វិវាទ​​ការងារ​​រវាង​​កម្មករ​ និង​​ភាគី​​ថៅកែ​​រោង​ចក្រ​​ហាណា​​នៅ​តែ​​មិន​ទាន់​​ឈាន​​ដល់​​ដំណោះ​ស្រាយ​​រួម​​

ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កម្មកររោងចក្រហាណា វ័ន ខេមបូឌា (HANA One Cambodia) បានជួបជុំគ្នាសារជាថ្មី​ និងហាមមិនអោយមានការដឹកសម្ភារចេញពីរោងចក្រ​ និងទាមទារឱ្យនិយោជកទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍នានាទៅតាមផ្លូវច្បាប់។ (សង់ត្រាល់/ Screenshot)

វិវាទ​ការងារ​របស់​ក្រុម​កម្មករ និង​ថៅកែ​នៅ​រោង​ចក្រ ហាណា វ័ន ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មិនទាន់​ឈាន​ទៅ​រក​ចំណុចរួម​នៅឡើយ​ទេ ក្រោយ​ជួប​ចរចា​គ្នា​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃនេះ។

តំណាង​កម្មករ តំណាង​ក្រសួងការងារ និង​តំណាង​រោងចក្រ​ បាន​ជួប​ចរចា​គ្នា​រក​ដំណោះស្រាយ​ទៀត​នៅ​ថ្ងៃនេះ ក្រោយ​ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា និង​ព្យាយាម​នាំគ្នា​ដើរ​ហែក្បួន​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ចំនួន​ពីរ​លើក​រួចមក​ហើយ​នៅក្នុង​រយៈពេល ២សប្ដាហ៍​ចុងក្រោយ​មកនេះ ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឱ្យជួយ​ដោះស្រាយ​វិវាទ​ការងារ ខណៈ​វិវាទ​នេះ​អូ​សបន្លាយអស់​រយៈពេល​កន្លះ​ខែ។

អ្នកស្រី ប៊ូ សុខុម បម្រើការ​ងារ​នៅ​រោងចក្រ​ ហាណា ​វ័ន​ រយៈពេល ៤ឆ្នាំ ដែល​ចូល​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ប្រាប់​វី​អូ​ឌី​ថា ការចរចា​រក​ដំណោះស្រាយ​រវាង​តំណាង​កម្មករ និង​តំណាង​រោងចក្រ ក្រោម​ការសម្រប​សម្រួល​ពី​មន្ត្រី​ក្រសួងការងារ​នៅ​ព្រឹក​នេះ គឺ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ​ទេ។

កម្មការិនី​រូប​នេះ បញ្ជាក់​ថា ភាគី​រោងចក្រ​នៅតែ​រក្សា​ជំហរ​ផ្តល់​សំណង​ជូន​កម្មករ​ត្រឹមតែ ៣ចំណុច​ដដែល ខណៈ​តំណាង​កម្មករ​នៅតែ​ទាមទារ​សំណង​ចំនួន ៥ចំណុច។

អ្នកស្រី ប៊ូ សុខុម បន្ថែម​ថា ថៅកែ​រក្សា​ជំហរ​ផ្តល់ ៣ចំណុច​ ដោយ​លើក​ហេតុផល​ថា រោងចក្រជួប​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ការ​រីក​រាល​ដាលជំងឺ​កូ​វីដ​១៩។ ចំណែក​ក្រុម​កម្មករ​ទាមទារ​អត្ថ​ប្រយោជន៍ ៥ចំណុច ដោយ​យោង​ទៅលើ​កិច្ច​ព្រមព្រៀង​របស់​ថៅកែ​កាលពី​ថ្ងៃទី២៣ ខែមិថុនា ដែល​សន្យា​ផ្តល់​សំណង​ជូន​កម្មករ ៥ចំណុច​តាមច្បាប់​ស្តី​ពី​ការងារ។

កម្មករ​អះអាង​ថា ថៅកែ​រោងចក្រ ហាណា វ័ន បាន​ប្រកាស​បិទទ្វារ​រោង​ចក្រ​ភ្លាម​ៗកាលពី​ថ្ងៃទី២២ ខែមិថុនា ដោយ​មិនបាន​ជូនដំណឹង​មុន ដែល​បណ្តាល​ឱ្យ​ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ការ​ដោះស្រាយ​សំណង​តាមផ្លូវ​ច្បាប់។

ក្រោយ​ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា គឺ​នៅ​ថ្ងៃទី២៣ ខែមិថុនា មន្ត្រី​ការងារ​ក៏បាន​ចុះ​ដោះស្រាយផងដែរ។ ក្នុង​កំណត់ហេតុ​របស់ក្រ​សួង​ចុះ​ដោះស្រាយ​ថ្ងៃទី២៣ ខែមិថុនា​ ថៅកែ​រោងចក្រ​ហាណា​វ័ន​បាន​សន្យា​ផ្តល់​សំណង ៥ចំណុច​ទៅតាមច្បាប់ ប៉ុន្តែ កម្មករ​អះអាង​ថា នៅ​ថ្ងៃទី២៦ ដែល​ជា​ថ្ងៃ​ពួក​គេ​បើកលុយ គឺ​ទូទាត់ឱ្យបាន​ត្រឹមតែ ៣ចំណុច​ប៉ុណ្ណោះ មាន​ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់​អតីតភាព និង​ប្រាក់ដំណាច់​ឆ្នាំ​ដែល​នៅសល់។

ក្រុម​កម្មករ​រោងចក្រ ហាណា ​វ័ន បាន​នាំគ្នា​ដើរ​ហែក្បួន​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ចំនួន​ពីរ​លើក​ហើយ ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ក្រោយ​ពួក​គេ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ក្រសួងការងារ ប៉ុន្តែ​ រាល់​លើក ​គឺ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ។

បើ​តាម​អ្នកស្រី ប៊ូ សុខុម នៅ​រសៀល​ម៉ោង២នេះ ​ភាគី​ពាក់ព័ន្ធ​ជួប​ចរ​ចា​​រក​ដំណោះស្រាយ​ទៀត។ អ្នកស្រី​ថា ប្រសិនបើ​នៅតែ​គ្មាន​ដំណោះស្រាយ​ទេ ក្រុម​កម្មករ​នឹង​ដើរ​ដោយ​ថ្មើរជើង​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្តង​ទៀត។

បើ​តាម​អ្នកគ្រប់គ្រង​ទូទៅ​នៅ​រោងចក្រ ហាណា អ្នកស្រី ទី សុធី​តា រោងចក្រ ហាណា​វ័ន ជា​រោងចក្រ​ផលិត​ម៉ាស់ និង​សម្លៀកបំពាក់ ដែល​ថៅកែ​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង ហើយ​រោង​ចក្រ​នេះ​មានកម្ម​ករ​សរុប ៦៦៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ