រដ្ឋាភិបាលប្រកាសកាលពីថ្ងៃម្សិលមិញថា បុគ្គលិក និងកម្មករជាង៣ពាន់នាក់បន្ថែមទៀតនៅក្នុងវិស័យសេវាកម្ម និងកាត់ដេរដែលព្យួរការងារ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋនៅក្នុងដំណើរការទូទាត់ប្រាក់ឧបត្ថម្ភលើកទី៩។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភលើកទី៩ ដល់កម្មករ និងបុគ្គលិកចំនួន៣,៥៣៦នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩នៅក្នុងវិស័យកាត់ដេរ និងសេវាកម្ម។
បើតាមតួលេខរបស់ក្រសួងការងារ រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករដែលព្យួរការងារចំនួន៩លើកហើយគិតមកដល់ថ្ងៃទី៧ ខែកក្កដានេះ។
បើតាមតួលេខទាំង៩លើកនេះ គឺរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនី និងបុគ្គលិកក្នុងវិស័យសេវាកម្ម ១៧៩,០៩៩នាក់ នៃរោងចក្រសហគ្រាស ឬក្រុមហ៊ុនចំនួន ៥៨៩៕