ក្រសួង​អប់រំ​គ្រោង​បើក​សាលា​រៀន​ឡើង​វិញ​បើ​ស្តង់ដា​សុវត្ថិភាព​របស់​សាលា​រៀន​ល្អ​

សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ (ប្រភពរូប៖ ក្រសួងអប់រំ)

ក្រសួងអប់រំនឹងបើកសាលារៀនឡើងវិញនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។

អ្នក​នាំពាក្យក្រសួង​អប់រំ លោក រស់ សុវាចា មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រសួងអប់រំនឹងធ្វើតាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាលរួមមាន សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ សាលារៀនមានស្តង់ដាមធ្យម និង សាលារៀនមានស្តង់ដាអប្បបរមា។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព កត្តាសង្គម-សេដ្ឋកិច្ច មុននឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ រួមទាំងវិធានការចាំបាច់នានា សម្រាប់បើកឲ្យដំណើរការសាលារៀនតាមបីដំណាក់កាលខាងលើនាពេលឆាប់ៗខាងមុខនេះ។

សាលារៀន​ទាំងអស់​បាន​ចាប់ផ្ដើម​បិទទ្វារ​តាំងពី​ថ្ងៃទី១៦ ខែមីនា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩។ ជាង​មួយ​ខែក្រោយ​មក​ គឺ​នៅ​ថ្ងៃទី១៧ ខែមេសា ក្រសួង​អប់រំ​បាន​ប្រកា​សព​ន្យា​រពេលចូលរៀន​ឡើងវិញ ដោយ​មិនទាន់​កំណត់កាល​បរិច្ឆេទ​ចូលរៀន​នៅឡើយ​ទេ។

ទិន្នន័យ​ស្ថិតិ​ចងក្រង​ដោយ​ក្រសួង​អប់រំ​ឆ្នាំ​សិក្សា២០១៩ បង្ហាញថា កម្ពុជា​មាន​គ្រឹះស្ថាន​អប់រំ​ចំណេះ​ទូទៅ​ និង​មត្តេយ្យ​សាធារណៈ​ចំនួន​ជាង ១៣៣០០ ក្នុង​នោះ​ សាលារៀន​នៅ​តំបន់​ទីប្រជុំជន​មាន ១៤២២ និង​សាលារៀន​នៅ​ទី​ជនបទ​មាន ១១ ៨៧៨។

សាលារៀន​ជួប​ការ​លំបាក​មាន​ចំនួន ២៤៨កន្លែង ដែល​ភាគច្រើន​ជា​សាលាបឋមសិក្សា។ សិស្ស​ដែល​រៀន​ក្នុង​ឆ្នាំ​សិក្សា២០១៨ -២០១៩ មាន​ចំនួន ជាង ៣លាន ១សែន ៨ម៉ឺន​នាក់​ (៣ ១៨៩ ១៧២នាក់​) និង​មាន​បុគ្គលិក​បង្រៀន​ជាង ៩ម៉ឺន​នាក់ ​(៩៣ ៧០៣នាក់​) និង​បុគ្គលិក​មិន​បង្រៀន​ជាង ១ម៉ឺន ៩ពាន់​នាក់​ (១៩ ០៦៦នាក់​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ