លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំទៅស្ថាប័នពាក់ព័ន្ធកែសម្រួលលក្ខខណ្ឌមួយចំនួនដែលត្រូវបានកំណត់សម្រាប់ជនបរទេសធ្វើដំណើរចូលមកប្រទេសកម្ពុជា ដោយថា ដើម្បីជំរុញសកម្មភាពស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញនាអំឡុងពេលមានជំងឺឆ្លងកូវីដ១៩។
លោក ហ៊ុន សែន បានណែនាំបែបនេះនៅក្នុងសំឡេងបែកធ្លាយមួយកាលពីថ្ងៃអាទិត្យកន្លងមកនេះ ដែលត្រូវបានគេជឿថា ជាសំឡេងរបស់លោកនាយករដ្ឋមន្ត្រីបញ្ជូនទៅកាន់ក្រសួងនានា ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩។
ក្នុងសារដែលបែកធ្លាយនេះ លោក ហ៊ុន សែន បានណែនាំឱ្យកែសម្រួលលក្ខខណ្ឌដែលតម្រូវឱ្យអ្នកដំណើរជាជនបរទេសចូលមកកម្ពុជា ត្រូវមានធានារ៉ាប់រងតម្លៃ ៥ម៉ឺនដុល្លារ និងតម្កល់ប្រាក់ ៣ពាន់ដុល្លារសម្រាប់សេវាត្រួតពិនិត្យ និងព្យាបាលជំងឺកូរ៉ូណា។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ដកចេញនូវការតម្កល់ប្រាក់ ៥ម៉ឺនដុល្លារ និង ៣ពាន់ដុល្លារចំពោះអ្នកជាវិនិយោគិន អ្នកបច្ចេកទេសដែលធ្វើការនៅស្រុកខ្មែរជាជនបរទេស គួរតែដកចេញទៅ ដើម្បីបន្ធូរបន្ថយ និងទាក់ទាញវិនិយោគ រក្សាអ្នកវិនិយោគចាស់ បន្ថែមអ្នកវិនិយោគថ្មី ដែលមិនបង្កើតពីឧបសគ្គនៃប្រាក់ធានានេះទេ»។
សំឡេងបែកធ្លាយនោះ លោក ហ៊ុន សែន បានណែនាំបែបនេះទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ និងក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រសាសន៍យ៉ាងខ្លីថា ក្រុមការងារជំនាញនឹងប្រជុំនៅថ្ងៃស្អែកនេះទៅតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក មាស សុខសេនសាន ប្រាប់ថា៖ «ចាំមើលលទ្ធផលស្អែកទាំងអស់គ្នា យើងនឹងជជែកគ្នា។ ពេលក្រោយប្រជុំ ដឹងលទ្ធផលទាំងអស់គ្នា។ យើងនឹងជជែកគ្នាក្រោយពីប្រជុំ»។
វីអូឌីបានស្វែងរកការបកស្រាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ ផងដែរ ប៉ុន្តែ អ្នកនាំពាក្យទាំងពីររូបនេះមិនបានលើកទូរសព្ទ ឬឆ្លើយតបសំណួរនៅក្នុងបណ្ដាញតេឡេក្រាមនោះឡើយ។
កម្ពុជាបានប្រកាសពីការរកឃើញមនុស្សដល់ទៅ ១៤១នាក់បានឆ្លងវីរុសកូរ៉ូណាចាប់តាំងពីចុងខែមករាមក ក្នុងនោះអ្នកឆ្លងចំនួន ១៣១នាក់ហើយ ត្រូវបានក្រសួងសុខាភិបាលប្រកាសបានជាសះស្បើយ ខណៈអ្នកឆ្លងវីរុស ១០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕