សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថា របាយការណ៍ចោទប្រកាន់របស់អង្គការលីកាដូ (LICADHO)ពាក់ព័ន្ធនឹងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែនរបស់ពលរដ្ឋកម្ពុជាហាក់ខុសប្រក្រតី និងកំពុងធ្វើឱ្យរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
កាលពីខែឧសភា ឆ្នាំ២០២០ អង្គការលីកាដូ(LICADHO) បានចេញផ្សាយនូវរបាយការណ៍មួយ អមដោយវីដេអូខ្លី ដែលមានចំណងជើងថា “ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន” (https://bit.ly/3iod2Vm)។
របាយការណ៍នោះ កើតឡើងពីការអង្កេតជាមួយសមាជិកគ្រួសារដែលស្នាក់នៅផ្ទះចំនួន ៣០ គ្រួសារ កាលពី ខែកញ្ញា ឆ្នាំ២០១៩។ អ្នកស្រាវជ្រាវនៃអង្គការលីកាដូ ក៏បានរកឃើញថា “ការជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលុប គឺជាកត្តាចម្បងលើកទឹកចិត្ត នាំឱ្យមានការធ្វើចំណាកស្រុកចេញពីភូមិ”។
សេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី៣ខែកក្កដាបាននិយាយថា បានរកឃើញនូវភាពមិនប្រក្រតីជាច្រើននៃរបាយការណ៍របស់អង្គការលីកាដូ បន្ទាប់ពីសមាគមបានចុះទៅដល់ទីតាំងផ្ទាល់ក្នុងភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការផ្ទៀតផ្ទាត់ ជាមួយអ្នកផ្តល់បទសម្ភាសន៍ និងអាជ្ញាធរមូលដ្ឋាន។
ជាថ្មីម្តងទៀត របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុ តាមការចុះអង្កេត និងការសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងភូមិឃុំខាងលើ ពួកគាត់បានលើកឡើងថា ប្រាក់កម្ចីដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ គឺពិតជាមានសារៈប្រយោជន៍មិនអាចខ្វះបានក្នុងការរួមចំណែកធ្វើអោយប្រសើរឡើងនូវមុខរបរ និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការអភិវឌ្ឍភូមិឃុំរបស់គាត់ផងដែរផ្ទុយពីរបាយការណ៍អង្គការលីកាដូ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តទៀតថា ការចោទប្រកាន់ថា បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នាំអោយមានការចំណាកស្រុក គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន ហើយក៏ឆ្លុះបញ្ជាំងថា អ្នកសម្ភាសន៍ មិនទាន់យល់ដឹងថាអ្វីទៅជាសេវាហិរញ្ញវត្ថុ ផ្លូវការស្របច្បាប់ និងអ្វីទៅជាសេវាហិរញ្ញវត្ថុក្រៅផ្លូវការ គ្មានច្បាប់អនុញ្ញាត ដែលមានអត្រាការប្រាក់ខ្ពស់ ហើយគ្មានយន្តការការពារអតិថិជន។
សមាគមថ្លែងថា៖« ផ្អែកលើហេតុផលនេះ និងតាមអ្វីដែលយើងបានរកឃើញផ្ទាល់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានមន្ទិលសង្ស័យចំពោះសុចរិតភាព និងគោលបំណងពិតប្រាកដរបស់អង្គការលីកាដូ អំពីការសិក្សាផ្សេងៗកន្លងមកដែលទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ»។
កាលពីថ្ងៃទី២ខែកក្កដា អេស៊ីលីដាក៏បាន ប្រតិកម្មវាយបកលើបណ្តុំអង្គការដែលបង្ហាញរបាយការណ៍ថា ពលរដ្ឋកំពុងរងគ្រោះដោយសារបំណុល ហើយធនាគារនេះក៏អំពាវនាវឱ្យមានវិធានការច្បាប់ករណីធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកដាក់លុយផ្ញើនៅវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ៕