ប្រមុខរដ្ឋាភិបាល អះអាងថា គិតត្រឹមសប្តាហ៍ទីមួយដើមខែកក្កដានេះ សប្បុរសជន ជិត៨ម៉ឺននាក់បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួនជាង១០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងគាំពារសង្គមដល់ជនក្រីក្រ។
ក្នុងសារលិខិត ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១ លើកឡើងថា លោកមានមោទកភាពប្រជាជនកម្ពុជាសាមគ្គីគ្នាចូលរួមបរិច្ចាគថវិកាក្នុងគ្រាលំបាក។
សារនាយករដ្ឋមន្ត្រី៖«កិច្ចខិតខំប្រឹងប្រែង និងវប្បធម៌ចែករំលែកគ្នាក្នុងគ្រាមានលំបាក តាមរយៈការចូលរួមមូលនិធិ ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងកូវីដ ១៩ រដ្ឋាភិបាលបានទទួលថវិកាពីសប្បុរសជនកើនឡើងជិត៤២ពាន់លានរៀល ស្មើនឹងប្រមាណជិត១០លានដុល្លារ»។
លោកបញ្ជាក់ថា សប្បុរសជន ជិត៨ម៉ឺននាក់ ក្នុងនោះរួមមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋធម្មតា។
សារលិខិតខាងលើ ប្រាប់បន្តថា ក្រៅពីទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវ វិធានការណ៍គាំពារសង្គម (ជំនួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ ១៩) ស្តី្រ និងក្មេងស្រីដែលងាយរងគ្រោះ ស្រី្តមានផ្ទៃពោះ និងកម្មកររងផលប៉ះពាល់ពីការព្យួរការងារ។
សារនាយករដ្ឋមន្ត្រី៖« ដើម្បីជួយកម្មករនិយោជិត ព្យូរការងារក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនផ្អាកដំណើរ រដ្ឋាភិបាលបានបង្កើតជំនួយសង្គមពិសេសគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដោយគ្រាន់តែបង្ហាញប័ណ្ណសមធម៌ក្រ១ និងក្រ២»។
ក្នុងឱកាសនៃទិវាប្រជាជនពិភពលោកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ កម្ពុជាបានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ដើម្បីការពារសុខមាលភាពប្រជាជន។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០រាជរដ្ឋាភិបាលបានប្រកាសសាច់ប្រាក់ជូនពលរដ្ឋក្រីក្រចំនួនប្រមាណ៦០ម៉ឺនគ្រួសារ ក្នុងរង្វង់ទឹកប្រាក់ចំនួន ២៥លានដុល្លារ៕