អង្គការសមាគមធាងត្នោតស្នើឲ្យរាជរដ្ឋាភិបាលបញ្ឈប់សកម្មភាពបណ្តេញពលរដ្ឋក្រីក្រចេញពីទីជម្រករបស់ពួកគេ ក្រោមហេតុផលរស់នៅលើដីកម្មសិទ្ធិរបស់រដ្ឋ ក្នុងកំឡុងវិបត្តិសុខភាពពិភពលោក(កូវីដ១៩)។
សេចក្តីថ្លែងការណ៍របស់សមាគមធាងត្នោតចេញផ្សាយកាលពីថ្ងៃទី២៩ខែមិនថុនាបានថ្លែងថា គ្រួសារក្រីក្រជាច្រើននៅតែបន្តការបណ្តេញចេញ ទោះបីជា គ្រួសារទាំងអស់នោះកំពុងជួបវិបត្តិសេដ្ឋកិច្ច និងរងគ្រោះដោយសារកូវីដ១៩ក៏ដោយ។សមាគមនេះបញ្ជាក់ទៀតថា ភាគច្រើន អាជ្ញាធរមិនបានជូនដំណឹងអោយប្រជាពលរដ្ឋបានដឹងដំណឹងជាមុននោះទេ មុនពេលធ្វើការបណ្តេញ។
របាយកាណ៍របស់សមាគមធាងត្នោតបាននិយាយថា ដំណើការនៃការបណ្តេញចេញភាគច្រើនមិនត្រូវបានអនុវត្តន៍ស្របតាមគោលការណ៍ណែនាំ និងបទដ្ឋានសិទ្ធិមនុស្សដែលបានចែងដោយអង្គការសហប្រជាជាតិនោះទេ ព្រោះអាជ្ញាធរពុំបានជូនដំណឹងឱ្យសមហេតុផលដល់សហគមន៍មុនពេលនៃការបណ្តេញចេញឡើយដោយប្រើអំពើហិង្សា ឬការបំភិតបំភ័យមុនពេល ឬអំឡុងពេលបណ្តេញ។
សមាគមធាងត្នោតស្នើឱ្យអាជ្ញាធរបញ្ឈប់ការបណ្តេញចេញ ហើយងាកមកដោះស្រាយ បញ្ហា ទុក្ខលំបាកដែលពលរដ្ឋទាំងនោះកំពុងជួបទះ។
អង្គការសមាគមធាងត្នោតថ្លែងថា ៖ « រាជរដ្ឋាភិបាល សូមមេត្តាគិតគូរខ្វល់ខ្វាយ ជួយស្រោចស្រង់ និងបញ្ឈប់ការបណ្តេញចេញគ្រប់រូបភាពរហូតជំងឺកូវីដ១៩ ចប់ទាំងស្រុង និងផលប៉ះពាល់ដែលបង្កមកពីការរីករាលដាលនៃជំងឺកូវីដនេះត្រូវបានចូលរួមដោះស្រាយ។ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតនេះបានបញ្ចប់ យើងស្នើសុំឱ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងផ្តល់ការប្រឹក្សាយោបល់មុនពេលបណ្តេញចេញកើតឡើង»។
របាយការណ៍សមាគមធាងត្នោតគឺ ក្នុងអំឡុងពេលនៃការផ្ទុះរាលដាលមេរោគកូវីដ១៩នេះ នៅក្នុងរាជធានីភ្នំពេញនៅតែមានការបណ្តេញចេញបន្តបន្ទាប់ដូចជាករណីនៅ មាត់បឹងសំរោងនៅថ្ងៃទី២៤ខែមេសា ករណីនៅបឹងតាមោកនៅថ្ងៃទី១១ខែមិថុនានិង ករណីនៅបឹងឈូកអេនៅថ្ងៃទី២០ខែមិថុនា៕