អាជ្ញាធរ​ខេត្ត​សៀម​រាប​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្ម​​សាច់​​​សត្វ​សុនខ​​ក្នុង​​ខេត្ត​​ទេស​ចរណ៍​​នេះ​

បុគ្គលិកអង្គការ កាន់ឱបសត្វសុនខពីរក្បាល បំណងផ្សព្វផ្សាយយុទ្ធនាការ «បញ្ចប់ការធ្វើអាជីវកម្មសាច់ឆ្មា និងឆ្កែនៅអាស៊ីអាគ្នេយ៍» កាលពីឆ្នាំ២០១៩។ (FOUR PAWS International)

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បាន​ប្រកាសហាមឃាត់ការធ្វើអាជីវកម្ម​ទិញ​លក់ និង​សម្លាប់​សត្វ​ឆ្កែ​ចាប់ពីថ្ងៃ​ម្សិល​មិញ​នេះតទៅ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗទៀតដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

ក្នុង​សេចក្ដីជូនដំណឹងចុះថ្ងៃទី៦ ខែកក្កដា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មទិញ​លក់ និង​សម្លាប់សត្វសុនខ ឬ​សត្វ​ឆ្កែ​ដើម្បីយក​សាច់​ធ្វើម្ហូបអាហារនៅខេត្តរៀមរាបមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

មន្ទីរ​កសិកម្ម​ខេត្ត​នេះ​រៀបរាប់ថា​៖ «តាំងពីបុរាណកាលរៀងមក សត្វសុនខ ឬ​សត្វឆ្កែ ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរយើង បានចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វឆ្កែ​មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចម្ការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង»

មន្ទីរកសិកម្ម​ដដែលថា ការធ្វើអាជីវកម្ម​សាច់​សត្វឆ្កែនៅខេត្តទេសចរណ៍មួយ​នេះ បានធ្វើឱ្យមានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឱ្យមានការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បាន​ប្រាប់ថា លោកជាប់រវល់ប្រជុំ ហើយ​អភិបាល​ក្រុង​សៀមរាប លោក សូរ ប្លាតុង ថា លោកជាប់រវល់រៀននៅក្រសួងមហាផ្ទៃ។

មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប បញ្ជាក់​ថា អាជីវកម្ម​សាច់​សត្វ​មួយ​ប្រភេទ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​ទម្លាប់ និង​ល្មើស​ទៅ​នឹង​មាត្រា១១២ -១១៣-១១៥ នៃ​ច្បាប់​ស្ដី​ពី​សុខភាព​សត្វ និង​ផលិត​កម្ម​សត្វ។

វីអូឌី​មិន​អាច​ស្វែង​រក​ការ​បក​ស្រាយ​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប លោក ទា គឹមសុទ្ធ បាន​ទេ​នៅ​ថ្ងៃនេះ ដោយ​ទូរស័ព្ទ​លោក​ពុំ​អាច​ទាក់​ទង​បាន​។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន​ មានប្រសាសន៍ថា ក្រសួងបានចេញ​សេចក្ដី​​ហាម​ឃាត់​បែប​នេះ ​ព្រោះបារម្ភខ្លាចឆ្លងជំងឺទៅអ្នកបរិភោគ ដែលធ្វើឱ្យប៉ះពាល់សុខភាព ដោយសារសត្វឆ្កែដែលយកទៅធ្វើម្ហូបអាហារកន្លងមក មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​មន្ត្រីជំនាញឱ្យបានត្រឹមត្រូវ​ទេ។

លោក វេង សាខុន ប្រាប់ថា៖ «ពលរដ្ឋយល់ថា ហូបសាច់សត្វឆ្កែសុខភាពល្អ លុះត្រាតែសត្វឆ្កែនោះ វាមានសុខភាពល្អដែរ។ ដល់​ឆ្កែហ្នឹង យើងមិនដឹងប្រវត្តិ ហើយចេះតែលួចកាប់អ៊ីចឹងទៅ វាអាចប៉ះពាល់សុខភាព។ រឿងហ្នឹង ច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ គឺបានចែងច្បាស់ពីវិធានការទប់ស្កាត់ និងចរាចរណ៍​សត្វហ្នឹង»

លោក វេង សាខុន បាន​ប្រាប់​បន្តថា ក្រសួងមិន​បាន​បិទ​អាជីវកម្ម​​លក់​សាច់​សត្វ​ឆ្កែ​ទេ ប៉ុន្តែ លោក​ថា តម្រូវ​ឱ្យម្ចាស់​អាជីវកម្ម​សាច់​សត្វ​ឆ្កែ ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​សុខភាព​សត្វ​ជាមុន ដូច​ទៅ​នឹង​អាជីវកម្ម​សត្វ​ជ្រូក​ផង​ដែរ។

រដ្ឋ​មន្ត្រី​កសិកម្ម​រូប​នេះ បាន​បញ្ជាក់​ថា ការ​ជួញ​ដូរ និង​សម្លាប់​សត្វ​ឆ្កែ ត្រូវបាន​ហាម​ឃាត់​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ ក្រសួង​បាន​ចេញ​សេចក្ដី​ណែនាំ​ជាថ្មី​​ទៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​មើល​ឃើញ​ថា សកម្មភាពលួចទាក់ និងធ្វើអាជីវកម្ម​លក់ និង​ពិឃាដសត្វឆ្កែមាន​សកម្មភាព​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ។

របាយការណ៍ស្រាវជ្រាវរបស់អង្គការ FOUR PAWS ចេញផ្សាយកាលពីខែតុលា​មុន បង្ហាញថា សត្វ​ឆ្កែ​ដល់​ទៅ ៣​លាន​ក្បាល ត្រូវ​បាន​គេ​សម្លាប់​ក្នុង​មួយ​ឆ្នាំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត អង្គការ​នេះ​រក​ឃើញ​ថា សត្វ​ឆ្កែ​ក៏​ត្រូវ​បាន​គេ​ជួញ​ដូរ​​ដោយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​កម្ពុជា​នោះ​ឡើយ បើធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ជិត​ខាង។

អង្គការ FOUR PAWS ដដែល រក​ឃើញថា ការស៊ើបអង្កេតរបស់អង្គការនេះដែលបានចុះទៅកាន់ហាងលក់សាច់ឆ្កែ​ចំនួន ១១០កន្លែង នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ ហាងភាគច្រើន ទើបតែចាប់ផ្តើមបើកអំឡុង​ពេលពីរឆ្នាំចុងក្រោយប៉ុណ្ណោះ ដោយសារ​តែមុខរបរជួញដូរ​នេះមានការកើនឡើងជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ