ក្រសួង​​ថា​​ខ្សែ​រថ​ភ្លើង​​ទៅ​​ព្រលា​ន​យន្ត​ហោះ​​គ្រាន់​តែ​​បិទ​​ជា​​បណ្តោះ​អាសន្ន​​ប៉ុណ្ណោះ​​

រថភ្លើងចតនៅស្ថានីយរថភ្លើងក្រុងភ្នំពេញ កាលពីឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យ​ក្រសួងសាធារណការ អះអាង​ថា ខ្សែរថ​ភ្លើង​ចេញ​ចូ​លព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺ​បិទ​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ ដោយ​គ្មាន​បំណង​បិទ​ជាអចិន្ត្រៃយ៍​នោះ​ទេ។ 

ការ​បញ្ជាក់​នេះ​គឺ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ លោក ស៊ុន ចាន់​ថុល បាន​ប្រកាស​កាលពី​ថ្ងៃទី៧ ខែកក្កដា ថា​ក្រសួង​កំពុង​ពិចារណា​ក្នុង​ការ​បិទផ្លូវ​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញទៅ​ព្រលា​នយន្តហោះ ដោយសារ​គ្មាន​អ្នក​ជិះ។ 

លោក​ថា៖ «យើងខ្ញុំ​កំពុង​ពិចារណា​គួរតែ​បិទផ្លូវ​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញមក​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែរ​ទេ​? ព្រោះថា​គ្មាន​អ្នក​ជិះ។ ដូច្នេះ​បិទ​បាន​គួរតែ​បិទ​ទៅ ដោយ​ថា​ អាច​បង្ក​គ្រោះ​ថា្នក់​តាម​ខ្សែ​រត់»។ 

អ្នកនាំពាក្យ​ក្រសួង​សា​ធារ​ណការ និង​ដឹក​ជញ្ចូន ផ្នែក​ថែទាំ​ផ្លូវដែក លោក ​លី បូរិ​ន មានប្រសាសន៍​ប្រាប់VOD នៅ​ថ្ងៃទី៨ ខែកក្កដា​ ​ថាក្រសួង​ពុំ​មានបំណង​ក្នុង​ការ​បិទ​ខ្សែរថ​ភ្លើង​ទៅ​ព្រលា​នយន្តហោះ​រហូត​នោះ​ទេ គឺ​គ្រាន់តែ​បិទ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ក្រុមហ៊ុន​រៀបចំ​ជួសជុល និង​គូស​គំនូស​ផ្លូវ​បញ្ចៀស​គ្រោះថ្នាក់។ 

លោក​បន្ត​ថា ខ្សែរថ​ភ្លើង​ស្ថានីយ​ភ្នំពេញទៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នឹង​ចាប់​បើក​ឡើងវិញនៅពេល​ជំងឺ​កូ​វីដ១៩ ត្រូវ​បាន​ទប់ស្កាត់ ហើយ​មានការ​ហោះហើរ​ឡើងវិញ។ 

លោក​ថ្លែង​ថា៖ «កន្លងមក​ យើង​ជោគជ័យ ដោយ​បងប្អូន​ប្រើប្រាស់​រថភ្លើង​ជា​រឿយ​ៗពេល​ទៅ​ព្រលា​នយន្តហោះ។ ក៏ប៉ុន្តែ ​ដោយសារ​ពេល​ចេញពី​ភ្នំពេញ​ទៅ​ព្រលា​នមាន​បញ្ហា​ផ្លូវ​ ខាង​ផ្លូវ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​ជិត​ពេក ហើយ​ផ្លូវ​ខ្វាត់ខ្វែង​ច្រើនពេក​ ទើប​បង្ក​គ្រោះថ្នាក់»។

ខ្សែរថ​ភ្លើង​ចេញ​ចូ​លព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ប្រវែង ១៧០០ម៉ែត្រ បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ដោយ​មកទល់​ពេល​បច្ចុប្បន្ន​មាន​រយៈពេល​ជាង ២ឆ្នាំ​មក​ហើយ ក្រោម​ការ​សហការ​គ្នា​រវាង​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ជាមួយនឹង​ក្រុម​ហ៊ុន​រ៉ូ​យាល់​រេ​វ៉េ (Royal Group​)។ តម្លៃ​សំបុត្រ​នៃ​ការ​ធ្វើដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញទៅ​កាន់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ មានតម្លៃ ១ម៉ឺន​រៀល​សម្រាប់​មួយ​ជើង ​ដោយ​ប្រើ​រយៈពេល ៣០នាទី​ក្នុង​ការ​ធ្វើដំណើរ។

តាម​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ ខ្សែរថ​ភ្លើង​ពីស្ថានីយ​ភ្នំពេញទៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បាន​បិទ​ជា​បណ្ដោះអាសន្ន​កាលពី​ខែកុម្ភៈ​កន្លងទៅ​ ដោយសារ​ការ​បារម្ភ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ មិន​មាន​អ្នក​ជិះ និង​បង្ក​គ្រោះថ្នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ