ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម បានឯកភាពគ្នាក្នុងការជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលាយដល់ប្រជាជនពិសេសក្រុមយុវជនឱ្យបានដឹងពីអត្ថន័យប្រវត្តិសាស្ត្រនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ក្នុងកិច្ចសន្ទនាតាមទូរសព្ទរវាងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម កាលពីថ្ងៃទី៩ខែមិថុនា ភាគីទាំង២បានសរសើរគ្នាទៅវិញទៅមកពីការរីកចម្រើននៃប្រទេសទាំង២។
នៅក្នុងកិច្ចសន្ទនានោះភាគីទាំង២ ក៏បានឯកភាពគ្នាក្នុងការជំរុញការផ្សព្វផ្សាយដល់យុវជនឱ្យយល់ដឹងអត្ថន័យជាប្រវត្តិសាស្ត្រនៃការទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរ។ នេះ បើតាមខ្លឹមសារសង្ខេបពីលទ្ធផលនៃការសន្ទនារបស់មេដឹកនាំទាំង២ផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា។
ខ្លឹមសារសង្ខេប៖«ជំរុញឱ្យខ្លាំងថែមទៀតនូវការផ្សព្វផ្សាយឱ្យបានទូលាយដល់ប្រជាជន ជាពិសេសស្រទាប់យុវវ័យឱ្យបានយល់ដឹងអំពីទំនាក់ទំនងកម្ពុជា-វៀតណាម និងបន្តសហការគ្នារៀបចំបណ្តាកម្មវិធីប្រកបដោយអត្ថន័យប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងអនុវត្តឱ្យបានល្អនូវពិធីសារកិច្ចសហប្រតិបត្តិការស្តីពីការពារជាតិនិងសន្តិសុខ»។
នៅក្នុងកិច្ចសន្ទនានោះ ភាគីទាំង២ក៏បានសម្រេចឯកភាពក្នុងការចរចា ដោះស្រាយក្នុងការកំណត់ខ្សែបន្ទាប់ព្រំដែនដែលមិនទាន់ឯកភាពគ្នា និងទទួលស្គាល់បង្គោលព្រំដែនដែលបោះបានចំនួន៨៤%៕