៖ «ភាគច្រើន​គឺ​គាត់​មិនបាន​បញ្ឈប់​ការប្រើ​ប្រាស់​គ្រឿងញៀន​ទេ គឺ​ក្រោយពី​ទទួលការ​ព្យាបាល​របៀប​នេះ ពេល​ត្រឡប់ទៅវិញ​ គាត់​ប្រើប្រាស់​គ្រឿងញៀន​ដដែល»។

បើ​យើង​មើល​សារព័ត៌មាន ពិសេស​បណ្តាញ​ព័ត៌មាន​របស់​នគរបាល​ជាតិ នគរបាល​នៅ​តាម​ខេត្ត ឬស្រុក​-ខណ្ឌ ​តែងតែកើត​មាន​ករណី​គ្រឿងញៀន​រៀងរាល់ថ្ងៃ ពេលខ្លះ៣ទៅ៤ព័ត៌មាន​ជាប់​ៗគ្នាសុទ្ធតែនិយាយ​ពី​ករណី​គ្រឿងញៀន​ទាំងអស់។

ចំពោះ​សារព័ត៌មាន​ដែល​ផ្សាយ​ជា​វី​ឌី​អូ​តាម​ហ្វេសប៊ុក​ជាបន្តបន្ទាប់ ក៏​មាន​ករណី​ទៅ​សម្ភាសអ្នក​ញៀន​ថ្នាំ ដែល​ហាក់​ខូច​ស្មារតី និយាយ​មិនសូវ​ដឹងខុសត្រូវ​ ហើយ​យក​មក​ផ្សាយ​ផ្ទាល់ ក្លាយជា​រឿង​សម្រាប់​អ្នកទស្សនា​សើច​លេង​ក៏​មាន។

ទាំង​អ្នក​ផ្សព្វផ្សាយ និងអ្នកទស្សនា​មួយចំនួន ក៏​ហាក់​សើច​សប្បាយ ករណី​អ្នក​ញៀន​ថ្នាំ​និយាយ​មិនដឹង​ខុសត្រូវ​នេះ ដោយ​មិនបាន​ប្រៀបធៀប​ថា អ្នក​ទាំងនេះ​ជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​គួរ​ឱ្យ​អាណិត ហើយ​បើជា​សាច់ញាតិ​របស់​ខ្លួន​វិញ តើមាន​អារម្មណ៍​បែប​ណា​នោះ​ទេ។

ឥលូវ​យើង​ងាក​មក​ពិនិត្យ​លើ​ផល​ប៉ះពាល់​វិញ​ម្តង។ មជ្ឈមណ្ឌល Alta Mira ជា​​មជ្ឈមណ្ឌល​ព្យាបាល​ការ​ញៀន​គ្រឿងស្រវឹង និង​គ្រឿងញៀន មាន​ទីតាំងនៅ​សហរដ្ឋអាមេរិក ​បាន​លើកឡើង​ថា គ្រឿងញៀន​ធ្វើ​ឱ្យ​ប៉ះពាល់​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង។

មជ្ឈមណ្ឌល​នេះ​លើកឡើង​ថា គ្រឿងញៀន​បាន​បំផ្លាញថ្លើម បេះដូង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត ដូចជា ​ជំងឺ​ធ្លាក់ទឹក​ចិត្ត និង​ជំងឺ​ថប់អារម្មណ៍។

ការសិក្សា​របស់​មជ្ឈមណ្ឌល​នេះ លើកឡើង​ទៀត​ថា គ្រឿងញៀន​ក៏​ធ្វើ​ឱ្យ​ខូច​ខួរក្បាលប្រែ​ទៅ​ខុសប្រក្រតី ហើយក៏​បាន​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​បាត់បង់​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ ឈាន​ដល់​ប្រព្រឹត្តបទល្មើស ជួប​បញ្ហា​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ និង​គ្រួសារ​ជាដើម។

បើមើល​លើ​ផល​ប៉ះពាល់​សង្គម​វិញ ​គឺ​អ្នក​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ភាគច្រើន​ពី​អាយុ ១៥ ដល់ ៤៥ឆ្នាំ គឺជា​វ័យ​ដែល​ពោរពេញ​ដោយ​កម្លាំងកាយ​និង​ស្មារតី​ក្នុង​ការ បម្រើការ​ងារ ឬប្រើ​កម្លាំង​ពលកម្ម ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ វ័យ​ទាំងនេះក៏អាច​ក្លាយជា​ថ្នាក់​ដឹកនាំតាម​ស្ថាប័នរដ្ឋ ក្រុមហ៊ុន ឬអង្គការ​សង្គម​ស៊ីវិល​ជាដើម ប៉ុន្តែ​ ពួក​គេ​បែរជា​ត្រូវ​បំផ្លាញ​ដោយ​គ្រឿងញៀន។

សារលិខិត​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​ថ្ងៃទី២៦ ខែមិថុនា ​ឆ្នាំ២០២០ លោក​ក៏បាន​លើកឡើង​ពី​ផល​ប៉ះពាល់​ជាច្រើន​ពី​គ្រឿងញៀន។ លោក ក៏បាន​ជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​យកចិត្ត​ទុកដាក់​ពង្រឹង​គោលការណ៍​«៣កុំ១រាយការណ៍»

១រាយការណ៍​នោះ​គឺ​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ រាល់​បទល្មើស​គ្រឿងញៀន​គ្រប់​ទម្រង់​ ដើម្បី​ទប់ស្កាត់​ឱ្យ​បាន​ទាន់ពេល។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ លើកឡើង​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​ហ៊ាន​រាយការណ៍ ​ត្រូវ​ធានា​ដល់​សុវត្ថិភាព​របស់​ពួក​គាត់ និង​ចាត់វិធានការ​ឱ្យ​បាន​ទាន់ពេល។

លោក ថោង សុ​គន្ធា៖ «រាយការណ៍​ហើយ មិនមែន​ស្អែក ខានស្អែក ៣ថ្ងៃ ឬ ១អាទិត្យ​ក្រោយ​បាន​ឆ្លើយតប​នោះ​ទេ។ រាយការណ៍​ហើយ ​កន្លះម៉ោង​ក្រោយ ឬ១០នាទី​ក្រោយ ​ត្រូវ​មាន​អន្តរាគមន៍ដល់កន្លែង​តែម្តង។ ធ្វើបែប​នេះ​ខ្ញុំ​យល់ថា ពលរដ្ឋ​នឹង​រាយការណ៍​ដោយ​រីករាយ ក៏​វា​ជួយ​ឈាន​ដល់​ការកាត់បន្ថយ​គ្រឿងញៀន​បាន​ច្រើន​ដែរ»។

គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​បាន ​គឺ​តែងតែមាន​អ្នកមាន​ឥទ្ធិពល​នៅ​ពីក្រោយ​ ដូចជា​ ឧកញ៉ា មន្ត្រី​ជាន់ខ្ពស់ ហើយក៏​មាន​មន្ត្រី​ធ្វើការងារ​លើ​កិច្ចការ​បង្រ្កាប​គ្រឿងញៀន​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ