អតីតអ្នកបម្រើការងារនៅក្នុងវិស័យសេវាកម្មកម្សាន្តអះអាងថា ជីវភាពរបស់ពួកគាត់កាន់តែលំបាកខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយត្រូវការលុយទាំងសម្រាប់អាហារ បន្ទប់ជួលស្នាក់នៅ និងត្រូវសងបំណុលទៀត ខណៈពួកគាត់ត្រូវបាត់បង់ការងារទាំងស្រុង។
អ្នកនាងចាន់ ចរិយា ដែលអះអាងថា ធ្លាប់បម្រើការងារនៅកន្លែងសេវាកម្សាន្ត (KTV) នៅម្តុំភ្នំពេញថ្មី និយាយថា រូបគាត់បាត់ចំណូលចាប់ពីពាក់កណ្តាលខែមីនា រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយសារតែរដ្ឋាភិបាលប្រកាសឲ្យបិទ KTV និងក្លិបកម្សាន្តមួយរយៈ ក្រោមហេតុផលជួយទប់ស្កាត់ជំងឺកូវីដ១៩។
អ្នកនាងបន្តថា ក្រោយពីបិទ KTV បានប្រហែលជាង១ខែ គាត់សម្រេចទៅរកការងារថ្មី ផ្នែកអ្នករត់តុនៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ដោយបានប្រាក់ខែ៧០ដុល្លារក្នុងមួយខែ។ អ្នកនាងថា ប្រាក់ខែនេះ មិនអាចសងបំណុលធនាគារ និងថ្លៃឈ្នួលផ្ទះបាននោះទេ។
អ្នកនាងនិយាយថា៖ «ខ្ញុំជួលបន្ទប់នៅជាមួយមិត្តភ័ក្រក្នុងមួយខែ៧០ដុល្លារ រកប្រាក់មិនគ្រប់បង់ផ្ទះទេ ម្ចាស់ផ្ទះគេកំណត់ថា ដល់ថ្ងៃទី៧ រាល់ដើមខែ បើខ្ញុំអត់លុយបង់ទេ គេចាក់សោតែម្តង រាល់ថ្ងៃខ្ញុំពិបាកណាស់អត់លុយបង់ផ្ទះជួល ណាមួយជំពាក់ធនាគារទៀត ត្រូវបង់ឲ្យគេ[ធនាគារ]ជាង១០០ដុល្លារក្នុងមួយខែ ខ្ញុំខានបង់ធនាគារ៣ខែដែរហ្នឹង»។
អ្នកស្រី ពៅ ចំរ៉ុង ជាអ្នកលក់ស្រាបៀរនៅ KTV ម្តុំផ្លូវម៉ៃដា និយាយថា គាត់ក៏ជួបបញ្ហាប្រឈមនឹងជីវភាពគ្រួសារដែរ នៅពេលដែលរដ្ឋាភិបាលប្រកាសឲ្យបិទKTVមួយរយៈនោះ។ អ្នកស្រីអំពាវនាវទៅរដ្ឋាភិបាលជួយឧបត្ថម្ភប្រាក់មួយផ្នែកដល់អ្នកដែលបំរើសេវាកំសាន្ត ឬរកការងារឲ្យពួកគេធ្វើ ដើម្បីបានប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។
អ្នកស្រីនិយាយថា៖ «ខ្ញុំក៏ចង់ឲ្យរដ្ឋាភិបាលបើក KTV វិញដែរ បើសិនជាគាត់មិនទាន់បើក សុំឲ្យរដ្ឋាភិបាលគាត់ជួយថវិកាតិចតួច[៤០ក្នុងមួយខែ]ដល់ពួកខ្ញុំរាល់ខែ ដើម្បីជួយដោះទាល់បានមួយពេលៗដែរ»។
អ្នកនាង សុង ស្រីខួច ដែលអះអាងថា ជាអ្នកបម្រើសេវាកម្សាន្ត នៅម្តុំទួលគោក បង្ហាញក្តីបារម្ភថា បើរដ្ឋាភិបាលមិនបើក KTV ឬឧបត្ថម្ភប្រាក់ ឬរកការងារឲ្យពួកគាត់ធ្វើទេ នឹងបញ្ហាជីវភាពគ្រួសារខ្លាំង ហើយអាចធ្វើឲ្យគាត់បាត់បង់ប្លង់ដី ផ្ទះ ដោយសារតែជំពាក់បំណុលធនាគារ នៅពេលគ្មានប្រាក់សង។
អ្នកនាងនិយាយថា៖ «ខ្ញុំជំពាក់ធនាគារ៥ពាន់ដុល្លារ ប្លង់ដីខ្ញុំហ្នឹងម៉ែខ្ញុំដាក់បញ្ចាំធនាគារដែរ ខ្ញុំខានបង់លុយធនាគារបីខែទាំងខែ..មិនដឹងធ្វើម៉េច បើខ្ញុំរាល់ថ្ងៃ ការងារអត់មានធ្វើ ទៅមុខទៀតមិនដឹងថាម៉េចទេ ខ្លាចតែអត់លុយសងគេ[ធនាគារ]យួរៗទៅ គេយកដី យកផ្ទះអត់ហើយក៏មិនដឹង ចេះតែបារម្ភចឹង ព្រោះគេមិនទាន់បើក KTV វិញ ហើយខ្ញុំក៏មិនទៅរកការងារណាបានធ្វើ បើរៀនបានត្រឹមថ្ងៃទី៥ហ្នឹង»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ សុំមិនធ្វើការបកស្រាយលើបញ្ហានេះ ដោយលោកថា បានបកស្រាយបន្តបន្ទាប់ហើយ និងមិនទាន់មានអ្វីថ្មីទៀតទេ។
ក្នុងលិខិតមួយចុះថ្ងៃទី១៥ ខែមិថុនា របស់ក្រសួងការងារបានឆ្លើយតបចំពោះក្រុមស្ត្រីបម្រើការងារផ្នែកសេវាកម្សាន្តថា អំឡុងនៃការរីករាលដាលជំងឺកូវីដ១៩នេះ គឺរដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារបញ្ហាជំងឺកូវីដ១៩ ជាពិសេសកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មកររោងចក្រ និងកម្មករក្នុងវិស្ស័យផ្សេងៗ ដោយបានបញ្ចេញកញ្ចប់ថវិកាជំនួយសង្គមប្រមាណ ១០០លានដុល្លារ សំដៅជួយទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងកម្មករ។ ក្នុងលិខិតនេះ មិនបានបញ្ជាក់ច្បាស់ថា ត្រូវជួយអ្នកធ្វើការងារលើសេវាកម្សាន្តប៉ុណ្ណានោះទេ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា បច្ចុប្បន្ននេះ អ្នកបម្រើសេវាកម្សាន្តមិនទាន់មានការងារច្បាស់លាស់នៅឡើយ។ ករណីនេះ រដ្ឋាភិបាលត្រូវផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ និងស្នើឱ្យជួយសម្រួលជាមួយម្ចាស់ផ្ទះជួលឱ្យបញ្ចុះតម្លៃផ្ទះជួលថែមទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពពួកគេ។
លោកស្រីអំពាវនាវថា៖ «រាជរដ្ឋាភិបាលគួរតែពិនិត្យមើលលើអ្នកបម្រើសេវាកម្សាន្តដែរ ថាតើអាចឧបត្ថម្ភថវិកាក្នុងកំរិត៤០ដុល្លារក្នុងប៉ុន្មានខែសិន ដើម្បីស្ទង់ស្ថានការណ៍ ដើម្បីឲ្យកម្មករមានប្រាក់ខែខ្លះ សងដោះបំណុល[ធនាគារ]»។
តួលេខដែលផ្តល់ដោយអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភក្តិ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានមណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យចំនួនជិត ១ ៣០០ (១ ២៩៣)កន្លែងនៅទូទាំងប្រទេស គិតត្រឹមខែមីនាឆ្នាំនេះ ក្នុងនោះមានខារ៉ាអូខេ (KTV) ១ ០៨៤កន្លែង ក្លិបឌីស្កូតែក (Club Disco) ១០៩កន្លែង អាជីកម្មរង្គសាល (Night Club) ១៦កន្លែង អាជីវកម្មបៀរហ្កាឌិន ៨៤កន្លែង ដែលផ្ដល់ការងារ ១៨ ៣៨១កន្លែងសម្រាប់ពលរដ្ឋកម្ពុជា។
សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) ប្រកាសថា បុគ្គលិកកម្មករដែលធ្វើការងារនៅក្នុងឧស្សាហកម្មកម្សាន្តនេះ មានរហូតដល់ជាង ៨ម៉ឺននាក់នៅទូទាំងប្រទេស ដែលរាប់ចាប់ពីអ្នកសម្អាតរហូតដល់បុគ្គលិកគ្រប់គ្រង៕