គ្រួសារ​​មន្ត្រី​​អតីត​ CNRP ​ស្នើ​​អឺរ៉ុប​​អន្តរា​គមន៍​​ទៅ​​តុលាការ​​ទម្លាក់​​បទ​​ចោទ​ និង​​ដោះ​លែង​​ស្វាមី​​ឱ្យ​មាន​​សេរីភាព​​វិញ​​

ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមស្ត្រីដែលជាភរិយារបស់មន្ត្រីអតីតបក្សប្រឆាំង ប្រមូលផ្ដុំ​គ្នាដាក់​ញត្តិ​ទៅ​ការិយាល័យ​តំណាង​សហភាព​អឺរ៉ុប​នៅ​កម្ពុជា សុំអន្តរាគមន៍ពីសហគមន៍អឺរ៉ុបលើសំណុំរឿងស្វាមីរបស់ពួកគេដែលត្រូវបានចាប់ឃុំខ្លួន។ (ណាត សុភាព)

ក្រុម​គ្រួសារ​មន្ត្រី​អតីត​បក្ស​ប្រឆាំង បាន​ស្នើ​ទៅ​សហគមន៍​អឺរ៉ុប​ឱ្យជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​បទ​ចោទ​ទៅលើ​ស្វាមី​របស់​ពួក​គេ​ចំនួន ១៥នាក់ និង​ដោះលែង​​ឱ្យមាន​សេរីភាព​វិញ ដោយ​ថា អ្នកទាំងនោះមិនបាន​ធ្វើខុស​ដូច​ការចោទប្រកាន់​នោះ​ទេ។

សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៥នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ជាបន្តបន្ទាប់ និង​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់ និង​ញុះញង់​ នៅដើម​ឆ្នាំ២០២០នេះ។

វ័យ ៤៩ឆ្នាំ អ្នកស្រី អ៊ុ​ក ចាន់​ធី ជា​ភរិយា​របស់​លោក យឹម សា​រ៉េ​ត ដែល​ជា​ជំទប់​ទី១ឃុំ​ចាន់​ត្រី​របស់​អតីត​បក្ស​ប្រឆាំង​ នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅកន្លែង​ប្រមូលផ្ដុំ​ដាក់​ញត្តិ​ទៅ​ការិយាល័យ​តំណាង​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ថា ស្វាមី​របស់​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រោម​ការចោទប្រកាន់​ថា រួមគំនិតក្បត់។

អ្នកស្រី​បន្ត​ថា មុននឹង​យក​ញត្តិ​ដាក់​ទៅ​សហគមន៍​អឺរ៉ុប​នៅ​ព្រឹក​នេះ ពួក​គេ​ប្រហែល ៥នាក់ បាន​នាំគ្នា​ជួបជុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្រែក​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ស្វាមី​ពួក​គាត់​ឱ្យមាន​សេរីភាព​ឡើងវិញ។

ក្រោយពី​ជួបជុំ​គ្នា​ភ្លាម​ៗនោះ អ្នកស្រី ចាន់​ធី បាន​នាំ​គ្នាយក​ញត្តិ​មួយ​ដាក់​ទៅ​សហគមន៍​អឺរ៉ុប ដើម្បី​ទាមទារ​ឱ្យស្ថាប័ន​អន្តរជាតិ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​ស្វាមី​របស់​គាត់ និង​សកម្មជន​ចំនួន ១៤នាក់​ផ្សេងទៀតឱ្យមាន​សេរីភាព​វិញ ដោយ​ថា ពួក​គេ​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​នោះ​ទេ។

អ្នកស្រី អ៊ុ​ក ចាន់​ធី អះអាង​ថា៖ «ប្តី​ខ្ញុំ​តាំងពី​គេ​រំលាយ​បក្ស​មក គាត់​មិនដែល​ទៅ​ជួបជុំ​ញាតិ​នៅ​ស្រុក នៅ​ភូមិ​អ្វី​ទេ។ គាត់​ចេញពី​ភូមិ​មក​យូរហើយ​តាំងពី​គេ​រំលាយ​បក្ស​ភ្លាម។ គាត់​មក​នៅ​ភ្នំពេញ គាត់​ទៅ​ធ្វើការ​សំណង់​រាល់ថ្ងៃ ហើយ​គេ​ចាប់​គាត់​ដល់​ការដ្ឋាន​សំណង់ ហើយ​គាត់​ធ្វើ​សំណង់។ មក​សហគមន៍​អឺរ៉ុប​ឱ្យជួយ​ធ្វើ​ម៉េចឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់​លើ​គាត់ ហើយ​សុំ​ដោះលែង​គាត់ និង​អ្នក​ទាំង ១៥រូប​វិញ​ទាំងអស់គ្នា»។

ដើរចេញ​ពី​ការិយាល័យសហគមន៍​អឺរ៉ុប អ្នកស្រី ព្រំ ចន្ថា ដែល​ជា​ភរិយា​លោក កាក់ គន្ធា សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​របស់​អតីត​បក្ស​ប្រឆាំង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ស្វាមី​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ ខែឧសភា​ក្នុង​ឆ្នាំនេះ។ ក្រោយពី​ចាប់ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​ស្វាមី​គាត់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។

អ្នកស្រី​ប្រាប់​ថា អ្នកស្រី និង​ស្ត្រី​ដទៃទៀត ស្នើ​ទៅ​សហគមន៍​អឺរ៉ុប​ឱ្យជួយ​អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​ស្វាមី​គាត់​ឱ្យ​មាន​សេរីភាព​វិញ ខណៈ​បច្ចុប្បន្ន​នេះ ពួក​គាត់​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ជីវភាព​គ្រួសារ។

អ្នកស្រី ព្រំ ចន្ថា និយាយ​ថា៖ «ពួក​ខ្ញុំ​មានការ​លំបាក​ណាស់​នៅពេល​ចាប់​ពួក​គាត់​ទៅ ​គាត់​ជា​បង្គោល​គ្រួសារ និយាយទៅ​គាត់​រ៉ាប់រង​ទាំងអស់​នៅក្នុង​គ្រួសារ។ នៅពេល​អត់​គាត់​ទៅ គឺ​អ្វី​ៗអត់​ទាំងអស់។ សំខាន់​ឱ្យគេ​ដោះលែង​ទាំង ១៥គ្រួសារ​ហ្នឹង»។

អ្នកស្រី ចន្ថា អះអាង​ថា ក្រោយពី​ទទួល​ញត្តិ​ហើយ មន្ត្រី​សហគមន៍​អឺរ៉ុបបាន​ប្រាប់​ថា សហគមន៍​អឺរ៉ុប​នឹង​ពិនិត្យមើល​រឿង​នេះ​នា​ពេល​ឆាប់​ៗខាងមុខនេះ។

ចំណែក អ្នកស្រី សេង ចាន់​ថន ដែល​អះអាង​ថា ជា​ភរិយា​របស់​អតីត​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តកំពង់ធំ លោក ស៊ុន ធន់ ដែល​ត្រូវ​បាន​សមត្ថ​កិ​ច្ចចា​ប់​ខ្លួ​ននៅផ្ទះ​របស់​លោក​ស្ថិតនៅ​ភូមិថ្មី ឃុំ​ទ្រាល ស្រុក​តាំងគោក ខេត្តកំពង់ធំ កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។ អ្នកស្រី​ថា សមត្ថកិច្ច​ចាប់ខ្លួន​ស្វាមី​គាត់​ទាំង​អយុត្តិធម៌​ ដោយស្វាមីអ្នកស្រី​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​នោះ​ទេ។

អ្នកស្រី ព្រមាន​ថា បើ​តុលាការ​មិន​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​ស្វាមី​គាត់​ឱ្យមាន​សេរីភាព​វិញ​ទេ ពួក​គេ​នឹង​នាំគ្នា​តវ៉ា​រហូត​មាន​ដំណោះស្រាយ។

អ្នកស្រី សេង ចាន់​ថន និយាយ​ថា៖ «បើសិន​នៅ​មិន​មាន​ដំណោះស្រាយ​ទៀត ​ពួក​ខ្ញុំ​នឹង​ធ្វើ​បន្ត​ទៀត នឹង​មក​លើក​បដា ឬក៏​ដាក់​ញត្តិ​នៅ​តាម​ស្ថាន​ទូ​តផ្សេង​ៗបន្ត​ទៀត ដើម្បីឱ្យសហគមន៍​[អន្តរជាតិ​]នៅ​ខាងក្រៅ​ជួយ​ដឹងឮ ហើយ​ជួយ​ជំរុញឱ្យ​តុលាការ​ខ្មែរ​ជួយ​រក​យុត្តិធម៌​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​ពួក​គាត់​ទាំងអស់គ្នា»។

វី​អូ​ឌី​មិន​អាច​សុំ​បំភ្លឺ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ លោក សួស វិទ្យា​រ៉ា​ន់​ឌី និង​លោក អ៊ី រិន្ទ បានទេ​នៅ​ថ្ងៃនេះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា ក្រុម​គ្រួសារ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សុំ​សហគមន៍​អឺរ៉ុប​ជួយ​រក​ដំណោះស្រាយ ​ជា​សិទ្ធិ​របស់​ពួក​គេ ប៉ុន្តែ លោក​ថា សហគមន៍​អឺរ៉ុប​មិន​អាច​ជួយ​រក​ដំណោះស្រាយ​បញ្ហា​នេះជូន​ជន​ជាប់ឃុំ​ទាំងនោះ​បានទេ ព្រោះ​អ្នក​ទាំងនោះ បាន​ប្រព្រឹត្ត​ខុសច្បាប់​ព្រហ្មទណ្ឌ ត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «ជា​វិធានការ​ច្បាប់​ មានតែ​មួយ​ទេ គឺ​ការចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ ហើយ​ការពារ​ខ្លួន ដើម្បី​បញ្ជាក់​ថា ខ្លួន​គ្មាន​ពិរុទ្ធ​ដូច​ការ​ចោទ មានតែ​មួយ​ហ្នឹង​ជាគោល​ការ​ណ៍ច្បាប់ ហើយ​បើ​គាត់​ចង់​ធ្វើអ្វី​ផ្សេងទៀត វា​ជា​សិទ្ធិ​របស់​គាត់ តែ​វា​មិន​មាន​ឥទ្ធិពល​ដំណើរការ​នីតិវិធី​របស់​តុលាការ​នោះ​ទេ»។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​សមា​គម​អាដ​ហុក លោក ស៊ឹង សែន​ករុណា ដែល​ចុះ​តាមដាន​ករណីនេះ និយាយ​ថា ការ​ចាប់ខ្លួន​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទាំង ១៥នាក់​នោះ ជា​រឿង​នយោបាយ។ ករណីនេះ លោក​ថា សញ្ញា​នៃ​ការ​ដោះលែង​វិញ លុះត្រាតែ​បក្ស​កាន់អំណាច​មានការ​ចរចា​នយោបាយ​ណាមួយ ទើប​ទទួលផល​វិជ្ជមាន។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «គណបក្ស​កាន់អំណាច​ដែល​លោក​កំពុង​កាន់កាប់​ប្រទេស​បច្ចុប្បន្ន​នេះ បើសិនជា​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ បន្ធូរ​ស្ថានភាព​នយោបាយនៃ​ស្ថានភាព​តានតឹង ខ្ញុំ​គិតថា​អាច​ធ្វើ​ទៅ​បាន ដូច​សហភាព​អឺរ៉ុប​ធ្លាប់​ថ្លែង កូនសោ​ដោះស្រាយ​បញ្ហា​នយោបាយ​មិនមែន​រឿង​សហភាព​អឺរ៉ុប​ទេ ​គឺ​នៅក្នុង​ [ការសម្រេច​របស់] រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់​ថា អតីត​សកម្មជន​បក្ស​ប្រឆាំងទាំង​ ១៥នាក់​នោះ ជាប់ចោទ​របស់​តុលាការ​ពាក់ព័ន្ធ​រឿង​នយោបាយ ដោយសារ​ពួក​គេ​គាំទ្រ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ក្រៅច្បាប់។ ករណីនេះ លោក​ថា អន្តរជាតិ​មិន​អាច​ជួយ​អន្តរាគមន៍​ឱ្យពួក​គេ​បាន​នៅ​ក្រៅ​ឃុំ​នោះ​ទេ។

លោក សុខ ឥសាន មានប្រសាសន៍​ថា៖ «ការ​ធ្វើញត្តិ​ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​ជនបរទេស ជនបរទេស​គ្មាន​សិទ្ធិ​គ្រប​ដណ្តប់​លើ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​នោះ​ទេ។ គាត់​យល់​ខុស​ហើយ បើ​ថាយកល្អ​ទេ មានតែ​រក​មេធាវី​ល្បីល្បាញ​ឱ្យ​ជួយ​ដោះស្រាយ​តាមផ្លូវ​តុលាការ ហើយ​បន្ទាប់ពី​ចេញ​មក ឈប់​ធ្វើសកម្មភាព​នយោបាយ​ឱ្យក្រុម​ឧទ្ទាម​ក្រៅច្បាប់ អត់មាន​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ បើ​ចេញ​មក​ហើយ ​រួចហើយ ចេញ​មក​ធ្វើសកម្មភាពឱ្យ​ក្រុម​ឧទ្ទាមក្រៅ​ច្បាប់​តទៅទៀត ជាប់គុក​ទៀត»។

គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និង​បាន​ហាម​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ១១៨រូប មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ។

ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ក្រោយពី​ចាប់ខ្លួន​អតីតប្រធាន​បក្ស​នេះ លោក កឹម សុខា ដាក់​ពន្ធនាគារ​ប្រមាណ ៣ខែ ដោយ​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ខណៈ​សំណុំរឿង​នេះ​នៅ​បន្ត​រហូតដល់​ពេល​បច្ចុប្បន្ន​ នៅមិនទាន់​បញ្ចប់​នោះ​ទេ ហើយ​លោក កឹម សុខា ក៏​មិនទាន់​ត្រូវ​បាន​តុលាការ​ប្រកាស​ថា មានទោស ឬគ្មាន​ទោស​នោះ​ដែរ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង លោក សំ សុ​គង់ បាន​ប្រាប់​វី​អូ​ឌីកាលពី​ថ្ងៃទី២៦ ខែមិថុនា​ថា គិត​ចាប់តាំងពី​ខែមករា​ដើមឆ្នាំ​នេះ​មក សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ចំនួន ១៤រូប​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​រួមគំនិតក្បត់ ឬការចោទប្រកាន់​ពី​បទ​ញុះញង់​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ