GMAC ស្នើ ILO និង​​អ្នក​​ពាក់​ព័ន្ធ​​ឱ្យ​​គាំ​ទ្រ​​ការ​​ទាម​ទារ​​ទៅ​​អឺរ៉ុប​​ឱ្យ​​ពន្យារ​ពេល​​ដក​ EBA​ ពី​​កម្ពុជា​​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) ស្នើ​ទៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO​) និង​អង្គការ​ពាក់ព័ន្ធ ឱ្យ​ជួយ​គាំទ្រ​ដល់​ការ​អំពាវនាវ​របស់​ខ្លួនដែល​ទាមទារ​ទៅ​គណៈកម្មការ​អឺរ៉ុប​ឱ្យ​ពន្យា​រពេល​ដកហូត​ពី​កម្ពុជា​នូវ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ»EBA

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី៨ ខែ​កក្កដា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) បាន​លើកឡើង​ថា កាលពី​ថ្ងៃទី២ ខែកក្កដា អង្គការ ILO បាន​ហៅ GMAC ទៅ​ចូលរួម​ពិគ្រោះ​យោបល់​អំពី​អាទិភាព​របស់ GMAC ក្នុង​កម្មវិធី​មួយ​ដែល ILO ដាក់​ចំណងជើង​ថា «កម្មវិធី Call to Action ក្នុង​ឧស្សាហកម្ម» ដើម្បី​ឆ្លើយតប​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩ លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដែល​កម្មវិធី​នេះគាំទ្រ​ដោយ ILO អ្នកបញ្ជា​ទិញ​អន្តរជាតិ និង​អង្គការ​ពាក់ព័ន្ធ​ផ្សេងទៀត។

សេចក្តី​ថ្លែងការណ៍​ដដែល ឱ្យដឹង​ថា ក្នុង​កម្មវិធី Call to Action គឺ​ពិភាក្សា​អំពី​របៀប​គាំទ្រ​រោងចក្រ​ឱ្យរស់រាន​អំឡុង​វិបត្តិសេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ១៩ និង​របៀបការ​ពារ​តម្រូវការ​គាំទ្រ​ប្រាក់ចំណូល​របស់​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា។

GMAC ឱ្យដឹង​ថា ការពិគ្រោះ​យោបល់​នៅក្នុង​កម្មវិធី Call to Action របស់ ILO នោះ គឺ GMAC បាន​បង្ហាញ​ក្តី​បារម្ភ និង​លើកឡើង​បន្ទាន់​អំពី​ផល​ប៉ះពាល់​ទីពីរ​នា​ពេល​ខាងមុខ​របស់​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ផលិតផល​ធ្វើដំណើរ និង​ស្បែកជើង​នៅ​ប្រទេស​កម្ពុជា ដែល​ប្រឈម​នឹង​អឺរ៉ុប​ដក EBA នៅ​ថ្ងៃទី១២ ខែសីហា។

GMAC បញ្ជាក់​ថា ប្រសិនបើ​អឺរ៉ុប​អនុវត្ត​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ថ្ងៃទី១២ ខែសីហា​ខាងមុខ នឹង​នាំឱ្យ​រោងចក្រ​ជាច្រើន​ទៀត​បិទទ្វារ ហើយ​កម្មករ​ក្នុង​ចំនួនដ៏​ច្រើន​នឹង​បាត់បង់​ការងារ ខណៈ​បច្ចុប្បន្ន GMAC ថា ​មាន​រោងចក្រ​ប្រមាណ ៤០០រោងចក្រ​បាន​ព្យួរការងារ និង​កម្មករ​ជាង ១៥ម៉ឺន​នាក់ បាន​បាត់បង់​ការងារ​រួច​ទៅ​ហើយ​នោះ។

GMAC អះអាង​ថា ក្រោយ​ពិ​គ្រោះ​យោ​បល់​ជាមួយ​អង្គការ ILO និង​អង្គការ​ពាក់ព័ន្ធ​ក្នុង​កម្មវិធី Call to Action រួចមក​ រហូតមកដល់​ពេលនេះ វិស័យ​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជាមិន​ទទួល​បាន​អត្ថ​ប្រយោជន៍​រឹងមាំ​ពាក់ព័ន្ធ​នឹង​តម្រូវការ​កម្មវិធី​គាំទ្រ​ផ្នែក​ឥណទាន ឬការ​គាំទ្រ​ចំណូល ឬសំណាញ់​សុ​វត្ថិភាព​សង្គម​សម្រាប់​កម្មករ​នៅក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​នៅឡើយ​ទេ។

GMAC បាន​ស្នើ​ទៅ​អង្គការ ILO និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​គាំទ្រ​កម្មវិធី Call to Action ជំរុញ និង​គាំទ្រ​បន្ទាន់​ដល់​ការ​អំពាវនាវ​របស់ GMAC ដែល​ស្នើ​ទៅ​គណៈកម្មការ​អឺរ៉ុប និង​សភា​អឺរ៉ុប​ឱ្យពន្យា​រពេល​ដក​ផ្នែក​ខ្លះនៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ឬ EBA ពី​កម្ពុជា។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​ស្នើ​ចំនួន ៣ដង​រួចមក​ហើយ​ទៅ​គណៈកម្មការ​​អឺរ៉ុប ​ដើម្បី​សុំ​សហគមន៍​មួយ​នេះ ពន្យា​រពេល​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ