ADB ផ្តល់​​កម្ចី​២៥០​លាន​​ដុល្លារ​​ដល់​​កម្ពុជា​​ដើម្បី​​ស្រោច​ស្រង់​​សេដ្ឋកិច្ច​ សង្គម​ និង​​កូ​វីដ​១៩​​

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB​) អនុម័ត​កម្ចី​ថវិកា ២៥០លាន​ដុល្លារ​ជូន​ប្រទេស​កម្ពុជា​ ដើម្បី​ឆ្លើយតប និង​ទប់ស្កាត់​កូ​វីដ១៩ ក៏ដូចជា​ដោះស្រាយ​បញ្ហា​សង្គម និង​ដំណើរ​សេដ្ឋកិច្ច​មិន​ប្រក្រតី។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មាន​ស្នាក់​ការ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ចេញ​សេចក្តី​ប្រកាសព័​ត៌មាននៅ​ថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ២០២០ ថា​ប្រាក់កម្ចី​ចំនួន ២៥០លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​រួចរាល់​សម្រាប់​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម ជំរុញ​សេដ្ឋកិច្ច ទប់ស្កាត់​វិបត្តិ​កូ​វីដ១៩ និង​និរន្ត​រភាព​ហិរញ្ញវត្ថុ​សាធារណៈ។ 

សេចក្តី​ប្រកា​សព័​ត៌មាន​ដដែល​បាន​និយាយ​ថា ការ​អនុម័ត​ថវិកា​កម្ចី​ក្នុងរង្វង់​ទឹកប្រាក់​ខាងលើ​ដើម្បី​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព​ក្នុង​ប្រទេស បង្កើន​ជំនួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​គាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម សហគ្រាស​ខ្នាត​តូច និង​មធ្យម។ 

លោក Masatsugu Asakawa ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB មានប្រសាសន៍​ថា កម្ពុជា​មានកំណត់​ត្រា​នៃ​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ ប៉ុន្តែ​ កូ​វីដ១៩ គំរាម​ធ្វើឱ្យ​ថយ​ចុះនូវ​ការ​រីកចម្រើនក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា ​ស្ត្រី​ និង​កម្មករ​ចំណាកស្រុក។ 

លោក Masatsugu Asakawa បាន​បន្ត​ថា កម្ចី​នេះ​ជា​ផែនការ​ចូលរួម​រយៈពេល​វែង​របស់ ADB ដែល​ផ្តោត​ទៅលើការ​គាំទ្រ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​និរន្តរភាព​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ