អ្នកស្រី ហ៊ាង លក្ខិណា អាយុ ៣៨ឆ្នាំ ជាកសិករប្រកបរបរដាំពោតចំណីសត្វ នៅក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បាននិយាយថា អ្នកស្រី និងគ្រួសារធ្វើចម្ការដាំដុះពោតចំណីសត្វរយៈពេលជាង ៤០ ឆ្នាំមកហើយ។
កាលពីមុន អ្នកស្រីមិនសូវប្រើប្រាស់ថង់ប្លាស្ទិកដើម្បីធ្វើចម្ការនោះទេ ប៉ុន្តែ ប្រហែល ៥ឆ្នាំចុងក្រោយនេះ ដោយសារតែមានបញ្ហាអាកាសធាតុ និងសត្វល្អិតចង្រៃ បានតម្រូវឱ្យអ្នកស្រីប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាងមុន។ ជាក់ស្តែង រៀងរាល់រដូវដាំដុះ អ្នកស្រីចំណាយថវិកាប្រមាណពី ១ ទៅ ២លានរៀល ដើម្បីទិញប្លាស្ទិកថ្លាមកធ្វើរបងព័ទ្ធជុំវិញចម្ការពោតទំហំប្រហែល ៥ហិកតារបស់អ្នកស្រី ដើម្បីការពារកុំឱ្យសត្វកណ្តុរចូលបំផ្លិចបំផ្លាញពោតរបស់គាត់។
អ្នកស្រីបានបញ្ជាក់ថា៖ «កាលមុន ខ្ញុំប្រើប្រាស់ប្លាស្ទិកតិចតួចទេ ច្រកបន្លែទៅលក់នៅផ្សារអញ្ចឹង។ តែឥលូវនេះ ត្រូវទិញប្លាស្ទិកអាថ្លាមកធ្វើរបងព័ទ្ធចម្ការហ្មង! ហើយបើមិនអញ្ចឹង ទប់កណ្តុរមិនឈ្នះទេ។ ដល់លក់ពោតហើយ កាត់កងថ្លៃប្លាស្ទិក អស់ប្រហែល ១ លាន ២លានដែរហ្នឹង។»
ក្រោយពីប្រមូលផលពោតហើយ អ្នកស្រីក៏ប្រមូលប្លាស្ទិកទាំងនោះលាងសម្អាត ហើយទុកប្រើប្រាស់នៅរដូវដាំដុះបន្ទាប់ តែប្លាស្ទិកមួយភាគធំដែលត្រូវសត្វកណ្តុរកាត់បំផ្លាញ មិនអាចប្រើប្រាស់ម្តងទៀតបានឡើយ។
អ្នកស្រីលើកឡើងថា៖ «ប្លាស្ទិកនៅសល់ ប្តីខ្ញុំគាត់ប្រមូលដុតភ្លើងនៅចម្ការចោល ព្រោះពិបាកយកមកផ្ទះវិញណាស់ ហើយមិនដឹងយកមកធ្វើអីបាន ព្រោះវាខូចខាតអស់ហើយ។ […] ពេលដុតម្តងៗ ផ្សែងអ័ព្ទ ពិបាកដកដង្ហើមណាស់។ តែគ្រាន់បើជាងកប់ក្នុងដីដែរ ព្រោះបើកប់ក្នុងដី វាអត់រលាយទៅណាទេ។ បើមិនប្រមូលដុត ពេលខ្យល់បក់ប៉ើងទៅមក ថង់ប្លាស្ទិកទាំងនោះហោះសំពោងពេញចម្ការដូចសត្វកុកអញ្ចឹង។»
យោងតាមសៀវភៅណែនាំស្តីពីការគ្រប់គ្រងកាកសំណល់សម្រាប់សហគមន៍ក្រីក្រនៅក្នុងទីក្រុង ចេញផ្សាយដោយសមាគមធាងត្នោត បានលើកឡើងថា ដោយសារតែប្លាស្ទិកមានភាពស្វិត ស្រាល ថោក និងងាយស្រួលប្រើ ទើបវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាជំនួយដល់ការធ្វើកសិកម្មរបស់ប្រជាកសិករនៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
ប្លាស្ទិកប្រើម្តងបោះចោល ស្ថិតក្នុងប្រភេទប្លាស្ទិកមានដង់ស៊ីតេទាប (LDPE = Low-Density Polypropylene) ដែលមានភាពយឺត អាចពត់បត់បែនបាន និងមានភាពថ្លា ជាហេតុដែលគេនិយមយកវាទៅរុំរបស់ផ្សេងៗ។ ប្លាស្ទិកអាចចំណាយពេលរាប់រយឆ្នាំក្នុងការរលាយ។ ប្លាស្ទិកអាចសម្លាប់ជីវិតសត្វដោយសារតែសត្វទាំងនោះបានស៊ីវា ឬដោយសារជាប់ក្នុងកញ្ចប់ប្លាស្ទិក។ ក្រៅពីនេះ ប្លាស្ទិកអាចធ្វើឱ្យស្ទះផ្លូវទឹក និងបណ្តាលឱ្យមានទឹកជំនន់ទៀតផង។
សៀវភៅ «ពិភពប្លាស្ទិក៖ ការពិត និងតួលេខស្តីពីប្លាស្ទិករាយពេញផែនដី» ចេញផ្សាយដោយមូលនិធិហេនរេចបូល (Heinrich-Borll-Foundation) ជាសៀវភៅស្តីពីពិភពប្លាស្ទិកជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលនិយាយពីស្ថានភាពនៃការប្រើប្រាស់ប្លាស្ទិកនៅលើពិភពលោក និងការរកឃើញពីផលប៉ះពាល់នៃការបំពុលប្លាស្ទិកទៅលើសុខភាពមនុស្ស។
យោងតាមសៀវភៅខាងលើ តាមការប៉ាន់ស្មាន ៤០ភាគរយនៃផលិតផលប្លាស្ទិកបានក្លាយជាសំរាមក្នុងមួយខែៗ។ ការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ គ្រាន់តែជាជម្រើសទីពីរប៉ុណ្ណោះ ហើយប្រព័ន្ធកែច្នៃបច្ចុប្បន្នមិនអាចដោះស្រាយបញ្ហាសំណល់នេះបានទេ។ ប្លាស្ទិកបង្កហានិភ័យដល់សុខភាពយើង គិតចាប់តាំងពីដំណាក់កាលផលិត ការប្រើប្រាស់ រហូតដល់ការបោះចោល។ ភាគល្អិតតូចនៃប្លាស្ទិក និងផលិតផលគីមីមានជាតិពុលដែលគេយកទៅផលិតប្លាស្ទិក ចូលក្នុងខ្យល់ដង្ហើម ទឹកប្រើប្រាស់ និងក្នុងដី ដែលវាធ្វើឱ្យខូចប្រព័ន្ធការពាររាងកាយពីជំងឺ ប្រព័ន្ធបន្តពូជ ថ្លើម តម្រងនោម រហូតដល់ធ្វើឱ្យមានរោគមហារីក។
យោងតាមសៀវភៅខាងលើ ចាប់តាំងពីឆ្នាំ១៩៥០ រហូតដល់ឆ្នាំ២០១៥ សំណល់ប្លាស្ទិកនៅលើពិភពលោក មានចំនួនប្រមាណជាង ៨.៣ពាន់លានតោន ហើយនៅពេលបច្ចុប្បន្ននេះ ប្លាស្ទិកចំនួន ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំ។
ក្នុងសៀវភៅនោះសរសេរថា៖ «ចាប់តាំងពីឆ្នាំ១៩៥០មកដល់បច្ចុប្បន្ន គេបានកែច្នៃប្លាស្ទិកត្រឹមតែ ៩ ភាគរយប៉ុណ្ណោះចេញពីប្លាស្ទិក ៨ពាន់លានតោន»។
ឯកសារដដែលបានឱ្យដឹងថា សារធាតុដែលបំភាយចេញពីការដុតសំណល់ប្លាស្ទិក រួមមាន ឌីអុកស៊ីត និងលោហធាតុដូចជា បារត សំណ និងកាឌីញ៉ូម ដែលជាតិពុលទាំងនេះអាចហើរបានឆ្ងាយ ព្រមទាំងស្ថិតនៅក្នុងដី និងទឹកផងដែរ។ ចំពោះការដុតប្លាស្ទិកវិញ ក៏បង្កើតបានជាផលិតផលដែលមានជាតិពុលខ្ពស់ ដូចជា ផេះ ឬភក់ ហើយកាកសំណល់ទាំងនេះត្រូវបានដាក់ចូលក្នុងរណ្តៅដី រូងភ្នំ ដីស្រែចម្ការ និងទីវាលសើម ដែលបង្កការគំរាមកំហែងយូរអង្វែងដល់បរិស្ថាន និងសុខភាព។
ឯកសារខាងលើបានសរសេរថា៖ «ទង្វើបែបនេះត្រូវបានធ្វើជាញឹកញាប់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងទីជនបទដែលមិនមានលទ្ធភាពគ្រប់គ្រងសំណល់។ ដើម្បីដោះស្រាយផលប៉ះពាល់សុខភាពពីផលិតផលប្លាស្ទិក ទាមទារឱ្យមានចំណាត់ការចំពោះការប្រើប្រាស់ និងការបោះចោលកាកសំណល់ ក៏ដូចជាសង្វាក់ផលិតកម្មទាំងមូល។»
ទោះបីមិនមានការឆ្លើយតបពីរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏ដោយ តែក្នុងឱកាសចូលរួមជាអធិបតីសម្ពោធការផ្សព្វផ្សាយសៀវភៅ «ពិភពប្លាស្ទិក៖ ការពិត និងតួលេខស្តីពីប្លាស្ទិករាយពេញផែនដី» កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅផ្ទះមេត្តា រាជធានីភ្នំពេញ លោកបានមានប្រសាសន៍ថា នៅប្រទេសកម្ពុជា សំណល់សំរាមដែលបានបង្កើតឡើងនៅក្នុងមួយឆ្នាំមានប្រមាណជាង ៤លានតោន ក្នុងនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។
លោកបានបញ្ជាក់ថា យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ថង់នៅក្នុងមួយឆ្នាំ ហើយក្នុងមួយថ្ងៃ រាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០លានថង់។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយក្រសួងបរិស្ថាន ប្រចាំថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
លោកបានបន្ថែមថា បើនិយាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស សំណល់សំរាមកើនឡើងប្រមាណ ១០% នៅក្នុងមួយឆ្នាំ ដោយសារតែកត្តាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូររបៀបរស់នៅ ការផ្លាស់ប្តូររបៀបនៃការវេចខ្ចប់ទំនិញផ្សេងៗ ពោលគឺប្រជាពលរដ្ឋបានងាកមកប្រើប្រាស់របស់របរវេចខ្ចប់ដែលងាយៗ គឺថង់ប្លាស្ទិក។
លោកបានមានប្រសាសន៍ថា៖ «សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក និងចូលរួមប្រើប្រាស់ឡើងវិញ ការកែច្នៃ ឬបដិសេធការប្រើប្រាស់ប្លាស្ទិក ដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទិក ការពារបរិស្ថាន និងភពផែនដីរបស់យើង។»
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ បានចេញអនុក្រឹត្យលេខ ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដែលមានគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត និងការប្រើប្រាស់ថង់ផ្លាស្ទិក ក៏ដូចជាសំដៅកាត់បន្ថយផលប៉ះពាល់សុខភាព និងបរិស្ថាន។
ក្នុងជំពូកទី៣ មាត្រា១២ នៃអនុក្រឹត្យនេះមានខ្លឹមសារថា៖ «ប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមតែអាចធ្វើទៅបាន តាមរយៈការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់ឡើងវិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក។»
លោក លី ហាក់សេង អាយុ ២៣ឆ្នាំ ជាប្រជាកសិករដាំដំណាំផ្សិតម្នាក់នៅភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានប្រើប្រាស់ថង់ប្លាស្ទិកក្នុងចំនួនយ៉ាងច្រើនក្នុងការបណ្តុះផ្សិត ដែលជារបរអាជីវកម្មគ្រួសារជាង ១០ឆ្នាំមកហើយ។
កំពុងដើរនាំផ្លូវទៅកាន់រោងបណ្តុះផ្សិតបណ្តើរ លោក ហាក់សេង បាននិយាយបណ្តើរថា លោកនិងគ្រួសារចៀសមិនផុតពីការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីច្រកល្បាយមេផ្សិតនោះទេ។ ក្រៅពីនេះ លោកក៏ប្រើប្រាស់ថង់ប្លាស្ទិកធំៗដើម្បីច្រកផ្សិតដែលប្រមូលផលបាន យកទៅលក់ឱ្យអ្នកលក់បន្លែនៅឯផ្សារដែរ។
ក្នុងមួយឆ្នាំៗ លោកអាចធ្វើការបណ្តុះផ្សិតសារជាថ្មីបាន ៣ ទៅ ៤ដង ដែលក្នុងមួយដងៗ លោកមានមេផ្សិតប្រហែលជា ១ម៉ឺនដុំ ដែលតម្រូវឱ្យប្រើប្រាស់នូវថង់ប្លាស្ទិកចំនួនច្រើន។ លោកមិនបានគណនាអំពីចំនួននៃថង់ប្លាស្ទិកទាំងអស់នោះទេ ប៉ុន្តែ លោកដឹងថា លោកចំណាយថវិកាមិនតិចឡើយដើម្បីទិញថង់ប្លាស្ទិកទាំងនោះយកមកច្រកមេផ្សិតក្នុងមួយលើកៗ។
មេផ្សិតអាចផ្តល់ផលផ្សិតបានត្រឹមរយៈពេលប្រហែលពី ៣ ទៅ ៦ខែ តាមប្រភេទផ្សិត និងអាយុកាលរបស់ប្រភេទមេផ្សិតដែលបានរៀបចំ។ ក្រោយពីផ្សិតលែងផ្តល់ផលហើយ លោកត្រូវនាំយកមេផ្សិតទាំងនោះមកកាត់ញែករវាងសំណល់ថង់ប្លាស្ទិក និងល្បាយមេផ្សិតដែលពុករលួយ ដោយលោកយកមេផ្សិតទៅធ្វើជាជីធម្មជាតិសម្រាប់ដាក់ដំណាំក្បែរផ្ទះ ចំណែកឯថង់ផ្លាស្ទីកត្រូវបានលោកយកទៅធ្វើជ័របង្កាត់ភ្លើងបន្តទៀត។
លោកបញ្ជាក់ថា៖ «និយាយទៅ ថង់ផ្សិតហ្នឹងអត់បោះចោលទេ។ នៅពេលដែលផ្សិតដុះអស់ហើយ គឺល្បាយមេផ្សិតយកធ្វើជី ថង់យកដើម្បីបង្កាត់ភ្លើង យើងអត់ចោលទេ។ បើយកទៅបោះចោល នាំឱ្យប៉ះពាល់ដល់បរិស្ថានខ្លាំងណាស់។ ប៉ុន្តែ យើងយកទៅបង្កាត់ភ្លើងវិញ បើទោះបីជាមានផលប៉ះពាល់ តែកាត់បន្ថយច្រើនជាងយកថង់ទៅបោះចោល។ និយាយរួម ព្យាយាមប្រើប្រាស់ឱ្យអស់លទ្ធភាព។»
លោកបានបន្តថា៖ «បើចំពោះអ្នកផ្សេងវិញ ភាគច្រើន នៅពេលដែលផ្សិតដុះអស់ហើយ ល្បាយក្នុងថង់ហ្នឹងគេយកទៅបោះចោលហ្មង ហើយថង់ហ្នឹងក៏គេបោះចោលទៅជាមួយដែរ។ ថង់ហ្នឹងដែលបោះចោល វាអត់ងាយរលាយទេ។ វា[ប្រើប្រាស់ពេល]រាប់ឆ្នាំ តែប្រសិនបើយើងយកទៅដុត វាជួយសម្រួលបានច្រើន។ វាប៉ះពាល់តិចតួចដែរដល់បរិយាកាសខាងលើ តែវាគ្រាប់បើជាង។»
លោក ហាក់សេង បានដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រើប្រាស់ថង់ប្លាស្ទិក តែលោកថា ជីវិតរស់នៅប្រចាំថៃ្ងរបស់មនុស្សយើងមិនអាចខ្វះប្លាស្ទិកបានឡើយ។
លោកបន្ថែមថា៖ «បើយកប្លាស្ទិកចោលក្នុងទឹក វានឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតត្រី ឬបណ្ដាលឱ្យទឹកអត់ស្អាត។ បើយកទៅដុត បណ្ដាលឱ្យផ្សែងដែលហើរឡើងទៅបំផ្លាញស្រទាប់អូហ្សូន ដែលធ្វើឱ្យផែនដីឡើងកម្ដៅ។ បើយកកប់ក្នុងដី សារជាតិប្លាស្ទិកហ្នឹងវានឹងធ្វើឱ្យដីបាត់បង់ជីជាតិ។»
លោក ឈួម សុខៈ អាយុ ៥៣ឆ្នាំ ជាកសិករនៅភូមិអណ្ដើកហែប ឃុំកណ្ដាលស្ទឹង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលប្រើប្រាស់ថង់ប្លាស្ទិកបណ្ដុះកូនដំណាំស្វាយ និងល្ហុង ប្រើថង់ប្លាស្ទិកក្នុងការបន្សាំដើមត្រងែន និងច្រកផលដំណាំដែលប្រមូលផលយកទៅលក់។ ក្រៅពីនេះ លោកក៏បានប្រើថង់ប្លាស្ទិកទំហំធំសម្រាប់ទ្រាប់បាតអាងស្ដុកទឹកទុកស្រោចដំណាំផងដែរ។
លោកបន្ថែមថា៖ «ចំពោះថង់ដែលប្រើប្រាស់រួចហើយ ប្រសិនបើសភាពវានៅល្អ ខ្ញុំនៅប្រើប្រាស់វាម្ដងទៀត។ ប៉ុន្ដែ បើសភាពថង់ប្លាស្ទិកប្រឡាក់ ឬរហែក ខ្ញុំយកវាដុតចោលជាមួយសំរាមស្លឹកឈើ ឬក៏យកធ្វើជាមេសម្រាប់បង្កាត់ភ្លើង។»
ធម្មតា ក្នុងមួយខែ លោក ឈួម សុខៈ បានប្រើប្រាស់ប្លាស្ទិកសម្រាប់បណ្ដុះដំណាំពី ៣ ទៅ ៤ដង ដោយប្រើប្រាស់ប្លាស្ទិកជាមធ្យម ២គីឡូក្រាម ដែលក្នុង ១គីឡូក្រាម តម្លៃ ៧០០០រៀល។
ពេលសាកសួរថា តើលោកបានដឹងថាថង់ប្លាស្ទិកទាំងនោះមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានឬទេ លោកបាននិយាយថា៖
«ផលប៉ះពាល់ដឹងតែមានចៀសមិនផុតទេ ប៉ុន្ដែ ខ្ញុំមានវិធានការក្នុងការគ្រប់គ្រងថង់ប្លាស្ទិកមិនឱ្យសាយភាយបាន ដូចជា មានរណ្ដៅមួយសំរាប់ដាក់កាកសំណល់ដែលនៅឆ្ងាយពីផ្ទះអ្នកភូមិ និងឆ្ងាយពីស្ទឹង និយាយរួមនៅទីវាលមួយដាក់ឱ្យនៅដាច់ដោយឡែក។ »
បើតាមលោក ឈួម សុខៈ នៅក្នុងសហគមន៍របស់លោក មានប្រជាកសិករជាច្រើនគ្រួសារផ្សេងទៀត ដែលប្រើប្រាស់ប្លាស្ទិកក្នុងការធ្វើកសិកម្មដូចរូបលោក តែលោកមិនច្បាស់ពីវិធីគ្រប់គ្រងសំរាមប្លាស្ទិករបស់អ្នកភូមិដទៃទៀតទេ ខណៈអាជ្ញាធរមូលដ្ឋានហាក់មិនសូវបង្ហាញការយកចិត្តទុកដាក់លើបញ្ហាសំរាមប្លាស្ទិកនេះនោះទេ។
លោកបានប្រាប់ថា៖ «បើមេភូមិគ្រប់គ្រងនៅហ្នឹងដូចជាអត់មានវិធានការបែបនេះទេ។ ភាគច្រើនមានតែអង្គការ ឬអង្គភាពមួយចំនួនដែលបានចុះមកផ្សព្វផ្សាយរឿងផលប៉ះពាល់នៃប្លាស្ទិក ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។»
ស្ថាបនិកហ្វេសបុកផេក Think Plastic ដែលទទួលបានការគាំទ្រតាមដានជិត ១សែននាក់ កញ្ញា អាត សុធាវី មានប្រសាសន៍ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ថង់ប្លាស្ទិកត្រូវបានប្រជាកសិករខ្មែរប្រើកាន់តែច្រើនឡើង ដើម្បីជំនួយដល់ការងារកសិកម្ម ដូចជាប្រើប្រាស់ក្នុងការគ្របលើដីដំណាំដើម្បីកាត់បន្ថយការលូតលាស់ស្មៅ ការពារផលដំណាំពីការបំផ្លិចបំផ្លាញដោយសត្វល្អិត និងច្រកផលដំណាំយកទៅលក់នៅលើទីផ្សារ។
កញ្ញាបាននិយាយថា៖ «ទោះបីជាកសិករប្រើប្រាស់ថង់ប្លាស្ទិកដើម្បីជំនួយដល់ការងារកសិកម្ម តែហោចណាស់វាជាប្រភេទប្លាស្ទិកដែលប្រើបានច្រើនលើកច្រើនសារ ហើយប្លាស្ទិកមានភាពចាំបាច់ណាស់សម្រាប់ពួកគាត់ដែលត្រូវប្រើតាមបច្ចេកទេសសិកម្ម។»
កញ្ញាលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថង់ប្លាស្ទិកធំៗឡើងវិញម្ដងហើយម្ដងទៀតឱ្យអស់លទ្ធភាពជាមុនសិន មុននឹងបោះចោល ចំពោះបំណែកប្លាស្ទិកតូចៗដែលមិនអាចប្រើប្រាស់ឡើងវិញបានហើយនោះ គួរត្រូវរៀបចំទុកដាក់នៅកន្លែងសមរម្យ ជាជាងបោះចោលពាសវាលពាសកាល ព្រោះវាជាហេតុនាំឱ្យខូចគុណភាពដីដាំដំណាំ។
កញ្ញាជំរុញដល់ក្រសួងបរិស្ថានឱ្យជួយអប់រំដល់ប្រជាកសិករ អំពីការទុកដាក់កាកសំណល់ប្លាស្ទិកកសិកម្មឱ្យមានប្រសិទ្ធភាព ខណៈពន្លឿនការដាក់ឱ្យប្រើប្រាស់នូវអនុក្រឹត្យស្តីពីការហាមឃាត់ការប្រើប្រាស់ “ប្លាស្ទិកប្រើប្រាស់ម្តងបោះចោល” (Single use plastic) ដើម្បីកាត់បន្ថយការផលិត និងនាំចូលនូវប្រភេទប្លាស្ទិកដែលប្រើប្រាស់ម្តងបោះចោលផងដែរ។
អ្នកតំណាងអង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំនៅកម្ពុជា លោក Alexandre Huynh បានឆ្លើយតបតាមសារអេឡិចត្រូនិចអ៊ីម៉ែលថា ការកើនឡើងនៃការប្រើប្រាស់ប្លាស្ទិកនៅក្នុងវិស័យកសិកម្ម មានលើមធ្យោបាយជាច្រើនដូចជា សម្រាប់ប្រព័ន្ធធារាសាស្រ្តខ្នាតតូច ការធ្វើរបងការពារ ការក្រាលដីការពាររំហួតទឹក បណ្តាញស្រះទឹកជាដើម ដោយសារតែវាមានតម្លៃថោក និងងាយស្រួលប្រើប្រាស់។ លើសពីនេះ ប្លាស្ទិកត្រូវបានគេប្រើប្រាស់យ៉ាងសកម្មសម្រាប់សកម្មភាពក្រោយប្រមូលផល រួមមានការវេចខ្ចប់ និងការរក្សាទុកជាដើម។
លោកបានសរសេរថា៖ «FAO ទទួលស្គាល់ថា ការគ្រប់គ្រងសំណល់ប្លាស្ទិកជាបញ្ហាប្រឈមខ្លាំងណាស់សម្រាប់កសិករតូចតាចដែលតែងតែនៅឆ្ងាយពីកន្លែងចោលសំរាម និងមានការស្ទាក់ស្ទើរក្នុងការប្រមូលសម្ភារប្រើប្រាស់សម្រាប់បោះចោល។ ជាទូទៅ ការអប់រំ និងការយល់ដឹងដែលមានកម្រិតអំពីផលប៉ះពាល់អវិជ្ជមាននៃកាកសំណល់ប្លាស្ទិកក្នុងចំណោមកសិករខ្នាតតូច ក៏ជាបញ្ហាប្រឈមមួយទៀតដែរ។»
អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ យូអិនឌីភី ប្រចាំកម្ពុជា លោក Nick Beresford បានសរសេរតាមសារអេឡិចត្រូនិចអ៊ីម៉ែលថា៖ «ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិកគឺជាការងារបន្ទាន់។ វាតម្រូវឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីគ្រប់គ្នា បុគ្គល និងគ្រួសារ អាជីវកម្មខ្នាតតូច និងក្រុមហ៊ុនខ្នាតធំ ហើយជាការពិតពីរដ្ឋាភិបាលផងដែរ។»
លោកបន្តថា រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការបង្កើតច្បាប់ និងលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកទាំងនេះ។ ក្រៅពីនេះ វិស័យឯកជន ក៏អាចចូលរួមបានតាមរយៈការបដិសេធប្រើប្រាស់ប្លាស្ទិក និងកែច្នៃប្លាស្ទិកឡើងវិញ ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី និងគំរូអាជីវកម្មច្នៃប្រឌិតថ្មី ដែលអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការលើកកម្ពស់ជម្រើសផ្សេងៗទៀតជំនួសឱ្យការប្រើប្រាស់ប្លាស្ទិកនេះ។
លោកសរសេរថា៖ «យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋ និងប្រជាជន អាចបដិសេធនូវការប្រើប្រាស់ប្លាស្ទិកដែលប្រើតែម្តងហើយបោះចោល ដូចជា ទុយោប្លាស្ទិក ថង់ប្លាស្ទិក និងការវេចខ្ចប់ចំណីអាហារដោយប្លាស្ទិក កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើម្តងហើយបោះចោល៕»